en     km
en     km

រាជរដ្ឋាភិបាលបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងការចិញ្ចឹមសត្វព្រៃ

Share

រាជរដ្ឋាភិបាលបានបញ្ជាឱ្យក្រសួងកសិកម្មនិងក្រសួងពាក់ព័ន្ធរៀបចំធ្វើវិសោធកម្មច្បាប់ទាក់ទងនឹងការចិញ្ចឹមសត្ចព្រៃភ្លាមៗ ក្រោយមានការឹបអូសយកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋយកទៅទុកក្នុងសួនសត្វ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វ ជាពិសេសសត្វជិតផុតពូជ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រាជរដ្ឋាភិបាលបានបញ្ជាឱ្យអ្នកច្បាប់ពិនិត្យឡើងវិញនូវច្បាប់​ទាក់ទងនឹងការចិញ្ចឹមសត្វព្រៃនិងលើកទឹកចិត្ត​​ឱ្យ​​ប្រជាពលរដ្ឋចិញ្ចឹមសត្វនៅតាមផ្ទះ ជាពិសេសសត្វជិតផុតពូជ។

ការចេញបញ្ជាភ្លាមៗដោយស្នើទៅកាន់រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដែលកំពុងមានវត្តមានលើទឹកដីប្រទេសបារាំង រាជរដ្ឋាភិបាលក៏បានឱ្យមន្ដ្រីក្រោមឱវាទក្រសួងកសិកម្មយកក្ងោកដែលបានរឹមអូសពីប្រជាពលរដ្ឋទៅឱ្យម្ចាស់ដើមវិញ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ។

សូមជម្រាបថា ការដែលរាជរដ្ឋាភិបាលបញ្ជាជាបន្ទាន់ កែប្រែឬលុបកថាខណ្ឌណាដែលទាក់ទងដល់ការចាប់យកសត្វដែលប្រជាពលរដ្ឋចិញ្ចឹមបែបនេះ គឺក្រោយពេលមន្ដ្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានចុះ បង្ក្រាបបទល្មើសសត្វព្រៃ ទាក់ទងនឹង ការ​យកធ្វើ​ជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វ​ព្រៃ ដោយ​គ្មាន​ការ​អនុញ្ញាត របស់ប្រជាពលរដ្ឋម្នាក់នៅខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ យឹម សំអឿន ដែលជាម្ចាស់សត្វក្ងោកចំនួន២១ក្បាល នឹងត្រូវចូលខ្លួនទៅបំភ្លឺរឿងចិញ្ចឹមសត្វក្ងោកនេះ នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខផងដែរ ដោយមានដីការកោះហៅមួយចេញនៅថ្ងៃទី២៣ ខែកុម្ភៈ របស់ប្រធានរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង។ បើតាមរដ្ឋបាលព្រៃឈើ បញ្ជាក់ថាការចុះបង្ក្រាប និងការកោះហៅលោក យឹម សំអឿន ទៅស្រាយបំភ្លឺ ដោយសារលោកបាន ធ្វើការជួញដូរក្ងោក តាមប្រព័ន្ធហ្វេសប៊ុក ដោយមានទាំងលេខទូរសព្ទសម្រាប់ទំនាក់ទំនង។

តែម្ចាស់ក្ងោកទាំង២១ក្បាលនោះ បានបង្ហោះសារលើហ្វេសប៊ុកថា លោកបានចិញ្ចឹមសត្វក្ងោកនេះ៩ឆ្នាំមកហើយ ដោយយកពូជមួយគូពីប្រទេសថៃ។ លោកបានទទួលស្គាល់ថាលោកពិតជាចង់លក់ក្ងោកតាមហ្វេសប៊ុកមែន  ដោយលោកបញ្ជាក់ថាមិនដឹងពីច្បាប់។  លោកបានឱ្យអ្នកស្រលាញ់ និងចិញ្ចឹមសត្វ បើស្រលាញ់ត្រូវតែទៅសុំច្បាប់ថែរក្សា ដើម្បីពង្រឹងច្បាប់នៃការអភិរក្សរបស់មេព្រៃ កុំខុសដូចលោក។

តែយ៉ាងណាសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីបានបង្ហាញការមិនយល់ស្របតាមចំពោះ ទង្វើចុះបង្ក្រាបការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋដូចច្នេះ និងងាកទៅលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងចាប់យកទៅទុកនៅកន្លែងដែលខ្វះការយកចិត្តទុកដាក់ និងថែទាំ អាចធ្វើឱ្យសត្វស្លាប់។ ​

សម្ដេចហ៊ុន សែន បញ្ជាក់ថា គ្មានហេតុផលណាមួយដែលត្រូវចាប់យកសត្វក្ងោករបស់ប្រជាពលរដ្ឋចិញ្ចឹមយកទៅទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថាជាអំពើខុសច្បាប់នោះទេ។ យ៉ាងណាសត្វក្ងោក ជាប្រភេទសត្វស្លាបស្ថិតក្នុងប្រភេទសត្វព្រៃមានដោយកម្រ និងស្ថិតក្នុងចំណាត់ថ្នាក់ និងបញ្ជីសត្វជិតផុតពូជនៃឧបសម្ព័ន្ធសាយតេស។

ក្រោយពេលសម្ដេចហ៊ុន សែន ចេញសារសំឡេងបន្ទាន់ ម្ចាស់ក្ងោករូបនោះក៏បង្ហាញការអរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលលើទំព័រហ្វេសប៊ុកផងដែរ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០២១កន្លងទៅ មានករណីចិញ្ចឹមសត្វតោនៅក្នុងគេហដ្ឋានដូចគ្នាដែរ របស់ជនជាតិចិន តែត្រូវបានក្រសួងបរិស្ថានយកទៅដាក់ក្នុងសួនសត្វ ដោយចាត់ទុកថាជាការចិញ្ចឹមខុសច្បាប់។ តែក្រោយមករាជរដ្ឋាភិបាលបានឱ្យយកសត្វតោនោះទៅឱ្យម្ចាស់ដើមវិញ ដោយសារតោនោះមិនស៊ីចំណីពេលយកទៅដាក់ក្នុងសួនសត្វ តែអាជ្ញាធរបានណែនាំដល់ម្ចាស់តោឱ្យធ្វើទ្រុងដាក់សត្វតោឱ្យបានត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពទាំងអ្នកក្នុងផ្ទះ និងអ្នកជិតខាង ៕

 

Share

ព័ត៌មានទាក់ទង

Image