ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងការិយាល័យតំណាង ACCA ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យក្រុមហ៊ុន FWD Cambodia ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន FWD Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបានចុះហត្ថលេខាជាមួយសមាគមគណនេយ្យដែលមានជំនាញវិជ្ជាជីវៈឈានមុខគេរបស់ពិភពលោកមួយនេះ។
តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរនឹងរួមដៃគ្នាផ្ដល់នូវចំណេះដឹង បទពិសោធ ជំនាញ ក៏ដូចជាឱកាសអភិវឌ្ឍន៍សមត្ថភាព និងការងារដល់សិស្ស និស្សិតដែលកំពុងសិក្សា ឬបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ស្របតាមស្ដង់ដាអន្តរជាតិ។
កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី នៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែងដែលក្រុមហ៊ុន FWD Cambodia អាចសហការជាមួយ ការិយាល័យតំណាង ACCA ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនាងខ្ញុំជឿជាក់ថា នេះជាការបើកទំព័រថ្មីមួយសម្រាប់យើងខ្ញុំ ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតផងដែរ។ ភាពចម្រុះគ្នានៃធនធានមនុស្ស កេរ្ត៍ឈ្មោះ និងបទពិសោធដែលពួកយើងមាន នឹងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្តជាក់ស្ដែងនៃជំនាញនេះក្នុងក្រុមហ៊ុនផ្ដល់សេវាកម្មការពារហិរញ្ញវត្ថុលំដាប់អន្តរជាតិដូចជា FWD Cambodia។»
លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូដែលពួកយើងចាប់ផ្ដើមថ្ងៃនេះជាមួយក្រុមហ៊ុន FWD Cambodia នឹងអនុញ្ញាតឱ្យយើងផ្ដល់ការគាំទ្រ និងជួយសិស្ស និស្សិត ឬនិយោជិតដែលបំពេញការងារក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងកម្រិតមួយដែលកាន់តែស៊ីជម្រៅលើជំនាញនេះ។ ស្ថាប័នទាំងសងខាងសុទ្ធតែមានសុទិដ្ឋិនិយម និងភាពជឿជាក់ក្នុងការជួយតម្រង់ទិស និងការគាំទ្រតាមគ្រប់លទ្ធភាពដើម្បីរួមចំណែកពង្រឹងវិស័យដ៏សំខាន់នេះក្នុងប្រទេសកម្ពុជា។»
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD
ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រតិដ្ឋបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia។
អំពីសមាគម ACCA
សមាគម ACCA (Association of Chartered Certified Accountant) គឺជាសមាគមគណនេយ្យដែលមានជំនាញវិជ្ជាជីវៈឈានមុខគេបំផុតរបស់ពិភពលោក ដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលគណនេយ្យករជំនាញប្រមាណ ២សែននាក់ និងសិស្សនិស្សិតជាង ៥សែននាក់ ក្នុងដំណើរអាជីពរបស់ពួកគាត់។ សមាគម ACCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៤ និងបច្ចុប្បន្នមានវត្តមាននៅ ១៧៨ ប្រទេសជុំវិញពិភពលោក។