ប្រទេសទួរគីមានការរញ្ជួយដីថ្មីចំនួនពីរដងបន្ថែមទៀតក្នុងកម្រិត 6.4 និង 5.8 រ៉ិចទ័រ នៅភាគអាគ្នេយ៍ ជិតព្រំដែនជាមួយប្រទេសស៊ីរីកាលពីថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក។គ្រោះរញ្ជួយដីថ្មីនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់។ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សដែលកំពុងជាប់នៅក្រោមគំនរបាក់បែក។
ទីភ្នាក់ងារគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសទួរគីបាននិយាយថា ការរញ្ជួយដីកម្រិត 6.4 បានចាប់ផ្ដើមឡើងនៅម៉ោង៥ល្ងាច បន្ទាប់មកមានការរញ្ជួយដីមួយទៀតកម្រិត 5.8 ។គិតត្រឹមថ្ងៃនេះចំនួនអ្នកស្លាប់មាន៣នាក់នៅទីក្រុង Antakya, Defne និង Samandag។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Süleyman Soylu បានអំពាវនាវកុំឱ្យពលរដ្ឋចូលទៅក្នុងអគារដែលមានគ្រោះថ្នាក់។លោករដ្ឋមន្រ្តីមហាផ្ទៃ Soylu បាននិយាយថាព្រឹត្តិការណ៍ថ្មីនេះបានបង្កឱ្យមនុស្ស 213 នាក់ក៏បានរងរបួសផងដែរ។
បាយការណ៍ពីទីក្រុង Antakya បាននិយាយពីការភ័យស្លន់ស្លោនៅតាមដងផ្លូវ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងក្រុមជួយសង្គ្រោះបានព្យាយាមទៅដល់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលជញ្ជាំងអគារដែលប្រេះស្រាំរួចជាស្រេចដោយសារការរញ្ជួយដីកាលពីថ្ងៃទី៦ កុម្ភៈ បានដួលរលំ។
អ្នកស្រុកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទាំងទឹកភ្នែកដែលកំពុងពកូនប្រុសអាយុប្រាំពីរឆ្នាំផងនោះថា “ខ្ញុំគិតថាផែនដីនឹងស្រុតបាក់នៅក្រោមជើងរបស់ខ្ញុំ” ។ នាងបាននៅក្នុងតង់ក្នុងឧទ្យានមួយនៅកណ្តាលទីក្រុងនៅពេលដែលការរញ្ជួយដីថ្មីបានវាយប្រហារ។
Ali Mazlum អាយុ 18 ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាគាត់កំពុងស្វែងរកសាកសពសមាជិកគ្រួសារពីការរញ្ជួយដីលើកមុនក្នុងកំទេចអគារបាក់បែក ស្រាប់តែមានការរញ្ជួយថ្មីទៀតបានវាយប្រហារ។
គាត់បាននិយាយថា “អ្នកមិនដឹងថាត្រូវធ្វើអ្វីទេ … យើងបានចាប់ដៃគ្នាទៅវិញទៅមកហើយនៅពីមុខយើងជញ្ជាំងអគារចាប់ផ្តើមដួលរលំ” ។
នៅក្នុងប្រទេសស៊ីរី អ្នករងរបួសប្រហែល 470 នាក់ត្រូវបានគេនិយាយថាបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃចន្ទ។ការរញ្ជួយដីនេះបានធ្វើឱ្យរង្គើរញ័រដល់ប្រទេសអេហ្ស៊ីបនិងលីបង់ផងដែរ។
ប្រភព៖ BBC ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣