en     km
en     km

WMCបើកវគ្គបណ្តុះបណ្តាលពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០នាក់

Share

ភ្នំពេញ៖ សិក្ខាកាមប្រមាណ ៤០នាក់(ស្រី១៧នាក់) ជាអ្នកប្រកបរបរការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងនោះមានជា អ្នករត់ឌុប(កង់បី) អ្នកធ្វើការតាមផ្ទះ អ្នកលក់ដូរតាមទីសាធារណៈ កម្មករ និងអ្នករកស៊ីទិញអេតចាយជាដើម បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

កញ្ញា សុបិន គ្រូបង្គោលនៃWMCកំពុងដឹងនាំសិក្ខាកាមស្វែងយល់ពីមេរៀនទស្សនៈនិងការពិត។

 

វគ្គបណ្តុះបណ្តាលរយៈពីរថ្ងៃចាប់ពីថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រព្រឹត្តិធ្វើនៅក្នុងទីស្នាក់ការបណ្តាញយុវជនកម្ពុជា ស្ថិតនៅសង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ក្រុមគ្រូបង្គោលនៃ WMC បានចែករំលែកចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យព័ត៌មាន ពិសេសបង្ហាញនិងចែករំលែកបញ្ហានានាដែលកើតមានឡើងលើបណ្តាញសង្គមដល់សិក្ខាកាមដើម្បីជាគន្លឹះដោះស្រាយបញ្ហាទៅថ្ងៃខាងមុខ។ ក្នុងនោះក្រុមគ្រូបង្គោលបានបង្ហាញពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សព្វផ្សាយតាមទីសាធារណៈ ពិសេសបណ្តាញសង្គម (Facebook, YouTube,Telegram…) ដែលប្រជាពលរដ្ឋកំពុងនិយមប្រើប្រាស់។

សិក្ខាកាមវគ្គនេះជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

មួយទៀតដែរ គឺការចែករំលែកមេរៀនការគិតបែបស៊ីជម្រៅ។មេរៀននេះ ផ្តល់ចំណេះដឹងដល់សិក្ខាកាមមានមូលដ្ឋានកាន់តែរឹងមាំនៃការគិតពិចារណា ស្វែងយល់ហេតុផលនៅពីក្រោយនៃការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសារព័ត៌មាននីមួយៗដែលផ្សាយព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយនានា។

សិក្ខាកាមកំពុងសាកល្បងគិតនិងឡើងបិទនូវឯកសារដែលគ្រូដាក់លំហាត់។

 

ចំណែកថ្ងៃទីពីរជាថ្ងៃបន្ទាប់ក្រុមគ្រូបង្គោលបានផ្តល់នូវមេរៀនចំនួនពីរបន្ថែមទៀត គឺទាក់ទងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព។

លោក សុខា កំពុងធ្វើបទបង្ហាញពីមេរៀនរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។

 

ការនាំយកមេរៀននេះមកចែករំលែកក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយសារតែបច្ចុប្បន្នមានការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនលើបណ្តាញសង្គម ហើយព័ត៌មានក្លែងក្លាយទាំងនោះធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយលុងចាញ់បោក បង់ខាតផលប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ពិសេសអាចប្រឈមបញ្ហាសុខភាពផងដែរ។

សិក្ខាកាមចូលរួមឆ្លើយសំនួរនិងចែករំលែកបទពិសោធន៍រៀងខ្លួន។

 

ដោយឡែក មេរៀនទាក់ទងនឹងការឆ្លើយតបទៅកាន់ព័ត៌មានមិនពិតដោយសុវត្ថិភាព គ្រូបង្គោលនៃWMC បានបង្ហាញនូវគន្លឹះមួយចំនួន ធ្វើឱ្យសិក្ខាកាមចេះឆ្លើយតបនូវព័ត៌មានក្លែងក្លាយប្រកបដោយសុវត្ថិភាពដោយប្រើភាពវៃឆ្លាត ដែលអាចបញ្ចៀសរាល់ហានិភ័យដែលកើតមានឡើងនៅពេលក្រោយ។

សិក្ខាកាមចូលរួមការងារក្រុម។

 

ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ គេសង្កេតឃើញថា សិក្ខាកាមបានចូលរួមយ៉ាងសកម្មក្នុងការងារជាក្រុម ដោយមានការពិភាក្សាដេញដោល ការចូលរួមបញ្ចេញមតិយោបល់ ពិសេសអ្នកចូលរួមបានលើកឡើងនូវសំនួរជាច្រើនក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាល។

 

 

សិក្ខាកាមធ្វើការងារក្រុមដែលគ្រូដាក់ជូនមុនឡើងធ្វើបទបង្ហាញ។

ក្នុងនោះដែរអ្នកស្រីផាកាន់ លោកសុភាក់ អ្នកស្រីធីតា អ៊ុំស្រីវណ្ណី បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងមួយចំនួន ដែល ជនខិលខូចធ្លាប់បានឆបោកពួកគេតាមបណ្តាញសង្គមតាមរយៈឆាតហ្វេសប៊ុក។ពិសេសពួកគេយកយកករណីមានជនខិល ខូតឆាតមកល្បួងថា ចង់ផ្ទេរមរតកពាន់លានដុល្លារមកឱ្យពួកគេ។ ករណីនេះពួកគេលើកឡើងថា ពួកគេអ្នកទាំងអស់គ្នាស្ទើរតែជ្រុលខ្លួនផ្តល់លុយកាស(វេលុយ)ដល់ជនឆបោកទាំងនោះទៅហើយ។

សិក្ខាកាមឡើងធ្វើបទបង្ហាញនូវប្រធានបទរបស់ខ្លួន។

ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់ដឹងពីមូលដ្ឋានក្នុងការគិតឱ្យបានស៊ីជម្រៅ និងអាចស្វែងយល់កាន់តែច្បាស់ពីរបៀបប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព ពិសេសបានដឹងពីល្បិចកលជនខិលខូចដែលតែងបោកប្រាស់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។

សិក្ខាកាមកំពុងពិភាក្សាក្រុម។

 

សិក្ខាកាមដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ល្អៗបន្ថែមដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគេសន្យាថា នឹងចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលទៅកាន់អ្នកក្បែរខ្លួនមាន មិត្តភក្តិ បងប្អូន ឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ ដើម្បីពួកគេអាចគេចផុសពីការឆបោកលើបណ្តាញសង្គម។

 

សិក្ខាកាមឡើងបិទក្រដាសមេរៀនដែលគ្រូដាក់ជាលំហាត់ល្បងប្រាជ្ញា។

លោក ផាន ភ័ព្វបារមី នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)មានប្រសាសន៍ថ្លែងបិទកម្មវិធីថា លោកមានសេចក្តីរីករាយដែលសិក្ខាកាមបានចំណាយពេលដ៏មានតម្លៃមកសិក្សាស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនេះ។ លោកបន្តថា បច្ចុប្បន្នការប្រើប្រាស់បណ្តាញសង្គមកាន់តែទូលំទូលាយ ដូច្នេះការសិក្សាមេរៀននានាពីវគ្គបណ្តុះបណ្តាលនេះ គឺជួយឱ្យសិក្ខាកាមមានចំណេះដឹងកាន់តែប្រសើរអាចបញ្ចៀសបាននូវការឆបោកតាមបណ្តាញសង្គម។

លោក ផាន ភ័ព្វបារមី ថ្លែងលើកឡើងពីរបៀបទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងសារៈប្រយោជន៍នៃចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់សិក្ខាកាម។

 

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)នឹងបើកវគ្គបណ្តុះបណ្តាលចំនួន ៨ លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួនចន្លោះពី ៣០-៥០ នាក់ចូលរួម៕

ខាងក្រោមជារូបភាពសកម្មភាពនៃវគ្គបណ្តុះបណ្តាល៖

សិក្ខាកាមវគ្គនេះជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សិក្ខាកាមកំពុងសាកល្បងគិតនិងឡើងបិទនូវឯកសារដែលគ្រូដាក់លំហាត់។

Share

ព័ត៌មានទាក់ទង

Image