ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតណែនាំដល់គណៈគ្រប់គ្រងសាលារៀនទូទាំងប្រទេសចូលរួមទប់ស្កាត់ការលក់ចំណីអាហារ ៦ ប្រភេទដែលប៉ះពាល់សុខភាពកុមារក្នុងបរិវេណសាលារៀន។ ក្រសួងបានណែនាំឱ្យគណៈគ្រប់គ្រងសាលាត្រូវធ្វើកិច្ចសន្យាជាមួយអ្នកលក់ដូរក្នុង ករណីល្មើសត្រូវទទួលវិធានការរដ្ឋបាលតាមឋានានុក្រមនិងតាមទិដ្ឋភាពជាក់ស្តែង។
លោក គីម ចាន់ចាវ រាយការណ៍
ចំណី-អាហារទាំង ៦ប្រភេទដែលត្រូវហាមឃាត់នោះរួមមាន៖១៖ ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់។ ២៖ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ។ ៣៖ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់។ ៤៖ ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ។ ៥៖ ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ។ ៦៖ ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែម។
លោក រស់ សុវាចា អគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី២២ ខែកុម្ភៈថា តាមការណែនាំនេះ គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងការលក់ដូរដែលត្រូវស្របជាមួយកិច្ចសន្យាលក់ដូរលើទីតាំងសាលារៀន។
«បើការលក់ដូរផ្ទុយពីកិច្ចសន្យានេះ គណៈគ្រប់គ្រងសាលារៀនអាចអនុវត្តវិធានការរដ្ឋបាលមានជាធរមាន»។
ទាក់ទងនឹងចំណាត់ការរបស់ក្រសួងអប់រំលើបញ្ហាសុខភាពសិស្សនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព ចង់ឱ្យក្រសួងគួរចាត់វិធានការលើគណៈគ្រប់គ្រងសាលា ជាជាងវិធានការលើអ្នកលក់ដូរ។
«ការដាក់វិធានការ មិនមែនដាក់វិធានការទៅឱ្យតែអ្នកលក់ទេ ក្រសួងដាក់វិធានការទៅដល់អ្នកគ្រប់គ្រងសាលាទៀត ដើម្បីឱ្យគាត់ធ្វើការយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំង។ ហើយថាសាលាហ្នឹងគាត់មានវិធានការជាមួយនឹងវាជារឿងមួយហើយ ប៉ុន្តែក្រសួងត្រូវតែដាក់វិធានការចាំបាច់ច្បាស់លាស់ជាមួយអ្នកគ្រប់គ្រងសាលាហ្នឹង»
ទោះយ៉ាងណា លោក រស់ សុវាចា អះអាងថា ក្រសួងអប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់ខ្ពស់ពិនិត្យតាមដានសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់តាមយន្តការដែលមានស្រាប់ ជាពិសេសតាមរយ:យន្តការរបស់នាយកដ្ឋានសុខភាពសិក្សារបស់ក្រសួង និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ។
ដើម្បីអនុវត្តការណែនាំនេះ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងការបរិភោគអាហារមិនមានសុវត្ថិភាព” នៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ។
លោក យ៉ង់ គឹមអេង ទាមទារឱ្យក្រសួងអប់រំកំណត់ស្ដង់ដារគុណភាពចំណីអាហារ ដោយមានអ្នកត្រួតពិនិត្យ និងការដាក់ពិន័យលើអ្នកគ្រប់គ្រងសាលា។
«បើសិនជាយើងចង់ឱ្យថា អ្នកលក់ដូរគ្រប់រូបគោរពស្ដង់ដារគុណភាពចំណីអាហារត្រឹមត្រូវ ក្រសួងត្រូវកំណត់ទៅថា គុណភាពហ្នឹងយ៉ាងម៉េច ហើយក្រសួងត្រូវមានអ្នកត្រួតពិនិត្យអីត្រឹមត្រូវទៅ ហើយអាចធ្វើការជាមួយក្រសួង-ស្ថាប័នជំនាញ ត្រួតពិនិត្យរឿងចំណីអាហារហ្នឹងទៅសម្រាប់នៅក្នុងសាលា។ ចំណីអាហារណាហាម បើសិនមានការលក់ដូរ គឺអាចធ្វើការដាក់ពិន័យ ផ្សេងៗ ទៅដល់អ្នកគ្រប់គ្រងសាលាហ្នឹងទៅ។ អាហ្នឹងអាចមានប្រសិទ្ធិភាពហើយបាទ បើគ្រាន់តែនិយាយអត់មានវិធានការទេ បើគ្រាន់តែចេញសេចក្ដីណែនាំ អត់មានវិធានការជាក់ស្ដែង ខ្ញុំថាអត់អាចទៅរួចទេបាទ គឺនៅតែចឹង»។
លោក រស់ សុវាចា អះអាងថា ក្រសួងអប់រំ យុវជន និងកីឡាជឿជាក់ថាវិធានការ ហាមឃាត់ការលក់ ចំណីអាហារទាំង ៦ប្រភេទ ដែលក្រសួងដាក់ចេញ បានចូលរួមទប់ស្កាត់ ករណីសិស្សពុលអាហារកន្លងមក តាមរយ:ការដាស់តឿនឱ្យមានការគិតគូរប្រុងប្រយ័ត្នរឹតតែខ្ពស់ក្នុងការជ្រើសរើសចំណីអាហារដែលមានផលវិជ្ជមានសម្រាប់ទ្រទ្រង់សុខភាព និងការលូតលាស់ផ្លូវបញ្ញា។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងបន្តជំរុញឱ្យគ្រូបង្រៀននិងគណ:គ្រប់គ្រងសាលារៀនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាសុខភាពរបស់សិស្ស ដែលជាកត្តាដ៏សំខាន់មួយអាចជះឥទ្ធិពលដល់ការសិក្សា៕