ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីនខួបលើកទី២៤ ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកុម្ភៈស្អែកនេះលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់(CMAC) បានបង្ហោះសាររបស់លោកលើទំព័រហ្វេសប៊ុក CMAC នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ដោយអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាមីន បើទោះបីជាខេត្តក្រុងខ្លះប្រកាសជាខេត្តអស់មីនយ៉ាងណាក្តី។
លោក ហេង រតនា ក៏អំពាវនាវដល់កុមារា កុមារី ទាំងអស់ករណីប្រទះឃើញគ្រាប់មីន ត្រូវរាយការណ៍ជូនអ្នកពាក់ព័ន្ធមានសមត្ថកិច្ច ជៀសវាងយកគ្រាប់មីនទៅដំលេងបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រសាសន៍លោក ហេង រតនា ៖
របាយការណ៍ក្នុងសារលិខិតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាចូលរួមអបអរសាទរខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីននេះដែរ បានបង្ហាញថា ក្នុងឆ្នាំ២០២២ អាជ្ញាធរមីនបានបោសសម្អាតផ្ទៃដីចំនួន ២៥០ គីឡូម៉ែត្រការ៉េសម្រាប់ឱ្យប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់បង្កបង្កើនផងបាន។
ក្នុងឆ្នាំ២០២២ដដែរ អាជ្ញាធរបានរកឃើញនិងបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៣៦ ៦០៩គ្រាប់ ក្នុងនោះមានគ្រាប់មីនប្រឆាំងរថក្រោះចំនួន ១៨៣គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៥៥ ៨០៣ គ្រាប់។
ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១ នាក់នៅឆ្នាំ២០២២។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២ កន្លងទៅ កម្ពុជាបានប្រកាសខេត្តក្រុងមួយចំនួន ៦ ថាជាខេត្តក្រុងអស់មីន ក្នុងនោះមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញនិងខេត្តត្បូងឃ្មុំ។ ដោយឡែកនៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលគ្រោងប្រកាសខេត្តចំនួន ១២ទៀត រួមមានខេត្តកំពង់ចាម ស្វាយរៀង កណ្តាល តាកែវ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប រតនាគិរី និងខេត្តមណ្ឌលគិរី នឹងត្រូវប្រកាសជាខេត្តអស់មីន។
ចំណែកក្រោយឆ្នាំ ២០២៣ កម្ពុជានឹងមានខេត្តចំនួន ៧ ទៀតមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងត្រូវប្រកាសជាខេត្តអស់មីន៕