ក្រោយពេលគណបក្សប្រឆាំងធ្វើពហិកាមិនចូលប្រជុំសភារួចមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានព្រមានថា នឹងបង្កកប្រាក់ខែ និងដករថយន្តពីបក្សប្រឆាំងមកវិញ។ ករណីនេះអ្នកវិភាគយល់ថា បើគណបក្សប្រជាជនកម្ពុជាគាបសង្កត់គណបក្សសង្គ្រោះជាតិឱ្យចូលប្រជុំសភា តាមរយៈការបង្កកប្រាក់ខែដូច្នេះ នោះវានឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ។
អ្នកវិភាគយល់ឃើញខុសៗគ្នាជុំវិញការគំរាមបង្កកប្រាក់ខែ និងដក់រថយន្ដពីតំណាងរាស្ដ្ររបស់បក្សប្រឆាំង។
ប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ បានមានប្រសាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៃ WMCថា ការគំរាមបង្កកប្រាក់ខែ និងដករថយន្ដ ដែលរដ្ឋសភាទិញឱ្យគណបក្សប្រឆាំង ក្នុងនាមជាតំណាងរាស្ដ្រជាប់ឆ្នោតក្នុងរដ្ឋសភានោះ វាគ្រាន់តែជាដាក់សម្ពាធទៅលើគណៈបក្សប្រឆាំងតែប៉ុណ្ណោះ។ លោកថា ការធ្វើបែបនេះ ជាយន្ដការដែលមានប្រសិទ្ធភាព អាចដាក់សម្ពាធទៅលើគណបក្សប្រឆាំងឱ្យព្រមចូលរួមប្រជុំសភាបាន ព្រោះពូកគាត់ត្រូវការប្រាក់ខែ។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្តថា៖ «ទន្ទឹមជាមួយគ្នានេះដែរវាក៏អាចធ្វើឱ្យរូបភាពរបស់គណបក្សកាន់អំណាចមានរូបភាពកាន់តែខូចខាតកាន់តែខ្លាំង ព្រោះអីបើសិនជាដកប្រាក់ខែ មានន័យថា ពួកគាត់[មិន]មានតួនាទីជាសភាទទេ ហើយការបង្ហាញថាឯកបក្សលើឆាកអន្ដរជាតិកាន់តែខ្លាំង»។
ចំណែកឯសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានលើកឡើងថា ប្រសិនជាគិតតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺអាចធ្វើតាមវិធីបង្កកប្រាក់ខែ ឬក៏បង្កកនូវអ្វីដែលជាផលប្រយោជន៍របស់អ្នកតំណាងរាស្ដ្រ ដែលមិនចូលរួមប្រជុំក្នុង
រដ្ឋសភាបាន។ ប៉ុន្ដែលោកយល់ថា ការធ្វើរបៀបនេះ គឺមិនមានផលប្រយោជន៍អ្វីដល់គណបក្សកាន់អំណាចនោះទេ វាគឺគ្រាន់ តែបង្ហាញនូវភាពខ្លាំងរបស់គណបក្សកាន់អំណាចប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ សូ ចន្ថា មានប្រសាសន៍បន្ថែមថា៖ «ផ្ទុយទៅវិញវាជាការបង្ហាញអំពីវប្បធម៌សងសឹកគ្នា ទៅដល់ដៃគូជំទាស់ក្នុងឆាកនយោបាយហើយ ប្រការនេះ ក៏ធ្វើឱ្យប្រជាពលរដ្ឋយល់កាន់តែយល់ច្បាស់ថា គណបក្សប្រជាជនមិនមានឆន្ទៈធ្វើឱ្យមានការឯកភាពជាតិ រវាងគណបក្សដែលឈ្នះឆ្នោតនៅក្នុងរដ្ឋសភាពនោះ»។
សូមជម្រាបថា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាន លោក សុខ ឥសាន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០១៥ នេះថា រដ្ឋសភានឹងបង្កកប្រាក់ខែ និងដកហូតរថយន្ដឡង់គ្រីស័រ (Lancruiser) 570 ដែលរដ្ឋសភាបានទិញឱ្យគណបក្សប្រឆាំង ព្រោះតំណាងរាស្ដ្រគណបក្សកាន់ប្រឆាំងមិនព្រមចូលរួមប្រជុំក្នុងរដ្ឋភា។
យ៉ាងនេះក្ដី អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញារិទ្ធ បានបញ្ជាក់ថា តំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិទាំងអស់ មិនចាប់អារម្មណ៍ចំពោះការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជាទាក់ទិននឹងការកាត់ប្រាក់ខែនោះឡើយ៕