loader

ក្រុមគ្រូពេទ្យបន្តពិនិត្យសំណាកមនុស្សនិងបក្សីពាក់ព័ន្ធក្មេងស្រីម្នាក់ស្លាប់ដោយជំងឺផ្ដាសាយបក្សី H5N1

ភ្នំពេញ៖ ភ្លាមៗក្រោយក្មេងស្រីអាយុ១១ឆ្នាំ ៦ខែ រស់នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីH5N1 ក្រុមការងារនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងសហការគ្នារវាងពេទ្យសត្វ និងពេទ្យមនុស្ស ដើម្បីតាមដានករណីឆ្លងនេះ។

លោក គីម ចាន់ចាវ រាយការណ៍

 

 

ការងាររួមគ្នារវាងបសុពេទ្យ ឬពេទ្យសត្វ និងពេទ្យមនុស្សនេះ ត្រូវធ្វើឡើងដោយក្រុមគ្រូពេទ្យចុះដល់ទីតាំងដែលកើតមានជំងឺផ្ដាសសាបក្សី H5N1 ដោយពិនិត្យទាំងសត្វ និងមនុស្សដែលសង្ស័យមានការពាក់ព័ន្ធ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី២៣ ខែកុម្ភៈថា បន្ថែមពីការពិនិត្យដល់ទីតាំងក្រុមការងារសុខាភិបាលក៏បាន ចុះអប់រំ ដោយមានផ្ទាំងរូបភាពណែនាំដល់ពលរដ្ឋនៅមូលដ្ឋានពីជម្ងឺឆ្លងនេះ។

«ឥលូវយើងកំពុងធ្វើការរួមគ្នា រវាងពេទ្យសត្វស្រុក សត្វព្រៃ ពេទ្យមនុស្ស ដើម្បីយកវត្ថុវិភាគពីសត្វទាំងអស់។ ខាងពេទ្យសត្វគាត់យកពីសត្វព្រៃ សត្វស្រុក ខាងពេទ្យមនុស្សយកវត្ថុវិភាគអ្នកសង្ស័យទាំងអស់យកទៅមើល ដើម្បីបង្ការកុំឱ្យទី១គឺ ព្យាបាលគាត់ ទី២កុំឱ្យគាត់ឆ្លងទៅអ្នកដ៏ទៃ»។

 

 

បន្ទាប់ពីអាក់ខានស្ងប់ស្ងាត់អស់រយៈពេល ៨ ឆ្នាំមកហើយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅយប់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា មានការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ១១ ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

 

កុមារីនេះចាប់ផ្ដើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩ អង្សាសេ ព្រមទាំងមានក្អក និងឈឺ-ក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្ដើមហត់ ក្រុមគ្រួសារក៏បានបញ្ជូនកុមារីនោះទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។

មកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញើទៅវិទ្យាស្ថានជាតិសុខភាពសាធារណ: និងទទួលបានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថា មានវិជ្ជមានមេរោគផ្តាសាយបក្សី H5N1។ ស្ថានភាពជំងឺធ្ងន់ធ្ងររបស់កុមារី បានបណ្ដាលឱ្យកុមារីរូបនោះបាត់បង់ជីវិតទៅហើយ។

 

 

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ពន្យល់ថា ការឆ្លងជម្ងឺផ្ដាសសាយបក្សីនេះ គឺភាគច្រើនតាមរយៈពីសត្វបក្សីមកមនុស្ស ដោយសារមនុស្សបានប៉ះពាល់សត្វបក្សីទាំងនោះ។ ចំណែកការឆ្លងពីមនុស្សទៅមនុស្ស គឺតាមរយៈការក្អក ឬកណ្ដាស់ ដោយមិនបានពាក់ម៉ាស់ការពារ។

 

«គឺឆ្លងដោយសារយើងប៉ះពាល់ ដោយយកមាន់ទា ដោយយកមាន់ទា ឈឺ-ងាប់យកមកលេង ឬយកសត្វព្រៃយកមកលេងហ្នឹង ដោយប៉ះពាល់ផ្ទាល់ហ្នឹង អាចឆ្លងមកមនុស្សយើង។ ចំពោះមនុស្សទៅមនុស្សក៏អាចឆ្លងដែរ ប៉ុន្តែទាល់តែរស់នៅជាមួយគ្នាជិតដិត ដូចជាញុំបាយជាមួយគ្នា គេងជាមួយគ្នា មានន័យថាជិតដិត មិនទាន់មានការងាយឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ។ បើឆ្លងគឺតាមរយៈ ទឹកសរីរាង្គ ទឹកមាត់ ឬមួយក៏ក្អក ក្អកហ្នឹងទៅវិញទៅមកផ្ទួនៗ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានឆ្លងបាន វាមិនទាន់មានការងាយឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ»។

 

ករណីដែលជម្ងឺផ្ដាសាយបក្សី ឆ្លងមកមនុស្សនេះ បានកើតឡើងខ្លាំងនៅកម្ពុជាដំបូងនៅអំឡុងឆ្នាំ២០០៤ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយមានវិធានការសុខាភិបាល។ ក្រោយមកនៅឆ្នាំ២០១៥ ករណីឆ្លងនេះបានកើតឡើងជាថ្មី និងចុងក្រោយនេះ គឺករណីឆ្លងដែលបានសម្លាប់ក្មេងស្រីនៅខេត្តព្រៃវែងនេះ ដែលជាអ្នកស្លាប់ករណីលើកទី៣៨ ដោយសារជម្ងឺផ្ដាសសាយបក្សី។

 

 

នាយកដ្ឋានជំនាញក៏បានអំពាវនាវដល់សាធារណជនទាំងអស់ កុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងអស់ ទាំងបក្សីស្រុក និងបក្សីព្រៃ។ ក្នុងករណីសង្ស័យមានផ្ទុកជំងឺនេះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x