en     km
en     km

ស្ថាប័នស្រាវជ្រាវចំនួន២ រកឃើញសំណល់ផ្លាស្ទិកក្នុងវិស័យកសិកម្មកើនឡើង

Share

ស្ថាប័នស្រាវជ្រាវចំនួន២ រួមមាន iDE Cambodia និង Resilience Development Initiative (RDI) បានសិក្សាទៅលើសំណល់ផ្លាស្ទិកនៅក្នុងវិស័យកសិកម្ម ឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានការកើនឡើង ដោយនេះជាក្ដីកង្វល់ ត្រូវការរកដំណោះស្រាយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ស្ថាប័នស្រាវជ្រាវចំនួន២ រួមមាន iDE Cambodia និង Resilience Development Initiative (RDI) បានសិក្សាទៅលើសំណល់ផ្លាស្ទិកនៅក្នុងវិស័យកសិកម្ម ឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានការកើនឡើង ជាពិសេសសម្រាប់ដំណាំសាកវប្បកម្ម។

ក្នុងដំណាំប្រភេទនេះ ត្រូវបានស្ថាប័នស្រាវជ្រាវទាំងពីររកឃើញថា មានបន្សល់ផ្លាស្ទិកចំនួន ៣៩0 ទៅ​​ ៦២៥  គីឡូក្រាម ក្នុងមួយហិចតា ក្នុងមួយឆ្នាំ។ ទោះបីការសិក្សាក៏បានបង្ហាញថា ប្លាស្ទិកប្រើប្រាស់ក្នុងវិស័យកសិកម្មបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករ ដូចជា ជួយកាត់បន្ថយកម្លាំងពលកម្ម និងការបង្កើនប្រាក់ចំណូលជាដើម ប៉ុន្តែក្នុងពេលដំណាលគ្នានេះដែរ ប្លាស្ទិកដែលបានប្រើប្រាស់ បានបង្កើតបញ្ហាប្រឈមដល់សុខភាពមនុស្ស សត្វ និងបរិស្ថានផងដែរ។

លោក Kevin Robbins នាយកប្រចាំប្រទេសនៃ អង្គការ iDE Cambodia បានឱ្យដឹងថា ការបំពុលដោយប្លាស្ទីក គឺជាកង្វល់របស់ពិភពលោកទាំងមូល។ ខណៈអង្កការ iDE Cambodia បានធ្វើសកម្មភាពក្នុងវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៤មក លោក Kevin សម្គាល់ឃើញថាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ផលិតផល ប្លាស្ទិកដោយកសិករខ្នាតតូច មានការកើនឡើង។

ក្រសួងកសិកម្ម តាមរយៈរដ្ឋមន្ដ្រី ឌិត ទីណា ក្នុងឱកាសលើកទិសដៅការងារឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានដាក់ផែនការចង់​អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ដំណាំ​សាកវប្បកម្ម​ដាំ​នៅក្នុង​ផ្ទះ​សំណាញ់ និង​ការប្រើប្រាស់​ទឹក​មាន​លក្ខណៈ​ស្តង់ដាដែរ។

តែបើតាមការស្រាវជ្រាវពីស្ថានប័នទាំងពីរខាងលើបានបញ្ជាក់ដែរថា ដំណាំសាកវប្បកម្មនេះមានបន្សល់សំណល់ផ្លាស្ទិក ដោយការប្រើប្លាស្ទិកដើម្បី គ្របរង ជាមធ្យមមានប្រមាណ២៣៥គីឡូក្រាម សម្រាប់ដីមួយហិកតារយៈពេលមួយឆ្នាំ។ ការប្រើប្លាស្ទិកប្រភេទទុយោតំណក់ទឹក ជាមធ្យមប្រមាណ២២៨គីឡូក្រាមក្នុងដីមួយហិកតារយៈមួយឆ្នាំ។ ចំណែកឯ ការប្រើប្រាស់ប្លាស្ទិកតាមរយៈសំណាញ់ស្ថិតក្នុងលំដាប់ទី៣ ដែលមានប្រមាណ៧៩ គីឡូ ក្នុងដីមួយហិកតា រយៈពេលមួយឆ្នាំ។

តែជាការកាត់បន្ថយការបន្សល់ផ្លាស្ទិក មានចំនុចចំនួន៤ត្រូវបានរកឃើញ រួមទាំងត្រូវបន្តសិក្សា និងរកដំណោះស្រាយ។ តាមរយៈលទ្ធផលនៃការស្រាវជ្រាវកន្លងមក ចំណុចទាំង៤នេះមាន ទី១ ការប្រើប្រាស់ប្លាស្ទិកដែលមានរយៈកាលវែងជាមុន ដើម្បីកាត់បន្ថយសំណល់។ ទី២ ការប្រើប្រាស់ផលិតផលងាយ និងអាចកែច្នៃឡើងវិញបាន។ ទី៣ ការគ្រប់គ្រងសំណល់តាមទីជនបទ និងទី៤ ការវិនិយោគលើឧស្សាហកម្មកែច្នៃប្លាស្ទិកឡើងវិញ ដើម្បីប្រើប្រាស់៕

Share

ព័ត៌មានទាក់ទង

Image