សម្តេច ហ៊ុន សែន មេដឹកនាំកម្ពុជា បានបង្ហាញនូវក្ដីព្រួយបារម្ភនៅពេលដែលប្រទេសកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ ក្ដីព្រួយបារម្ភនេះ គឺកើតឡើងទន្ទឹមនឹង ការបង្ហាញមោទកភាព ដែលកម្ពុជា ទទួលបានស្ថានភាពវិវត្តន៍ផ្នែកសេដ្ឋកិច្ច។
លោក គីម ចាន់ចាវ រាយការណ៍
សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលអភិវឌ្ឍន៍តិចតួចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខ។ អ្វីដែលជាការព្រួយបារម្ភរបស់ប្រមុខរដ្ឋាភិបាល គឺនៅពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានប្រាក់ចំណូលតិចតួច នោះការខ្ចីប្រាក់ពីបណ្ដាប្រទេសនិងធនាគារនានា លែងមានការប្រាក់សម្បទានដូចមុនទៀតហើយ ពោលគឺក្លាយជាការប្រាក់ពាណិជ្ជកម្ម ដែលមានតម្លៃខ្ពស់ជាងមុន។ ការបញ្ជាក់របស់សម្តេចនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ។
«ឥលូវមិនជាយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលខ្ញុំកំពុងតែបារម្ភទៅវិញទេ។ ហេតុអីបានត្រូវបារម្ភ កាលណាតែយើងចាកចេញពីប្រទេសដែលអភិវឌ្ឍតិចតួច យើងទៅខ្ចីលុយគេ គេលែងឱ្យយើងខ្ចីតាមអត្រាការប្រាក់សម្បទានហើយ គេឱ្យយើងខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម។ ព្រោះបើអ្នកឯងក្រ អាហ្នឹងគឺគេឱ្យអត្រាការប្រាក់សម្បទា»។
រដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្ដីនៅតែបន្តអំពាវនាវឱ្យបណ្ដាប្រទេសដែលជាម្ចាស់កម្ចីដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ឱ្យបន្តផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់សម្បទានដល់កម្ពុជាបន្តទៀត។
«ចឹងកាលពីមុនកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតទាប ខ្ញុំបានប្រាប់គេថា ទោះបីខ្ញុំជាខ្ញុំចូលជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប(ខ្ពស់) ក៏សូមមេត្តា ផ្ដល់ការអនុគ្រោះឱ្យយើងខ្ញុំអំពីបញ្ហាអត្រាការប្រាក់សម្បទាន។ ខ្ញុំនិយាយជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង ជាមួយចិន ជាមួយធនាគារអភិវឌ្ឍអាស៊ី ថាសុំឱ្យបន្តការផ្ដល់អត្រាការប្រាក់សម្បទាន ឥលូវនៅពេលខាងមុខ មិនយូរប៉ុន្មានទេដែលកម្ពុជាចាកចេញ ពីប្រទេសមានប្រាក់ចំណូលធម្យមកម្រិតទាប ចឹងទេយើងនៅតែអំពាវនាវដល់ដៃគូររបស់យើងផ្ដល់នូវកម្ចីអត្រាការប្រាក់សម្បទាន ព្រោះអារឿងការប្រាក់ធ្ងន់ហ្នឹង យកមកវា រកស៊ីអត់ចំណេញ យើងត្រូវការធ្វើស្ពានធ្វើអី»។
ទោះយ៉ាងណា ការកសាងផ្លូវល្បឿនលឿន ឬ ផ្លូវរទេះភ្លើងល្បឿនលឿន កម្ពុជាចង់ឱ្យមានការវិនិយោគបែប BOT គឺមានន័យថាឱ្យក្រុមហ៊ុនបរទេស ចំណាយលុយសាងសង់ ដើម្បីប្រើប្រាស់ឬធ្វើប្រតិបត្តិការ និងក្រោយមកត្រូវផ្ទេរមកឱ្យរាជរដ្ឋាភិបាលវិញក្នុងពេលកំណត់ជាក់លាក់ណាមួយ។ ក្នុងពេលជួបជាមួយនឹងប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សម្ដេច ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនបារាំងវិនិយោគតាមរបៀប BOT លើផ្លូវរថភ្លើងល្បឿនលឿនផងដែរ។
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ ទំហំបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេសបានកើនឡើងដល់ ៩,៨ ពាន់លានដុល្លារ ឬស្មើប្រមាណជាង ២៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះបំណុលជាង ៤០% កម្ពុជាជំពាក់ប្រទេសចិន ហើយបំណុលជាង ៣០%ផ្សេងទៀត កម្ពុជាជំពាក់ជាមួយដៃគូរអភិវឌ្ឍន៍នានា។ ក្រៅពីនោះ កម្ពុជាជំពាក់បណ្តាប្រទេសមួយចំនួន រួមទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ កន្លងមកក៏មានសង្គមស៊ីវិលមួយមួយចំនួន បានបង្ហាញក្ដីព្រួយបារម្ភលើបញ្ហាបំណុលនេះ និងទាមទារឱ្យរដ្ឋាភិបាល បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះទំហំកើនឡើងនៃបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេស បើទោះបីទំហំបំណុលបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលអះអាងថា នៅមានសុខភាពល្អយ៉ាងណាក្តី។
កាលពីឆ្នាំ២០២០ រដ្ឋាភិបាលបានសងកម្ចីទៅកាន់ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៦០,៣០លានដុល្លារ។ ហើយចាប់ពីឆ្នាំ១៩៩៣ រហូតដល់ចុងឆ្នាំ២០២០ រដ្ឋាភិបាលបានសងបំណុលសរុបចំនួន ២,១១ពាន់លានដុល្លារ។ ក៏ប៉ុន្តែនៅខែធ្នូ ចុងឆ្នាំ២០២២ កម្ពុជាបានទទួលប្រាក់កម្ចីសរុបជិត២ពាន់លានដុល្លារអាមេរិកបន្ថែម ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ៕