en     km
en     km

ក្រសួងសុខាភិបាលគ្រប់គ្រងករណីឆ្លងជំងឺផ្ដាសាយបក្សីនៅស៊ីធរកណ្ដាលខេត្តព្រៃវែងបានទាំងស្រុង

Share

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង កើនដល់១៦នាក់។ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធនឹងកុមារីដែលស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺនេះចំនួន ១២នាក់ ហើយមនុស្សចំនួន ៤នាក់ផ្សេងទៀតបានពាក់ព័ន្ធជាមួយឪពុកក្មេងស្រីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ។ ទោះយ៉ាងណា អ្នកដែលជាប់ពាក់ព័ន្ធទាំងនោះ ក្រសួងសុខាភិបាលមិនបានរកឃើញមានផ្ទុកជំងឺផ្តាសាយបក្សីនោះទេ។
(លោក គីម ចាន់ចាវ រាយការណ៍ពីព័ត៌មាននេះ)

  

 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ នៅថ្ងៃទី២៧ ខែកុម្ភៈថា តំបន់ដែលឆ្លងជំងឺផ្ដាសាយបក្សី ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានមន្ដ្រីជំនាញសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ គ្រប់គ្រងបានទាំងស្រុងហើយ មិនមានឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀតនោះទេ។

 

«មកទល់ពេលនេះ យើងមិនទាន់មានសញ្ញាណាដែលបង្ហាញថា មានការរាតត្បាតធំធេងនោះទេ ហើយអ្វីដែលយើងកំពុងរង់ចាំ គឺឲ្យមានការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលចុះទៅអង្កេតស្រាវជ្រាវនៅមូលដ្ឋាន រកឃើញថា មិនមានឆ្លងទៅណាទៀតទេ ហើយបច្ចុប្បន្ននេះយើងគ្រប់គ្រងបានទាំងស្រុងហើយ នៃស្ថានភាពជំងឺផ្ដាសាយបក្សនៅក្នុងតំបន់នោះ»។

 

សម្រាប់អ្នកជំងឺផ្ដាសាយបក្សីដែលបានឆ្លងពីកូន រហូតមកដល់ពេលនេះលទ្ធផលបញ្ជាក់របស់មន្ទីរពិសោធន៍បានឲ្យដឹងថា បានតេស្តឃើញអវិជ្ជមានជំងឺវិញហើយ ប៉ុន្ដែក្រុមគ្រូពេទ្យជំនាញបានឲ្យអ្នកជំងឺទទួលទានថ្នាំឲ្យគ្រប់បានចំនួនកំណត់ និងបន្ដតាមដានសុខភាពប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។

«ឪពុកកុមារីនោះ ដែលគាត់មានសុខភាពធម្មតា គាត់មិនមានចេញរោគសញ្ញាអីដែលឱ្យយើងព្រួយបារម្ភទេ ប៉ុន្តែគាត់ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីពេទ្យ នៅមន្ទីពេទ្យស្រុកដែលគាត់រស់នៅ ក្នុងខេត្តព្រៃវែងហ្នឹង។ ហើយតាមការវិភាគ ពីព្រោះយើងមានបច្ចេកទេសរបស់យើង។ ដាក់ព្យាបាលយើងឱ្យថ្នាំឱ្យអីគាត់ចឹងទៅ ហើយតាមដានសុខភាពចឹងទៅ។ ឥលូវពីម្សិលមិញនេះ យើងបានយកវត្ថុសំណាកគាត់ដើម្បីយកមកមើលជាបន្តទៀត។ ព្រឹកមិញនេះយើងទទួលបានព័ត៌មានថាវត្ថុសំណាកគាត់ទទួលបានអវិជ្ជមាននូវវីរុសH5N1ហ្នឹងហើយ។ ប៉ុន្តែក្រុមគ្រូពេទ្យមិនទាន់ឱ្យគាត់ចេញទៅណាទេ ដូចដែលករណីជំងឺឆ្លងមួយចំនួនដែរ ដែលយើងត្រូវតែប្រុងប្រយ័ត្ន»។

 

 

សម្រាប់អ្នកដែលប៉ះពាល់វិញ មានសរុបចំនួន ១៦នាក់ ក្នុងនោះមាន១២នាក់ប៉ះពាល់ជាមួយកុមារី ដែលមរណភាព និង៤នាក់ជាមួយឪពុកហើយលទ្ធផលចេញពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា អវិជ្ជមានជំងឺផ្ដាសាយបក្សី។ ប៉ុន្ដែក្រុមគ្រូពេទ្យបានយកសំណាកពីក្រុមផ្សេងទៀត ដែលមានការសង្ស័យមានរោគសញ្ញាស្រដៀងផ្ដាសាយ ចំនួន ១៣ នាក់ ជាលទ្ធផលអវិជ្ជមានដូចគ្នា។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានពន្យល់ប្រាប់ស្ត្រីថា ការឆ្លងជម្ងឺផ្ដាសសាយបក្សីនេះ គឺភាគច្រើនតាមរយៈពីសត្វបក្សីមកមនុស្ស ដោយសារមនុស្សបានប៉ះពាល់សត្វបក្សីទាំងនោះ។ ចំណែកការឆ្លងពីមនុស្សទៅមនុស្ស គឺតាមរយៈការក្អក ឬកណ្ដាស់ ដោយមិនបានពាក់ម៉ាស់ការពារ។
បើទោះបីស្ថានភាពគ្រប់គ្រងបាន អ្នកជំងឺជាសះស្បើយ គ្មានការឆ្លងរីករាលដាល ក៏ប៉ុន្ដែលោកស្រី ឱ វណ្ណឌីន នៅតែអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ពីការឆ្លងរីករាលដាលជំងឺផ្ដាសាយបក្សី ប្រភេទ H5N1 នេះ។

 

លោកស្រីសង្កត់ធ្ងន់ថា ជំងឺនេះក្នុងករណីឆ្លងចូលក្នុងរាង្គកាយហើយនោះ គឺការវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ និងឈានទៅមរណភាព ខ្លាំងជាងជំងឺកូវីដ១៩ទៅទៀត។ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូង នៅកម្ពុជា ក្នុងឆ្នាំ២០០៥មក ក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេ ដែលមានជីវិត៕

Share

Image
Image
Image