គូឡាឡាំពួរ៖ យោងតាម C N A ក្រសួងការបរទេសម៉ាឡេស៊ីបានទទួលរបាយការណ៍ថាគិតត្រឹមថ្ងៃអាទិត្យ ១៩កុម្ភៈ ២០២៣ មានជនជាតិម៉ាឡេស៊ី ចំនួន ៥៧២ ដែលជាជនរងគ្រោះដោយក្រុមបោកប្រាស់រកការងារឱ្យធ្វើនៅបរទេស។
អនុរដ្ឋមន្ត្រីការបរទេសលោក Mohamad Alamin បាននិយាយថា របាយការណ៍នេះបានទទួលតាមរយៈស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសថៃ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។”ក្នុងចំណោមចំនួនមនុស្ស ៤០៣ នាក់ត្រូវបានជួយសង្គ្រោះ មានមនុស្ស ៣៨២ នាក់ត្រូវបានបញ្ជូនទៅផ្ទះវិញ ក្នុងនោះមាន៥នាក់បានត្រលប់មកវិញកាលពីថ្ងៃអាទិត្យមុន។
លោកបានថ្លែងថា៖ «មនុស្ស ២១ នាក់ដែលនៅសេសសល់កំពុងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ខណៈរង់ចាំដំណើរការបែបបទផ្លូវច្បាប់ រីឯ១៦៩នាក់ទៀតកំពុងតាមដាន»។លោកបានថ្លែងដូច្នេះក្នុងការឆ្លើយតបនឹងសំណួររបស់សមាជិកសភាម៉ាឡេស៊ី ទាក់ទងនឹងវិធានការនានាដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនម៉ាឡេស៊ីដែលជាជនរងគ្រោះដោយការឆបោកនៅបរទេស ជាពិសេសក្នុងប្រទេសមីយ៉ាន់ម៉ា។
អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohamad បានថ្លែងថាស្ថានទូតក្នុងប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា រួមទាំងអាជ្ញាធរនៃប្រទេសពាក់ព័ន្ធ បានកំណត់ទីតាំង និងជួយសង្គ្រោះជនរងគ្រោះម៉ាឡេស៊ី ក៏ដូចជាបានផ្តល់ជំនួយកុងស៊ុលធ្វើយ៉ាងណាជួយពួកគេត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះ។
ឆ្លើយតបទៅនឹងសំណួរបន្ថែមរបស់សមាជិកសភាម៉ាឡេស៊ី ទាក់ទងនឹងការចំណាយ ដើម្បីនាំយកជនរងគ្រោះមកផ្ទះវិញ ថាតើក្រសួងពាក់ព័ន្ធត្រូវបង់ប្រាក់លោះឬអត់នោះ លោកបាននិយាយថារាល់ការចំណាយវាជាបន្ទុករបស់គ្រួសារជនរងគ្រោះ និងសាច់ញាតិ។
លោកបានមានប្រសាសន៍ថា “រាល់ការចំណាយលើការធ្វើមាតុភូមិនិវត្តន៍ តាមពិតមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងការបរទេសម៉ាឡេស៊ីទេ មិនមានការចំណាយណាមួយកើតឡើងនោះទេ។ នេះជាការទទួលខុសត្រូវទាំងស្រុងរបស់គ្រួសារ និងសាច់ញាតិ”។ម្យ៉ាងទៀតការសងប្រាក់វិញ ក៍មិនស្ថិតនៅក្រោមក្រសួង ឬរដ្ឋាភិបាលដែរ គឺជាការទទួលខុសត្រូវរបស់ក្រុមគ្រួសារ និងញាតិសន្តានរបស់ជនរងគ្រោះផងដែរ»។
ប្រភព៖ C N A ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣