ហាណូយ៖ យោងតាមរ៉យទ័រ រដ្ឋសភាវៀតណាមនឹងបើកសម័យប្រជុំវិសាមញ្ញក្នុងសប្តាហ៍នេះ លើរបៀបវារៈសំខាន់មួយស្ដីពីការតែងតាំងប្រធានាធិបតីថ្មី ចំពេលមានការរុះរើមេដឹកនាំដឹកនាំសំខាន់ៗក្នុងគោលបំណងបង្ក្រាបអំពើពុករលួយ។
មន្ត្រី និងអ្នកការទូតវៀតណាមជាច្រើនរូបបាននិយាយថាប្រធានាធិបតីថ្មីគឺលោក Vo Van Thuong ដែលបច្ចុប្បន្នមានអាយុ 52 ឆ្នាំគឺជាសមាជិកការិយាល័យនយោបាយរបស់គណបក្សមានវ័យក្មេងបំផុត របស់វៀតណាម។ការតែងតាំងលោក Vo Van Thuong កើតឡើងចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលគេដាក់ឈ្មោះថា “គុកភ្លើង” ដែលមន្ត្រីរាប់រយនាក់ត្រូវបានស៊ើបអង្កេត ហើយឥស្សរជននយោបាយកំពូលជាច្រើននាក់ត្រូវបានបណ្តេញចេញ រួមទាំងឧបនាយករដ្ឋមន្ត្រីពីររូបផងដែរ។
លោកVo Van Thuong ត្រូវបានគេមើលឃើញថាមានភាពស្និទ្ធស្នាលនឹងឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់វៀតណាមគឺអគ្គលេខាធិការបក្ស Nguyen Phu Trong ដែលជាបុគ្គលសំខាន់ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ។
ក្នុងប្រទេសវៀតណាមមានឥស្សរជននយោបាយកំពូលបួនរូបក្នុងនោះរួមមានអគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រី ប្រធានសភាជាតិ និងប្រធានាធិបតី។
រដ្ឋសភាវៀតណាមនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅសប្តាហ៍នេះ។ នេះបើយោងតាមព័ត៌មានដែលបានបង្ហោះតាមវេបសាយនានារបស់អាជ្ញាធរតំបន់ ដែលបានផ្សាយថា សម័យប្រជុំវិសាមញ្ញនៃរដ្ឋសភានឹងចាប់ផ្តើមនៅថ្ងៃពុធទី១ ខែមីនា ២០២៣។
រដ្ឋសភា និងក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីអ្នកសារព័ត៌មាននោះទេ។មន្ត្រីវៀតណាមមួយរូបបាននិយាយថា កិច្ចប្រជុំរបស់រដ្ឋសភានឹងធ្វើតាមការសម្រេចចិត្តរបស់គណបក្ស ដែលរំពឹងថានឹងអនុម័តតែងតាំងប្រធានាធិបតីថ្មីនៅសប្តាហ៍នេះ។
កាលពីខែមុនប្រធានាធិបតីរបស់វៀតណាមគឺលោក Nguyen Xuan Phuc បានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីបក្សកុម្មុយនិស្តបានស្តីបន្ទោសលោកចំពោះ “ការបំពាន និងប្រព្រឹត្តកំហុស” ដោយមន្ត្រីស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។បន្ទាប់ពីលោក Phuc លាលែងពីតំណែងលោកស្រី Vo Thi Anh Xuan ជាអនុប្រធានាធិបតីបានក្លាយជាប្រធានាធិបតីស្តីទីបច្ចុប្បន្ន។
ប្រភព៖ Reuters ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣