en     km
en     km

លោកស្រី អ៊ឹង កន្ថាផាវី ៖ ស្ត្រីក្លាយជាកម្លាំងចលកររួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម

Share

ភ្នំពេញ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ ទន្ទឹមនឹងលទ្ធផលសម្រេចបាននៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ។

លោក គីម ចាន់ចាវ រាយការណ៍

 

លោកស្រី អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា នៅឆ្នាំ២០២២ មន្ត្រីរាជការជាស្ត្រីមានចំនួន ៦,៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨,៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ លោកស្រីរដ្ឋមន្ត្រី បញ្ជាក់បែបនេះក្នុងពេលរាយការណ៍ អំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ របស់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

 

លោកស្រី អ៊ឹង កន្ថាផាវី បន្តថាក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។

នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។ ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ តែស្រ្តីនៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ។ ក្នុងនោះដំណោះស្រាយតាមរយៈយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ រួមទំាងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលជាដើម។

 

 

សម្តេច ហ៊ុន សែន ដែលបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ របាយការណ៍ដែលអ្នកស្រីអ៊ឹង កន្ថាផាវី ក៏បានបង្ហាញអំពីលទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។

 

ក្នុងនោះដែរ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ៕

Share

Image
Image
Image