ក្រុងម៉ានីល៖ អាជ្ញាធរបានប្រកាសអាសន្ន មនុស្សរាប់រយពាន់នាក់ត្រូវបានជម្លៀសចេញពីភាគកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទនេះ ខណៈព្យុះទីហ្វុងបក់ជាមួយខ្យល់ដែលមានល្បឿនរហូតដល់ ១៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលមានភ្លៀងធ្លាក់ខ្លាំង អាចបង្កជាទឹកជំនន់ និងការបាក់ដី។ នេះបើតាមការផ្សាយរបស់ Channel NewsAsia នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះ។
យន្ដហោះក្នុងស្រុកប្រហែល 40 គ្រឿង នៅនឹងមួយកន្លែង ខណៈពេលដែល សាឡាង ៧៣ គ្រឿង និងទូកនេសាទរាប់រយគ្រឿងត្រូវបានគេបញ្ជាឱ្យទៅកំពង់ផែនាភូមិ Batag ហើយព្យុះទីហ្វុង Melor បានបក់នៅលើចុងភាគខាងជើងនៃកោះ Samar។
ព្យុះនេះត្រូវបានគេស្គាល់ថាជាព្យុះទីហ្វុង Nona វាត្រូវបានគេរំពឹងថានឹងឆ្លងកាត់ កោះក្បែរនោះចំនួន ៥ មុនពេលវាធ្វើឱ្យបាក់ដី នៅថ្ងៃចន្ទនេះ ហើយក៏ជិតនឹងកោះ Sorsogon ប្រហែល ៣៨៥ គីឡូម៉ែត្រ (២៤០ មៃល៍) ស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល គឺនៅលើកោះលូហ្សុនដែលមានប្រជាជនយ៉ាងច្រើន។
ព្យុះ Melor ត្រូវបានគេដឹងថានឹង មានគន្លងផ្លូវមួយស្រដៀងគ្នាទៅនឹងព្រុះហៃយ៉ានដែលជាព្យុះទីហ្វុងប្រភេទទី៥ ដែលបានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៣ ដែលមនុស្សស្ទើរតែ ៨០០០ នាក់ត្រូវបានសម្លាប់ឬបាត់ខ្លួនដោយសារព្យុះហៃយ៉ាននេះ។
អាជ្ញាធរខាងគ្រោះមហន្តរាយ បានបិទទ្វារសាលារៀន និងការិយាល័យមួយចំនួនជាបណ្តោះអាសន្ន និងត្រូវជម្លៀសប្រជាជនចេញប្រមាណជា ៧៥០ ០០០ នាក់ នៅក្នុងខេត្តចំនួនបី។ មនុស្សប្រហែល ៨០០០ នាក់ត្រូវបានជាប់គាំងក្រោយ បន្ទាប់ពីឆ្មាំសមុទ្របានបញ្ឈប់សាឡាងនិងទូកនេសាទឱ្យចាកចេញពីកំពង់ផែនៅភាគកណ្តាលប្រទេសហ្វីលីពីន។
អ្នកឧតុនិយម AccuWeather លោក Adam Douty បាននិយាយថា៖ “Melor គឺជាព្យុះធុនតូចណាស់ ដូច្នេះយើងអាចទប់ស្កាត់ផលប៉ះពាល់ការបំផ្លិចបំផ្លាញតិចបំផុត ពីការពង្រីកខ្លួននៅឆ្ងាយពីមជ្ឈមណ្ឌលរបស់ខ្លួន»។
លោក Alexander Pama នាយកប្រតិបត្តិនៃក្រុមប្រឹក្សាជាតិកាត់បន្ថយនិងគ្រប់គ្រងហានិភ័យពីគ្រោះមហន្តរាយ បាននិយាយថាព្យុះទីហ្វុង Melor ត្រូវគេរំពឹងថានឹងបង្កឱ្យមានគ្រោះទឹកជំនន់ ការបាក់ដី និងខ្យល់ព្យុះឡើងដល់ទៅ ៤ ម៉ែត្រ (ឬ ១៣ហ្វីត) និងការរំខានដល់ថាមពលនិងការទំនាក់ទំនង។
ខេត្តចំនួន ២០ ដែលនៅជុំវិញទីក្រុងម៉ានីល គឺស្ថិតនៅក្រោមការជូនដំណឹងជាសាធារណៈដោយសារតែព្យុះខ្យល់ខ្លាំងនិងភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតដល់ទៅ ៣០០ មីលីម៉ែត្រ (ឬ ១២អ៊ីង) ក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រ (១៨៥ ម៉ៃល៍) ហើយព្យុះទីហ្វុងធំៗប្រហែល ២០ បានបក់ឆ្លងកាត់ប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ៕
ប្រែសម្រួលដោយ៖ មឿន ឌីណា / ប្រភព៖ ChannelNewsAsia