en     km
en     km

លោក​ យ៉ង​ សាំង​កុមារ​ ថា​ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ ២០​ លាន​ដុល្លារ​ លើ​អ្នកជំនាញ​កសិកម្ម​ដើម្បី​ជួយ​កសិករ​

Share

cover-cedac
​លោក​ យ៉ង​ សាំង​កុមារ​ បាន​ផ្តល់​អនុសាសន៍​តាម​រយៈ​អត្ថបទ​ផ្សព្វផ្សាយ​របស់​អង្គការ​សេ​ដាក​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ថា​ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ២០​ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ លើ​អ្នកជំនាញ​កសិកម្ម​ប្រមាណ​ ៣០០០​ នាក់​ ដើម្បី​ចុះ​ជួយ​ពង្រឹងសមត្ថភាព​ដល់​ប្រជា​កសិករ​ក្នុង​ការ​ផលិត​ស្រូវ​ឱ្យ​បាន​ទ​ន្និ​ផល​ខ្ពស់​។​

​ការ​ផ្តល់​អនុសាសន៍​នេះ​ ស្រប​ពេល​ដែល​គោលនយោបាយ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​ ១​ លាន​តោន​ នៅ​ឆ្នាំ​២០១៥​ របស់​រដ្ឋាភិបាល​កម្ពុជា​ មិន​ទាន់​អាច​សម្រេច​បាន​តាម​ការ​ចង់បាន​នៅឡើយ​។​ ពោល​គឺ​បាន​តែ​៥០%​ តែ​ប៉ុណ្ណោះ​ នៃ​ផែនការ​ដែល​បាន​គ្រោងទុក​កាលពី​ចុងឆ្នាំ​២០១០​។​

​បើ​ទោះបីជា​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​តែ​កន្លះ​លាន​តោន​ក្តី​ តែ​លោក​ យ៉ង​ សាំង​កុមារ​ ប្រធាន​អង្គការ​សេ​ដាក​ យល់​ឃើញ​ថា​ នេះ​គឺជា​ជោគជ័យ​ដំបូង​របស់​កម្ពុជា​ដែល​អាច​នាំ​អង្ករ​ចេញ​បាន​រហូត​ ០,៥​ លាន​តោន​ ក្នុង​ឆ្នាំ​២០១៥​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១​ ការ​នាំ​ចេញ​បាន​ប្រមាណ​តែ​ ២​ សែន​តោន​ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ កន្លង​មកនេះ​ កម្ពុជា​នាំ​អង្ករ​ចេញ​សរុប​បាន​ជិត​ ១,៧​ លាន​តោន​តែ​ប៉ុណ្ណោះ​។​

លោក​ យ៉ង​ សាំង​កុមារ
លោក​ យ៉ង​ សាំង​កុមារ

​លោក​ យ៉ង​ សាំង​កុមារ​ បន្ត​ថា​ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​អាច​សម្រេច​បានការ​នាំ​អង្ករ​ចេញ​បាន​ ១០០%​ ជំនួស​ដោយ​ការ​នាំ​ស្រូវ​ចេញ​វិញ​នោះ​ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ២០​ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ លើ​អ្នកជំនាញ​កសិកម្ម​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ ១​នាក់​ ទៅ​ ៣​នាក់​ ក្នុង​មួយ​ឃុំ​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ដល់​កសិករ​ ជួយ​កសិករ​ក្នុង​ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ដើម្បី​រួម​គ្នា​ផ្សារ​ភ្ជាប់​មក​ទីផ្សារ​ អនុលោម​តាម​ច្បាប់​សហគមន៍​កសិករ​ដែល​មាន​ស្រាប់​។​

​មួយវិញទៀត​ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​ ជូន​ដល់​គ្រួសារ​កសិករ​ ដោយ​ត្រូវ​ស្តារ​ គ្រប់គ្រង​ និង​ថែរក្សា​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់​ និង​ត្រូវ​ផ្តល់​ទុន​ដល់​កសិករ​ ក្នុង​ការ​ជីក​ស្រះ​តាម​ស្រែ​ដើម្បី​ស្តុក​ទឹកភ្លៀង​ទុក​ស្រោចស្រព​បន្ថែម​ និង​សម្រាប់​ធ្វើ​កសិកម្ម​ចម្រុះ​។​

​លោក​ យ៉ង​ សាំង​កុមារ​ បាន​អំពាវនាវ​ ដល់​រដ្ឋាភិបាល​គួរ​ផ្តល់​ឥណទាន​ដល់​សហគមន៍​កសិកម្ម​ យក​ទៅ​ធ្វើ​កន្លែង​ស​ម្ងួ​ត​ ធ្វើ​ជា​ឃ្លាំង​ស្តុក​ទុក​នៅ​តាម​មូលដ្ឋាន​។​ ជា​ពិសេស​នោះ​ រដ្ឋាភិបាល​ គួរ​មាន​គោលនយោបាយ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ តាម​រោង​ម៉ាស៊ីនកិនស្រូវ​ និង​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន​ ជា​ពិសេស​កាត់​បន្ថយ​នូវ​ចំណាយ​រដ្ឋបាល​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​អង្ករ​ជាដើម​។​

​សូម​បញ្ជាក់​ថា​ក្នុង​រយៈពេល​ ១០​ខែ​ ក្នុង​ឆ្នាំ​២០១៥​ នេះ​ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​ជាង​ ៤​ សែន​តោន​ កើនឡើង​ ៣៣.៩​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤៕

Share

ព័ត៌មានទាក់ទង

Image