en     km
en     km

ចិន​ជំរុញ​ឲ្យ​រុស្ស៊ី-អ៊ុយក្រែន​ការ​ចរចាគ្នា​កុំ​​ប្រើ​អាវុធ​នុយក្លេអ៊ែរ

Share

 

ប៉េកាំង៖ យោងតាមការផ្សាយរបស់ C N A ប្រទេសចិនបានអំពាវនាវនៅថ្ងៃសុក្រទី២៤ ខែកុម្ភៈ ២០២៣ ឱ្យរុស្ស៊ី និងអ៊ុយក្រែនធ្វើការចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ជាមួយគ្នានេះប្រទេសចិនបានទទូចថាជម្លោះរុស្ស៊ី-អុយក្រែនមិនត្រូវប្រើអាវុធនុយក្លេអ៊ែរនោះទេ។

ក្នុងខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រទេសចិនបានធ្វើការអត្ថាធិប្បាយ ស្តីពី “ដំណោះស្រាយនយោបាយ” សង្គ្រាមរុស្ស៊ី-អុយក្រែន។សេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិនបាននិយាយថា “ភាគីទាំងអស់គួរតែគាំទ្ររុស្ស៊ី និងអ៊ុយក្រែនធ្វើការក្នុងទិសដៅដូចគ្នា និងបន្តការសន្ទនាដោយផ្ទាល់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមប្រើអាវុធនុយក្លេអ៊ែរក្នុងជម្លោះនេះ។ចិន​បាន​បញ្ជាក់​យ៉ាងច្បាស់​ពី​ការប្រឆាំងចំពោះ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានបន្ថែមថា “មិនត្រូវប្រើអាវុធនុយក្លេអ៊ែ ហើយសង្គ្រាមនុយក្លេអ៊ែរមិនត្រូវកើតមានទេ។ការគំរាមកំហែង ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរគួរតែត្រូវបានហាមឃាត់” ។ចិន​ក៏បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​ការពារ​ជន​ស៊ីវិលផងដែរ។របាយការណ៍បានសរសេរបន្ថែមថា”ភាគីជម្លោះគួរតែគោរពយ៉ាងតឹងរ៉ឹងនូវច្បាប់​​មនុស្សធម៌អន្តរជាតិ ជៀសវាងការវាយប្រហារលើជនស៊ីវិលឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិល”។

ចិន​បាន​ព្យាយាម​ដាក់​ខ្លួន​ជា​អ្នក​អព្យាក្រឹត​ក្នុង​ជម្លោះ ខណៈ​កំពុង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​រុស្ស៊ី។អ្នកការទូតកំពូលរបស់ចិន លោក Wang Yi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrovនិងលោកប្រធានាធិបតី Vladimir Putin នៅទីក្រុងមូស្គូកាលពីថ្ងៃពុធទី២២ កុម្ភៈ ២០២៣។បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang ទីក្រុង​មូស្គូ​បាន​និយាយ​ថា ក្រុង​ប៉េកាំង​បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​លើ​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ កុម្ភៈថា លោកមិនបានឃើញផែនការសន្តិភាពណាមួយរបស់ចិនទេ ហើយចង់ជួបជាមួយទីក្រុងប៉េកាំងជុំវិញសំណើដំណោះស្រាយសន្តិភាព មុននឹងសម្រេចចិត្តយ៉ាងណាមួយនោះ។លោកZelenskyy បាននិយាយថា “ខ្ញុំគិតថាជាទូទៅវាគឺជាការល្អមួយដែលប្រទេសចិនបានចាប់ផ្តើមនិយាយអំពីអ៊ុយក្រែនហើយបានបញ្ជូនសញ្ញាមួយចំនួន” ។”យើងនឹងធ្វើការសន្និដ្ឋានខ្លះៗ បន្ទាប់ពីយើងឃើញជាក់លាក់នូវអ្វីដែលពួកគេផ្តល់ជូន យើងចង់ឱ្យមានកិច្ចប្រជុំជាមួយប្រទេសចិន”។

ចាប់តាំងពីរថក្រោះរុស្ស៊ីបានរំកិលឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសចិនបានគាំទ្រផ្នែកការទូតនិងហិរញ្ញវត្ថុដល់លោកពូទីន ប៉ុន្តែបានបដិសេធពីការចូលរួមយោធាឬបញ្ជូនអាវុធឱ្យរុស្ស៊ី​​។​​ក្រុមហ៊ុនចិនដែលគ្រប់គ្រងដោយរដ្ឋ បានលក់យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ផ្សេងទៀតទៅឱ្យរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូត្រូវបានបង្ខំចិត្តងាកទៅរកប្រទេសអ៊ីរ៉ង់សម្រាប់ការផ្គត់ផ្គង់សម្ភារៈយោធាដូចជា យន្តហោះគ្មានមនុស្សបើកជាដើម។សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​ក៏​បាន​ផ្តល់​គ្រាប់​រ៉ុក្កែត និង​កាំភ្លើង​ធំ​ឱ្យរុស្ស៊ីផង​ដែរ។ទីក្រុង

វ៉ាស៊ីនតោននិងអង្គការណាតូ បានបង្ហាញការព្រួយបារម្ភថា ចិនអាចនឹងមានគម្រោងផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធចំពោះរឿងនេះ។

ប្រភព៖ C N A ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង