en     km
en     km

CCHR បើកប្រកួតប្រជែងថតរូបក្រោមប្រធានបទ«កម្លាំងស្ត្រី»ជំរុញលើកកម្ពស់សិទ្ធិស្រ្តី

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)រៀបចំកម្មវិធីប្រកួតប្រជែងរូបថតក្រោមប្រធានបទស្តីពី«កម្លាំងស្រ្ដី» ដើម្បីចូលរួមក្នុងឱកាសទិវានារីអន្ដរជាតិ ដែលនឹងខិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក សួន យុធ្យា នាយកតស៊ូមតិនៅមជ្ឈមណ្ធលសិទ្ធិមុនុស្សកម្ពុជា(CCHR)បានប្រាប់វិទ្យុស្ដ្រីថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីការយល់ឃើញសាធារណជនទៅលើសកម្មភាពចូលរួមរបស់ស្រ្តីនាពេលបច្ចប្បន្ន ហើយការប្រកួតថតរូបនេះគឺជាផ្នែកមួយក្នុងចំណោមសកម្មភាពដទៃទៀតនៃយុទ្ធនាការបង្កើនការយល់ដឹង និង លើកកម្ពស់សិទ្ធិស្រ្តី។

បន្ទាប់ពីបញ្ចប់ការប្រកួតប្រជែងនេះហើយCCHR នឹងមានការដាក់តាំងបង្ហាញរូបថតជាសាធារណៈនៃម្ចាស់ជ័យលាភី ៥នាក់ក្នុងថ្ងៃប្រារព្វកម្មវិធីនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយម្ចាស់ជ័យលាភីនឹងទទួលបានឧបករណ៍អានសៀវភៅអេទ្បិកត្រូនិក (Kindle) ម្នាក់១គ្រឿងផងដែរ។

លោក សួន យុធ្យា សង្ឃឹមថានឹងមានការយល់ដឹងកាន់តែច្រើនអំពីសិទ្ធស្រ្តី និងសមភាពយេនឌ័រឱ្យកាន់តែមានភាពទូលំទូលាយទៀត។

លោក​ សួន យុធ្យា៖«អ្វីដែលយើងខ្ញុំធ្វើនេះ ខ្ញុំរំពឹងថានឹងមានការយល់ដឹងបន្ថែមទៀតអំពីសាធារណជន អំពីការចូលរួម សារសំខាន់នៃការចូលរួមរបស់ស្រ្តីក្នុងវិស័យផ្សេងៗដែលមានវត្តមានរបស់ស្ត្រីដើម្បីឱ្យមានការសហកិច្ចប្រតិបត្តិការ ហើយនិងសមភាពយេនឌ័រ ហើយគិតថាដើម្បីឱ្យមានការផ្លាស់ប្តូរគេហៅថាការផ្លាស់ប្តូរគំនិតចាស់បុរាណដែលចងស្រ្តីមិនឱ្យចេញទៅគ្រប់វិស័យ អ្វីដែលចូលចិត្តចង់ធ្វើហ្នឹងគឺត្រូវសហការណ៍ផ្សេងទៀតគឺរដ្ឋាភិបាលលោកបើកតួនាទី គេហៅថាជាតួអង្គសំខាន់បំផុតក្នុងការជម្រុញទឹកចិត្តឱ្យស្រ្តីមានតួនាទី និងតំណែងផ្សេងៗក្នុងវិស័យផ្សេងៗ ជាពិសេសតំណែងនៅក្នុងវិស័យដែលធ្វើការសម្រេចចិត្ត ទៅលើគោលនយោបាយច្បាប់ផ្សេងៗ»។

លោក សួន យុធ្យា នាយកតស៊ូមតិនៅមជ្ឈមណ្ធលសិទ្ធិមុនុស្សកម្ពុជា(CCHR)។

 

យ៉ាងណាមិញលោកមានសារអំពាវនាវទៅកាន់ប្រជាជនត្រូវ​ចូលរួមផ្តល់តម្លៃ និងគោរពសិទ្ធិគ្នាទៅវិញទៅមកដោយមិនត្រូវរើសអើងជាតិសាសន៍ ពណ៍សម្បុរឡើយ។

លោក​ សួន យុធ្យា៖« ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគោរពសិទ្ធិគ្នាមិនថាសិទ្ធិបុរស ឬស្រ្តីទេ ក្រៅពីហ្នឹងក៏មានសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា សិទ្ធិជនជាតិដើមភាគតិច បាទសិទ្ធិកុមារក៏ត្រូវគោរពសិទ្ធិទាំងអស់គ្នា។ ខ្ញុំក៏សូមសំណូមពរដល់សិទ្ធិនារីអន្តរជាតិនេះ សូមសំណូមពរដល់នារីទាំងអស់គ្នាសូមឱ្យមានភាពអង់អាចក្លាហាន ចង់ចូលប្រឡូកទៅក្នុងវិស័យអ្វីមួយសូមកុំរុញរា សូមធ្វើទៅតាមការស្រមៃចង់បានរបស់ខ្លួន ឬដើរទៅតាមអ្វីដែលខ្លួនស្រលាញ់។ សូមកុំគិតថាខ្លួនជាស្រ្តីគឺធ្វើការនៅក្នុងរង្វង់ចង្ក្រានបាយ នៅក្នុងគ្រួសារហ្នឹងគឺសំខាន់ពេកណាស់ទៅហើយ បាទកុំគិតអីចឹងពីព្រោះសង្គមមួរីកចម្រើនគឺត្រូវការចូលរួមទាំងអស់គឺមិនថាស្រ្តី ឬបុរស អ្នកស្រលាញ់ភេទដូចគ្នាអីទេបាទ»។

សូមជម្រាបថា សម្រាប់លក្ខន្ដិកៈចូលរួមរូបថតរបស់បេក្ខជនត្រូវតែទាក់ទងទៅនឹងប្រធានបទស្តីពីកម្លាំងស្រ្ដី ថតដោយខ្លួនឯងផ្ទាល់ និងមិនធ្លាប់ប្រើប្រាស់ក្នុងការប្រកួតប្រជែងពីមុនមក ពោលគឺទើបថតថ្មីៗ ឬ រូបថតដែលបានថតក្នុងរយៈពេល ៦ ខែចុងក្រោយ។ មួយទៀតរូបថតអាចកែសម្រួលបានតិចតួច (Crop, saturation,tone) អាចប្រើប្រាស់កាមេរ៉ាគ្រប់ប្រភេទ ឬទូស័ព្ទដៃដើម្បីថតរូប។ ចំណែករបៀបដាក់ពាក្យវិញគឺ រូបថតចំនួន ១សន្លឹក ទំហំចាប់ពី ៣  មេហ្គាបៃទ្បើងទៅ​ ព្រមទាំងសរសេរកម្មវត្ថុ (កម្មវិធីប្រកួតប្រជែងថតរូបក្រោមប្រធានបទកម្លាំងស្រ្ដី ការពណ៌នាអំពីរូបថត ឈ្មោះ និងលេខទូស័ព្ទទាក់ទង) ហើយផ្ញើរទៅកាន់អីម៉ែលរបស់ CCHRផ្ទាល់។ នេះបើតាមការឱ្យដឹងរបស់CCHRបានផុសនៅលើទំព័រហ្វេសប៊ុក៕

 

 

 

 

Share

ព័ត៌មានទាក់ទង

Image