en     km
en     km

អតីតបុគ្គលិក VOD ដាក់ពាក្យស្នើសុំចូលក្របខណ្ឌរដ្ឋជាងពាក់កណ្តាលខណៈឱសានវាទបានបិទបញ្ចប់

Share

ភ្នំពេញ៖អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ចំនួន ២៨ នាក់ ពោលគឺស្មើប្រមាណពាក់កណ្តាលនៃបុគ្គលិកក្នុងស្ថាប័នមួយនេះ បានដាក់ពាក្យស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ ខណៈឱសានវាទនៃការអនុញ្ញាតឱ្យបុគ្គលិក VOD អាចចូលបំរើការងារក្នុងក្របខណ្ឌរដ្ឋ បានបិទបញ្ចប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ មិ្សលមិញ។

នេះបើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។

សម្រាប់ចំនួនបុគ្គលិកVODដែលបានដាក់ពាក្យសុំការងារក្របខណ្ឌរដ្ឋនេះលោក​ អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ(CCIM)​ ដែល​គ្រប់​គ្រង​ព័ត៌មាន​ វីអូឌី(VOD)ប្រាប់វិទ្យុស្រ្តីថា លោកពុំទាន់ក្តាប់បានតួលេខនេះច្បាស់លាស់នោះទេ។

លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលគ្រប់គ្រងព័ត៌មាន វីអូឌី(VOD)។

 

តែយ៉ាងណាលោកថា បុគ្គលិកដែលបានដាក់ទៅភាគច្រើន គឺមិនមានសកម្មភាពការងារទៀតនោះទេ បន្ទាប់VODត្រូវបានបិទ។ តែលោកថា បុគ្គលិកដែលនៅសេសសល់កំពុងបន្តសកម្មភាពការងារតាមគម្រោងនានា ដែលលោកថាអាចនឹងរើសបុគ្គលិកបន្ថែមតម្រូវការជាក់ស្តែង។

ទោះយ៉ាងណា អ្នក​គ្រប់​គ្រងការផ្សាយ​ព័ត៌មាននៅ​ វីអូឌីរូបនេះ នៅតែមានសុទិដ្ឋិនិយមថា សារព័ត៌មានដែលផ្តល់សំឡេងដល់ជនរងគ្រោះ ជនទន់ខ្សោយ ជនដែលគ្មានឱកាសបញ្ចេញសំឡេង តួយ៉ាងដូចVOD ជាដើមនោះ នឹងអាចមានវត្តមាននៅពេលអនាគតខាងមុខ ត្បិតវត្តមានរបស់សារព័ត៌មានឯករាជ្យគឺឆ្លុះបញ្ចាំងពីលំហលទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

សំឡេងលោក​ អ៊ិត សូធឿត៖

 

បុគ្គលិក VOD ដែលបានដាក់ពាក្យសុំបម្រើការងារក្របខណ្ឌរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបទបញ្ជាក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយសម្រេចផ្តល់ការងារក្របខណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ VOD ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព។

ការអនុគ្រោះផ្តល់ជូនការងារក្នុងក្របខណ្ឌរដ្ឋនេះ កើតមានឡើងបន្ទាប់ពីវិទ្យុ VOD ត្រូវបានសម្តេច ហ៊ុន សែន ចេញបញ្ជាឱ្យក្រសួងព័ត៌មាន​ចេញ​សេចក្តី​សម្រេច​​លុប​ចោលអាជ្ញា​បណ្ណ​របស់ ​វីអូឌី​ បន្ទាប់ពីស្ថាប័នមួយនេះត្រូវបាននាយករដ្ឋមន្រ្តីចោទថា បានផ្សាយព័ត៌មានខុស ហើយមិនព្រមកែតម្រូវ ឬសូមទោសជាសាធារណៈចំពោះកំហុសលើការផ្សាយនេះ។

សូមរំលឹកថា ស្ថាប័នVOD ត្រូវបានក្រសួង​ព័ត៌មាន ​​ចេញ​សេចក្តី​សម្រេច​មួយ​​លុប​ចោលអាជ្ញា​បណ្ណ​កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣។ ការបិទស្ថាប័នព័ត៌មាននេះ កើតឡើងបន្ទាប់ពី​​នាយក​រដ្ឋមន្រ្តី​​​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្សាយ​អត្ថបទ​មួយដែលថា ​កូន​ប្រុស​របស់​សម្តេច ​​ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគីដែលមានថវិកាចំនួន ​១០ ​ម៉ឺន​ដុល្លារអាមេរិក៕

 

​​

 

 

Share

ព័ត៌មានទាក់ទង

Image