ភ្នំពេញ៖ បច្ចប្បន្នអ្នកត្បាញក្រមាជាច្រើនគ្រួសារ បានផ្លាស់ប្តូរពីការត្បាញដោយដៃចំណាយពេលយូរ មកជាការប្រើប្រាស់ម៉ាស៊ីនអគ្គិសនីដែលធ្វើឱ្យអ្នកត្បាញចំណេញពេលវេលាតិច និងមានភាពងាយស្រួល។ អ្នកស្រី សាន ជាអ្នកត្បាញក្រមាមួយរូបដែលមានបទពិសោធប្រមាណជា៣០ឆ្នាំ ស្ថិតនៅឃុំព្រៃដំបង ស្រុកកំពូល ខេត្តកណ្តាល បានឱ្យដឹងថា ការត្បាញដោយម៉ាស៊ីន គឺមានភាពងាយស្រួល និងប្រើប្រាស់កម្លាំងកាយតិច ជាពិសេសក្រមាដែលត្បាញបាន ក៏មានចំនួនច្រើនជាងការត្បាញដោយដៃផងដែរ។
(កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍)
ក្រមាកាលដើមឡើយ ត្រូវបានប្រជាពលរដ្ឋនិយមប្រើប្រាស់ប្រចាំថ្ងៃ។ បើយោងតាមឯកសារមួយចំនួនបានឱ្យដឹងថា ក្រមា បានក្លាយ ជាអត្តសញ្ញាណនៃសម្លៀកបំពាក់ខ្មែរចាប់តាំងពីសតវត្សរ៍ទីមួយនៃរជ្ជកាលព្រះបាទហ៊ុន ទៀន តែទោះបីជាយ៉ាងណាក៏ដោយ គេពុំបានដឹងច្បាស់ពីពេលវេលាជាក់លាក់ ដែលក្រមាចាប់ផ្តើមមានប្រជាប្រិយភាពនៅគ្រប់កន្លែងនោះទេ។
ជាមួយគ្នានេះគេសង្កេតឃើញស្ត្រីខ្មែរ តែងតែនិយមប្រើប្រាស់ក្រមាពាក់ពីក្រោមមួកស្លឹកដែលមានរាងជាសាជី ដើម្បីការពារកំដៅព្រះអាទិត្យពេលធ្វើស្រែចំការ។
ក្រមាត្រូវបានត្បាញឡើងពីសរសៃអំបោះច្នៃរំលេចពណ៌ផ្សេងៗដោយអ្នកត្បាញច្នៃជាម៉ូតក្រឡាផ្សេងៗលាយចូលគ្នា។ តាំងតែពីបុរាណមកការត្បាញក្រមាគឺជាសិប្បកម្មជាលក្ខណៈប្រពៃណីដែលធ្វើដោយដៃ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋដែលត្បាញក្រមាមួយចំនួនបានផ្លាស់ប្តូរពីការត្បាញដោយដៃមកជាការត្បាញដោយម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ដោយសារវាមានភាពងាយស្រួល និងអាចចាយពេលតិចជាងការត្បាញដោយដៃ។
អ្នកស្រី សាន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនផ្សេងទៀតដែលប្រកបរបរត្បាញក្រមា នៅឃុំព្រៃដំបង ស្រុកកំពូល ខេត្តកណ្តាល ។ អ្នកស្រីបានក្លាយជាអ្នកត្បាញក្រមាបន្តពីឳពុកម្តាយ ជាមួយនឹងការវិវត្តន៍នៃរបៀបត្បាញក្រមានេះ។ អ្នកស្រី សាន បានឱ្យដឹងដែរថា មូលហេតុដែលអ្នកស្រីប្តូរពីការប្រើកីតម្បាញដោយដៃមកជាម៉ាស៊ីន ពីព្រោះមិនសូវជាមានការលំបាក និង ទទួលបានផលិតផលច្រើនជាងការត្បាញដោយដែ។
អ្នកស្រី សាន៖ «ត្បាញដៃហ្នឹងចង់និយាយថាពេលនុង អត់ទាន់មានម៉ាស៊ីន អត់ទាន់មានភ្លើង យើងត្បាញនឹងដៃបានមួយថ្ងៃតែ៥(៥ក្រមា)ទេ ដល់តែពេលឥឡូវគេមានផ្លើងយើងត្បាញម៉ាស៊ីនវិញ ហើយវាលឿនជាងមុន និងបានច្រើនត្បាញបានមួយថ្ងៃ២០(២០ក្រមា) យើងទិញអំបោះមកយកទៅឱ្យគេអន្ទងតេ ២ទោ៣ថ្ងៃយើងបានត្បាញហើយអត់ពិបាកទេមានគេអ្នកចេះអន្ទងឱ្យចូលកីចឹងទៅយើងចាំតែយកអន្ទងបន្តរយៈពេលតែមួយព្រឺកយើងបានត្បាញហើយ យើងអត់ខាតពេលវេលាយូរទេ»។
ទាក់ទងនឹងទីផ្សារក្រមាវិញអ្នកស្រីបានឱ្យដឹងថា ក្រមានៅមិនទាន់មានសន្ទុះកើនឡើងនោះទេ ទាល់តែមានការបញ្ជាទិញពីឈ្មួញ ទើបអ្នកស្រីត្បាញសម្រាប់អ្នកបញ្ជាទិញ។
អ្នកស្រី សាន៖« អត់យកទៅលក់ខ្លួនឯងនោះទេឈ្មួញកណ្តាលគេមកទិញ ជួញកាលគេយកទៅខាងចែកបុណ្យគេចុះមកទិញអីចឹង គេយកទៅចែកបុណ្យទៅ ឬមួយក៏យកទៅកាន់ទីផ្សារដូចជាអូឡាំពិចចឹងទៅ ឬមួយមានអ្នកទិញទៅលក់តាមដូចស្រែចម្ការចឹងទៅ»។
អ្នកស្រីអំពាវនាវឱ្យមានការគាំទ្រផលិតផលក្រមាខ្មែរ ដើម្បីឱ្យការត្បាញក្រមាដែលជាកេរ្តិ៍តំណែលដូនតាមួយនេះ រីកចម្រើនបន្តទៀត។
អ្នកស្រី សាន៖«ចង់ឱ្យផលិតផលខ្មែរហ្នឹងរីកចម្រើនទៅមុខទៀត ដូចថាចង់និយាយថាឥឡូវហ្នឹងដូចជាអត់ទាន់ឡើងថ្លៃទេណាស់ ឈ្មួញកណ្តាលហ្នឹងដូចថាទិញនៅក្នុងតម្លៃថោកអត់ទាន់មានឡើងថ្លៃទេ។ ដូច្នេះហើយអ្នកត្បាញហ្នឹងចំណេញបានតិច»។
កាលពីដើមខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបានរៀបចំកម្មវិធីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោករបស់កំណត់ត្រាពិភពលោក (Guinness World Records) ក្នុងគោលបំណងបង្ហាញអត្តសញ្ញាណ និង រំលេចទង់ជាតិខ្មែរឱ្យអន្តរជាតិបានស្គាល់តាមរយៈគណៈកម្មការឯតទគ្គកម្មពិភពលោក (Guinness World Records) និងបង្កើនស្មារតីរួបរួមគ្នាសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ ចំណែកក្រមាដែលមានប្រវែងជាង១០០០ម៉ែត ឬស្មើនឹងជិត៣លានសរសៃនេះ គឺកើតឡើងពីការចូលរួមត្បាញរបស់ប្រជាពលរដ្ឋទាំងជាតិនិងអន្តរជាតិចំនួនជិត២ម៉ឺននាក់៕