លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា អាជីវកម្មក្រុមហ៊ុនជីកត្បូងធំៗនៅក្នុងដែនដីខេត្តប៉ៃលិន មិនមាននោះទេនាពេលបច្ចុប្បន្ន តែត្បូងនៅក្នុងខេត្តនៅរក្សាបាននៅឡើយ ជាពិសេសត្បូងនៅភ្នំយ៉ាត លោកស្រីធានាថារក្សាបាន១០០%។
ការអះអាងរបស់អភិបាលខេត្តជាស្រ្តីរូបនេះ កើតឡើងនៅពេលចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពី”ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តប៉ៃលិន នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកស្រីបន្ថែមថា នៅសម័យមុនសមាហរណកម្មគ្មានច្បាប់អនុវត្ត និងមានអាជីវកម្មជីកត្បូងធំៗ តែពេលនេះអាជីវកម្មលក្ខណៈទ្រង់ទ្រាយធំមិនមាននោះទេ។ យ៉ាងណាលោកស្រី បញ្ជាក់ថា ត្បូងនៅតែមានដដែល បើធ្វើអាជីវកម្មក្រុមហ៊ុមត្រូវសិក្សាពីផលប៉ះពាល់ពីក្រសួងជំនាញជាមុនសិន។
សូមជម្រាបថា ខេត្តប៉ៃលិន មាននិមិត្តសញ្ញាថ្មីៗត្រូវបានបង្កើតឡើងដោយក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្ដេច ស ខេង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងនោះរូប ភ្នំខៀវ ភ្នំយ៉ាត និងត្បូង ក៏ត្រូវបានដាក់ក្នុងរូបតំណាងថ្មីផងដែរ។ បើយោងទៅតាមសេចក្ដីប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាខេត្តប៉ៃលិនថ្មីរបស់ក្រសួងមហាផ្ទៃបញ្ជាក់ថា រូបទាំងនេះតំណាងឱ្យធនធានធម្មជាតិដ៏សម្បូរបែបរួមមាន ព្រៃឈើ សត្វចតុប្បាទ បក្សាបក្សីគ្រប់ប្រភេទ និងជាពិសេសធនធានរ៉ែត្បូង ដែលជាធនធានដ៏សំខាន់គ្រប់វិស័យរបស់ខេត្ត ៕