en     km
en     km

មន្ត្រីអ៊ីរ៉ង់ស៊ើបអង្កេតករណីបំពុលក្មេងស្រីសិស្សសាលា

Share

 

ការវាយប្រហារលើក្មេងស្រីសិស្សសាលា ដែលគេហៅថាជា “អំពើភេរវកម្មជីវសាស្រ្ត” ត្រូវបានគេគិតថាជាការសងសឹកចំពោះការតវ៉ាប្រឆាំងនឹងការកម្រិតការស្លៀកពាក់ដ៏តឹងរឹងនៅក្នុងប្រទេសអ៊ីរ៉ង់។ទោះជាយ៉ាងណាអាជ្ញាធរអ៊ីរ៉ង់បានអះអាងថាពួកគេកំពុងស៊ើបអង្កេតចំពោះករណីនេះ។

អនុរដ្ឋមន្ត្រីក្រសួងអប់រំអ៊ីរ៉ង់ លោក Younes Panahi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា “បន្ទាប់ពីការបំពុលសិស្សស្រីជាច្រើននាក់នៅក្នុងទីក្រុង Qom មានមនុស្សមួយចំនួនចង់ឱ្យក្រសួងអប់រំបិទសាលារៀនទាំងអស់ ជាពិសេសសាលារៀនរបស់ក្មេងស្រី” ។លោក​បាន​បន្ថែម​ថា​

 

«​​សមាសធាតុ​គីមី​ដែលបំពុល​សិស្ស​មិន​មែន​ជា​សារធាតុ​គីមី​សម្រាប់សង្គ្រាម​ទេ សិស្ស​ដែល​បានពុល​មិនចាំបាច់​ត្រូវ​ការ​ការ​ព្យាបាល​នោះ​ទេ ហើយ​ភាគច្រើន​នៃ​សារធាតុ​គីមីនោះ​គឺ​អាចប្រើសម្រាប់​ព្យាបាល​ជំងឺ​»​។

 

លោកវេជ្ជបណ្ឌិត Homayoun Sameyah Najafabadi សមាជិកនៃគណៈកម្មាធិការសុខាភិបាលនៃរដ្ឋសភា ក៏បានបញ្ជាក់ដែរថា ការបំពុលក្មេងស្រីសិស្សសាលា “នៅក្នុងទីក្រុង Qom និងក្រុង Borujerd ត្រូវបានធ្វើដោយចេតនា”។ថ្លែងទៅកាន់សារព័ត៌មានThe Guardian ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ វេជ្ជបណ្ឌិតម្នាក់ទៀតដែលមានឯកទេសព្យាបាលការពុលបាននិយាយថា “តាមទិន្នន័យបង្ហាញថាមូលហេតុនៃការពុលនេះអាចមកពីសារធាតុគីមី Organophosphate ។ សិស្សដែលពុលខ្លះមានរោគសញ្ញាបែកញើសខ្លាំង ហៀរសំបោរ ក្អួត ចុកពោះ និងរាគ គឺដោយសារធាតុនេះ”។លោកវេជ្ជបណ្ឌិត​​បាននិយាយថា ពួកគេជឿថាការធ្វើបែបនេះគឺដើម្បី “បំភ័យក្រុមបាតុករដោយប្រើក្រុមអ៊ីស្លាមជ្រុលនិយម នៅក្នុងនិងក្រៅប្រទេស”។

លោកវេជ្ជបណ្ឌិតបាននិយាយថា “ពួកគេចង់សងសឹកក្មេងស្រីសិស្សសាលា ដែលជាអ្នកផ្ដើមគំនិតតវ៉ានាពេលថ្មីៗនេះ” ។ “ខ្ញុំមិនដែលធ្លាប់ព្យាបាលអ្នកណាម្នាក់ដែលត្រូវបានបំពុលដោយសារធាតុ organophosphate ពីមុនមកទេ។ មានករណី​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ព្យាបាល​គឺ​កម្មករ​ដែល​ប៉ះពាល់​នឹង​សារធាតុទាំងនេះ​ក្នុង​ថ្នាំ​កសិកម្ម»។

គ្រូបង្រៀនម្នាក់មកពីទីក្រុង Qom ដែលមានចំងាយប្រហែល ១៣៧គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Tehran បានប្រាប់វិទ្យុ Farda ថាក្នុងចំណោមសិស្ស ២៥០ នាក់មានតែ ៥០ នាក់ប៉ុណ្ណោះដែលបានចូលរៀន។ កាលពីសប្តាហ៍មុន ឪពុកម្តាយដែលមានកំហឹងបានតវ៉ានៅខាងក្រៅការិយាល័យអភិបាលក្រុង Qom ហើយសាលារៀនជាច្រើនត្រូវបានបិទដោយសារតែការស៊ើបអង្កេតដែលមិនទាន់បានបញ្ចប់។

លោកស្រី Masih Alinejad សកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានប្រាប់ The Guardian ថា “តាមគំនិតរបស់ខ្ញុំ ការវាយប្រហារដោយគីមីនេះគឺជាការសងសឹកដោយអាជ្ញាធរអ៊ីរ៉ង់ប្រឆាំងនឹងស្ត្រីដែលក្លាហានបដិសេធមិនប្រើកន្សែងគ្របក្បាល។ លោកស្រីបានបន្ថែមថា“ដោយសាររបបរដ្ឋឥស្លាមអ៊ីរ៉ង់ស្អប់ក្មេងស្រី និងស្ត្រី ខ្ញុំសូមអំពាវនាវដល់ស្ត្រីនៅទូទាំងពិភពលោក ជាពិសេសក្មេងស្រីសិស្សសាលា រួមគ្នាជាសំឡេងរបស់សិស្សអ៊ីរ៉ង់តែមួយ ហើយអំពាវនាវឱ្យមេដឹកនាំនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យថ្កោលទោសការបំពុលសិស្សសាលានេះ និងផ្តាច់ខ្លួនពីរបបរបស់លោក Khamenei”។ លោកស្រីថា“ខ្ញុំគិតថាអំពើភេរវកម្មជីវសាស្រ្តនេះ គួរតែត្រូវបានស៊ើបអង្កេតដោយអង្គការសហប្រជាជាតិ។ យើង​ត្រូវ​ការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ប្រភព៖ The Guardian ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2023

Share

Image
Image
Image