en     km
en     km

សម្តេច ហ៊ុន សែន បង្ហាញជំនឿថាកម្ពុជាគ្រប់គ្រងអតិផរណាបានល្អអំឡុងពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Share

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកំពុងរង់ចាំមើលសេចក្តីថ្លែងការណ៍របស់ប្រទេសមហាអំណាចនានា នៅថ្ងៃនេះ ដែលជាខួបមួយឆ្នាំនៃការសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រី បង្ហាញជំនឿជាក់ថា កម្ពុជាបានគ្រប់គ្រងអតិផរណាបានល្អទោះប្រទេសមហាអំណាចធំៗមួយចំនួនបានជាប់ដៃក្នុងសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ លោក គីម ចាន់ចាវ រាយការណ៍ 

 

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងឱ្យដឹងថា កម្ពុជាកំពុងរង់ចាំមើលប្រទេសមហាអំណាច និងបណ្ដាប្រទេសនានាចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងបញ្ហាសង្រ្គាម រវាងរុស្ស៊ី-អ៊ុយក្រែន។ រង់ចាំក៏ព្រោះថាថ្ងៃនេះ គឺជាខួបមួយឆ្នាំ(២៤ កុម្ភៈ ២០២២-២៤ កុម្ភៈ ២០២៣) នៃសង្គ្រាមរវាងប្រទេសទាំងពីរ ដែលធ្វើឱ្យពិភពលោកផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តីនេះ នៅគ្រាដែលសម្តេចចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ជាង ៧ពាន់នាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នៅមជ្ឍមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ។

 

«យើងកំពុងតែរង់ចាំការស្ដាប់ សេចក្ដីថ្លែងការណ៍នៃមហាអំណាច ឬប្រទេសនានា ទាក់ទងនឹងបញ្ហានេះផងដែរ រឿងរ៉ាវវាច្រើនណាស់ស្មុគ្រស្មាញ ក៏ប៉ុនតែនោះ ហើយរឿងទាំងនោះវាពាក់ព័ន្ធយើង មិនមែនមិនពាក់ព័ន្ធយើងទេ ដែលចាំបាច់យើងត្រូវតាមដានអំពីបញ្ហានេះ»។

 

បញ្ហានេះត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកជារឿងស្មុគស្មាញ ហើយក៏ពាក់ព័ន្ធដល់កម្ពុជា ដែលសម្តេច ហ៊ុន សែន ថ្លែងបន្ថែមថា ចាប់យកការផ្គត់ផ្គង់ស្បៀងជាបញ្ហាសំខាន់មួយដែលរដ្ឋាភិបាលកំពុងខិតខំពង្រឹងនៅការគ្រប់គ្រងស្បៀង។

 

“អត្រាប្ដូរប្រាក់នៅកម្ពុជាមានស្ថេរភាពល្អ អតិផរណានៅគ្រប់គ្រងបានល្អ ។ យើងចង់ឲ្យអតិផរណាទាបជាងនេះប៉ុន្តែវាមិនអាចចុះបានទៀតទេ ដោយមូលហេតុសត្យានុម័ត។ សំខាន់ជាងគេគឺតម្លៃប្រេងនេះតែម្ដងបើតម្លៃប្រេងវាឡើងគឺវាជាបញ្ហាគ្រប់ប្រទេសទាំងអស់មិន មែនតែកម្ពុជានោះទេ”។

 

សម្តេចហ៊ុន សែន បានបន្តទៀតថា ដោយសារតែមធ្យោបាយដឹកជញ្ជូនប្រើប្រាស់គ្រឿងយន្ត ដោយប្រើប្រាស់ប្រេងឥន្ធនៈ ដូចនេះបើប្រេងឡើងថ្លៃនោះនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃ ដែលជាមួលហេតុធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃ។ ដូច្នេះសម្តេច ហ៊ុន សែន បញ្ជាក់ថា ផលប៉ះពាល់របស់សេដ្ឋកិច្ចកម្ពុជាគឺផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចតំបន់និងពិភពលោក។

 

 “ក៏មានការរីករាយផងដែរដោយប្រទេសធំៗពីរនៅក្បែរយើងមានសេដ្ឋកិច្ចល្អ ជាពិសេសសេដ្ឋកិច្ចប្រទេសវៀតណាមគឺល្អ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាម ភាពនឹងនររបស់សេដ្ឋកិច្ចវៀតណាម ដែលមិនមានអតិផរណាខ្ពស់ ហើយសេដ្ឋកិច្ចរបស់ថៃក៏ស្ថិតក្នុងស្ថានភាពល្អ មានតែឡាវទេដែលអតិផរណាមានដល់៤០ភាគរយ”។

 

ជាការកត់សម្គាល់សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន បានជះឥទ្ធិពលធ្វើឱ្យពិភពលោកទាំងមូលទទួលការខាតបង់ផ្នែកសេដ្ឋកិច្ច ជាពិសេស តម្លៃប្រេងឡើងថ្លៃយ៉ាងគំហុក។ មុនប៉ុន្មានថ្ងៃនៃឱកាសខួបមួយឆ្នាំនេះ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកបានទៅជួបមេដឹកនាំ អ៊ុយក្រែន លោក ហ្សាលីនស្គី លើទឹកដីអ៊ុយក្រែន។ ចំណែកពេលនេះលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក៏បានជួបលោក ពូ ទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីបង្ហាញការគាំទ្រ៕

Share

ព័ត៌មានទាក់ទង

Image