សម្តេចតេជោ ហ៊ុន សែន បានបដិសេធមិនទទួលយកលិខិតសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀននោះទេ ចំពោះការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាបាន «លួចសន្លឹកឆ្នោត» កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ ក្រោយការប្រកាសដាច់ណាត់បែបនេះ អ្នកជំនាញដែលតាមដានការបោះឆ្នោតនៅកម្ពុជា បានបង្ហាញក្ដីបារម្ភពីផលលំបាកសម្រាប់បណ្ដាគណបក្សនយោបាយដែលត្រូវចូលរួមក្នុងការបោះឆ្នោតខាងមុខ។
លោក គីម ចាន់ចាវ រាយការណ៍
សម្តេច ហ៊ុន សែន តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ បានឆ្លើយតបចំពោះសារលិខិតសុំទោសរបស់លោក សុន ឆ័យ យ៉ាងដូច្នេះថា៖ «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់ត្រូវបានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល»។
ចៅក្រមតុលាការកំពូល កាលពីថ្ងៃទី២៣ កុម្ភៈ បានបដិសេធបណ្តឹងសារទុក្ខរបស់មេធាវី ជូង ជូងី ដែលការពារក្តីឱ្យលោក សុន ឆ័យ និងបានតម្តល់សាលដីការបស់សាលាឧទ្ធរណ៍លើសំណុំរឿង«បរិហារកេរ្តិ៍ជាសាធារណៈ» ចាត់ទុកជាបានការដដែល។ នេះជាសំណុំរឿង«បរិយាកេរ្តិ៍ជាសាធារណៈ»ពាក់ព័ន្ធនឹងការរិះគន់របស់លោក សុន ឆ័យ លើភាពមិនប្រក្រតី ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំមុន។
បើតាមសាលដីការបស់សាលាឧទ្ធរណ៍ កាលពីខែធ្នូ ឆ្នាំ២០២២ តុលាការបានសម្រេចពិន័យ លោក សុន ឆ័យ ចំនួន១០លានរៀលបង់ចូលរដ្ឋ និងសងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាចំនួន ៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារអាមេរិក និងសម្រេចពិន័យ ១០លានរៀលចូលថវិកាជាតិផ្សេងទៀតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
កន្លងមក មុននឹងឈានដល់ការសុំទោសមេបក្សកាន់អំណាចបែបនេះ អនុប្រធានគណបក្សភ្លើងទៀន បានអះអាងថា អ្វីដែលលោកលើកឡើង គឺក្នុងន័យស្ថាបនាការបោះឆ្នោតឲ្យមានភាពល្អប្រសើរ ហើយក៏មិនមែនត្រូវបានប្តឹងផ្តល់យ៉ាងដូច្នេះដែរ។ អ្វីដែលគួរឲ្យចម្លែកសម្រាប់លោក សុន ឆ័យ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នអាជ្ញាកណ្តាល បែរជាមកប្តឹងលោក ដោយមិនព្យាយាមចុះទៅពិនិត្យបញ្ហាដែលលោក និងគណបក្សនយោបាយមួយចំនួនផ្សេងទៀត បានលើកឡើង។
លើករណីនេះ លោក សម គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា (NICFEC) បានបង្ហាញក្ដីបារម្ភពីផលលំបាកសម្រាប់បណ្ដាគណបក្សនយោបាយដែលត្រូវប្រជែងក្នុងការបោះឆ្នោតខាងមុខ។ លំបាកត្រង់ថា គណបក្សប្រឆាំងអាចនឹងមានក្ដីបារម្ភទៅលើការបញ្ចេញមតិឃោសនាបោះឆ្នោត និងការរិះគន់លើប្រព័ន្ធនៃការបោះឆ្នោត។
«វាពាក់ព័ន្ធនឹងគណបក្សផ្សេងៗទៀត មិនថាគណបក្សហ្នឹងទេ ដោយសារឃើញគណបក្សភ្លើងទៀនជាគំរូស្រាប់ហើយ ប្អូនណា៎..។ ហើយគណបក្សនយោបាយផ្សេងៗទៀតគ្នាជួបការលំបាកហើយ។ មានការបារម្ភច្រើនក្នុងការរិះគន់ ក្នុងការលើកឡើងពីភាពមិនប្រក្រតីសព្វបែបយ៉ាងហ្នឹងបាទ នៅពេលខាងមុខហ្នឹង។ មិនត្រឹមប៉ុណ្ណឹងទេ បរិយាកាសនយោបាយក៏វាមិនអំណោយផលដែរបាទ ព្រោះអីគណបក្សមានការបារម្ភនឹងសុវត្ថិភាព ក្នុងការលើកពីមតិឡើង។ សុវត្ថិភាពហ្នឹងខ្លាចការ ប្ដឹងផ្ដល់ដូចលោកសុន ឆ័យ? អាចដែរ ព្រោះអីវាអាចពាក់ព័ន្ធដល់បុគ្គលផង ពាក់ព័ន្ធដល់គណបក្សផង»។
សម្តេច ហ៊ុន សែន ដែលប្រកាសដាច់ខាតមិនលើកលែងដល់ លោក សុន ឆ័យ បានរំលឹកអំពីការសុំទោសរបស់ លោក សម រង្ស៉ី ហើយដែលសម្តេចធ្លាប់បានលើកលែងទោសឱ្យនាពេលកន្លងទៅ ។ មេបក្សកាន់អំណាចសរសេរថា «ភាពខ្លួនឯងបានដឹងច្បាស់ហើយតើសម រង្ស៊ីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
វិទ្យុស្ត្រីមិនអាចទាក់ទងសុំការឆ្លើយតប ពីលោក សុន ឆ័យបានទេនៅថ្ងៃទី២៨ ខែកុម្ភៈ នេះ ដោយទូរសព្ទខលចូលតែគ្មានអ្នកទទួល។ ដោយសារតែនេះជាបណ្ដឹងជុំវិញការបោះឆ្នោត លោក សម គន្ធាមី អំពាវនាវដល់ ភាគីគណបក្សបក្សនយោបាយ គួរដោះស្រាយបណ្ដឹងតាមរយៈគ.ជ.ប។ ទោះយ៉ាងណា លោកយល់ថា លោក សុន ឆ័យ បានចាញ់ក្ដីហើយ គួរតែបញ្ចប់រៀងនេះដោយស្ងប់ស្ងាត់ ដោយអនុគ្រោះពីការផ្ដល់សំណង។
«រឿងហ្នឹងគួរតែបញ្ចប់ដោយសារកុំ ទទួលយកសំណងហា៎។ ព្រោះអីតុលាការកាត់ក្ដីឱ្យចាញ់ហើយ ហើយគាត់សុំទោសហើយ គួរតែបញ្ចប់ករណីហ្នឹង តែម្ដងទៅកុំឱ្យវែងឆ្ងាយតទៀត ដើម្បីធានាបរិយាកាសឱ្យវារលូនបន្ដិតនៅមុនបោះឆ្នោតហ្នឹង»។
ការសុំទោសរបស់លោក សុន ឆ័យ ចំពោះសម្តេចហ៊ុន សែន នៅពេលនេះ ក្រោយពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានព្យាយាមប្ដឹងទាស់អស់លទ្ធភាព ទៅតុលាការទំាងជាន់ទាប និងជាន់ខ្ពស់ ប៉ុន្តែមិនទទួលបានជោគជ័យ៕