តំបន់គ្រប់គ្រងសត្វផ្សោតត្រូវបានបង្កើតឡើងដោយកំណត់យកប្រវែង១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង និងខេត្តក្រចេះ សម្រាប់ការពារ និងអភិរក្សសត្វផ្សោត។ ជាការកត់សម្កាល់ តំបន់គ្រប់គ្រងនេះកើតឡើង ក្រោយពេលសត្វផ្សោតជាង១០ក្បាលបានស្លាប់កាលពីឆ្នាំ២០២២។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង១២០ គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឺងត្រែងមានប្រវែង៣៥ គីឡូម៉ែត្រ និងខេត្ដក្រចេះមានប្រវែង៨៥ គីឡូម៉ែត្រ ដោយរាប់ចាប់ពីចំណុចខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិនក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ចេញអនុក្រឹត្យកំណត់ជាតំបន់គ្រប់គ្រងសត្វផ្សោត។
ក្នុងអនុក្រឹត្យចេញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចែងថា តំបន់ដែលបានរៀបរាប់ខាងលើនឹងត្រូវហាមឃាត់សកម្មភាពការធ្វើនេសាទគ្រប់ប្រភេទ។ ការធ្វើវារីវប្បកម្ម ការធ្វើនាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ ការធ្វើនាវាចរដែលមានល្បឿនលើសពី៣០គីឡូម៉ែត្រក្នុងមួយម៉ោង ការតាំងទីលំនៅ និងសកម្មភាពផ្សេងៗទៀតដែលប៉ះពាល់ដល់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត គឺត្រូវបានហាមឃាត់ផងដែរ។
យ៉ាងណាសកម្មភាពដែលបានអនុញ្ញាតក្នុងតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានការធ្វើនេសាទដោយឧបរករណ៍ខ្នាតតូច ប៉ុន្តែហាមឃាត់ការនេសាទដើយប្រើមងឬសន្ទូចរនងនៅក្នុងកន្លែងការពារ។ ក្រៅពីនេះការទស្សនាសត្វផ្សោត ការអភិវឌ្ឍន៍អេកូទេសចរណ៍ និងការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចវិទ្យាសាស្ដ្រ បានអនុញ្ញាតធម្មតា។
សូមរម្លឹកថា អនុក្រឹត្យនេះកើតឡើងក្រោយពេលមានសត្វផ្សោតជាច្រើនក្បាល ពោលកាលពីចុងឆ្នាំ២០២២ បានស្លាប់ដោយសារជាប់មង និងសន្ទូចរនងរបស់ប្រជានេសាទ។ បើតាមរបាយការណ៍ពីអង្គការ WWF ថាសត្វផ្សោតសរុបចំនួន ១១ក្បាល បានស្លាប់នៅក្នុងឆ្នាំ២០២២ រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។
យោងតាមជំរឿនសត្វផ្សោតឆ្នាំ២០២០ បានបង្ហាញថាមានសត្វផ្សោតប្រមាណ ៨៩ ក្បាលតែប៉ុណ្ណោះដែលរស់នៅក្នុងទន្លេមេគង្គចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង។ ការគំរាមកំហែងរបស់សត្វផ្សោតរួមមានការនេសាទខុសច្បាប់ និងការសាងសង់ទំនប់វារីអគ្គីសនីនៅប៉ែកខាងលើមេគង្គជាដើម។
អង្គការWWF ថាខ្លួនបានត្រៀមរួចជាស្រេចក្នុងការសហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សប្រកបដោយប្រសិទ្ធភាពសំដៅធានាការការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌជាតិមានជីវិតនិងជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតមួយក្នុងសកលលោកឲ្យគង់វង្ស។
យ៉ាងណាអនុក្រឹត្យដែលរាជរដ្ឋាភិបាលបានចេញក៏កំណត់ទណ្ឌកម្មយ៉ាងច្បាស់ថា បុគ្គលណាដែលបំពាននឹងបទប្បញ្ញត្តិនៃអនុក្រឹត្យត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មផ្សេងៗទៀតតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕