en     km
en     km

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប​​ ឆ្លើយតបអ្នករាយការណ៍ពិសេសថា កម្ពុជាគាំពារសារព័ត៌មានណាដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ

Share

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយអះអាងថា ប្រទេសកម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត។ សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសសហប្រជាជាតិ បីរូប បានធ្វើសេចក្តីអត្ថាធិប្បាយដែលគេយល់ថាលម្អៀង និងមានការរើសអើង ពាក់ព័ន្ធស្ថានីយវិទ្យុសំឡេងប្រជាធិបតេយ្យVOD។ លោក គីម ចាន់ចាវ រាយការណ៍

 

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា បានសម្តែងការសោកស្ដាយចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសទាំងបីរូប។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា យល់ថា «ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភ អ្វីទាំងអស់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច ដោយចេតនា ដែលគ្រប់ប្រទេសទាំងអស់តែងតែថ្កោលទោស។ អង្គភាពសារព័ត៌មានមួយ នេះបានចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជាស្តីពីការផ្តល់ ជំនួយមនុស្សធម៌»។

 

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា បញ្ជាក់ថាការលើកឡើងដោយលម្អៀងរបស់អ្នករាយការណ៍ពិសេសនេះ បានមើលរំលងការពិតមិនអាចប្រកែកបាន ដែលមណ្ឌលផ្សព្វផ្សាយនោះបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង បានបដិសេធមិនកែប្រែកំហុស ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបប សារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា “ក្នុងករណីបុគ្គលសារធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬ យកមកចុះផ្សាយបន្តខុសពីការពិតដោយចេតនាអាក្រក់ប្រឆាំងនឹងបុគ្គលសាធារណៈនោះ គឺជាការប្រមាថ និងត្រូវបានហាមឃាត់”។

អ្នកជំនាញ សិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិបីរូប ទាមទារឱ្យអាជ្ញាធរ រដ្ឋាភិបាលកម្ពុជា បើកឲ្យ វិទ្យុ សំឡេងប្រជាធិបតេយ្យ (VOD) ដំណើការឡើងវិញ នៅមុនពេលបោះឆ្នោត ជាតិមកដល់ជាបន្ទាន់។ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ទាំងនេះព្រួយបារម្ភថា ការដែលរដ្ឋាភិបាលដកអាជ្ញាប័ណ្ណវិទ្យុ វីអូឌី ដែលពួកគេយល់ថាធ្វើ ឡើងមិនត្រឹមត្រូវតាមច្បាប់ និង យ៉ាងតក់ក្រហល់ បែបនេះនឹងប៉ះពាល់ ដល់ដំណើការ បោះឆ្នោតជាតិនៅពេលខាងមុខ។

ពួកអ្នកជំនាញ សិទ្ធិមនុស្ស ដែលចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាកាលពីថ្ងៃទី២០ ខែកុម្ភៈ រួមមាន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn)  អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សអ្នកស្រី ម៉ារី ឡូឡ័រ (Mary Lawlor) និងអ្នករាយការណ៍ ពិសេសស្ដីពី ការលើកកម្ពស់និងការពារសិទ្ធិ បញ្ចេញមតិ អ្នកស្រី អាយរិន ខាន (Irene Khan)។ ពួកគេយល់ថា ការបិទវិទ្យុសំឡេងប្រជាធិបេយ្យ វីអូឌីនេះ ធ្វើឱ្យ កម្ពុជា លែងមានប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ដោយទាមទារឱ្យពួកគេទាមទារឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ មើលរឿងដកអាជ្ញាប័ណ្ណនេះ និង ពិចារណា ផ្លាស់ប្ដូរសេចក្ដីសម្រេចចិត្តឡើងវិញ។

 

ក៏ប៉ុន្តែស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ចាត់ទុកការចោទប្រកាន់ដែលថាវិធានការនេះនឹងលែងឲ្យមានប្រព័ន្ធផ្សព្វផ្សាយសេរី ប្រតិបត្តិការនៅក្នុងប្រទេស គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈនយោបាយខ្ពស់។ សេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបន្តរស់រវើក និងប្រកបដោយថាមវ័ន្ត។ ប្រជាជនទូទៅកំពុងទទួលបានសិទ្ធិអំណាចក្នុងការទទួលបានសេវាអ៊ីនធឺណិត ចល័តដោយគ្មានការរំខានក្នុងតម្លៃចំណាយទាបបំផុតក្នុងតំបន់។ សំឡេងរបស់ពួកគាត់ត្រូវ បានពង្រីកបន្ថែមដោយវត្តមានដ៏រឹងមាំនៃប្រព័ន្ធផ្សព្វផ្សាយទាំងឌីជីថល និងប្រពៃណជិត ២០០០ អង្គភាព រួមទាំងសារព័ត៌មានដែលធ្វើការទិតៀន ដែលសុទ្ធតែទទួលបាននូវការធានា ការសម្ងាត់នៃប្រភព និងដោយគ្មានការពិនិតផ្ទៀងផ្ទាត់ជាមុន។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ឆ្លើយតបថា ការអះអាងថាជាសារព័ត៌មាន«ឯករាជ្យ» មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយ និទណ្ឌភាព ឬដើម្បីគេចវេសពីការទទួលខុសត្រូវ និងគណនេយ្យភាពឡើយ។ ចំណាត់ការ ស្របច្បាប់ចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈនេះមិនធ្វើឱ្យចុះខ្សោយសេរីភាពសារព័ត៌មានដ៏រស់រវើក នៅកម្ពុជាទេ តែផ្ទុយទៅវិញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។ កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត ហើយកម្ពុជាប្តេជ្ញារៀបចំការបោះឆ្នោតជាតិខាងមុខនេះឱ្យប្រព្រឹត្តិទៅដោយ សេរី យុត្តិធម៌ និងត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់ប្រជាពលរដ្ឋ៕

 

 

Share

ព័ត៌មានទាក់ទង

Image