សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញដល់យុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន ហើយគោលដៅដែលត្រូវយកចិត្តទុកដាក់ចម្បង គឺសាលារៀនចាប់ពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា។ ចំណែកសង្គមស៊ីវិលយល់ថា ដើម្បីសម្រេចបាននូវការលុបបំបាត់គ្រឿងញៀនលើយុវជន អាជ្ញាធរគួរតែផ្ដល់នូវមធ្យោបាយរក្សាសុវត្ថិភាព ដល់អ្នកដែលរាយការណ៍ពីករណីគ្រឿងញៀននេះ។ លោក គីម ចាន់ចាវ រាយការណ៍
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចាត់ទុក មុខសញ្ញាដែលត្រូវការពារឱ្យបានជាដាច់ខាតទាក់ទងទៅនឹងបញ្ហាគ្រឿងញៀនគឺជាយុវវ័យ ហើយគោលដៅដែលត្រូវយកចិត្តទុកដាក់នោះគឺសាលារៀនចាប់ពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា និងនៅតាមផ្ទះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងដូច្នេះនៅក្នុងឱកាសបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំពោះមុខពុទ្ធបរិស័ទដែលជាអាណាព្យាបាលសិស្ស និងក្រុមយុវជនដែលបានចូលរួម។
«គ្រឿងញៀនហ្នឹងដូចគ្នាដែរ មុខសញ្ញាដែលត្រូវការពារដាច់ខាតគឺយុវវ័យរបស់យើង។ នែក ក្មួយៗនេះ កុំឱ្យប៉ះគ្រឿងញៀនឱ្យសោះ ហើយគោលដៅគឺសាលារៀនៗរបស់យើង ធ្វើម៉េចកុំឱ្យ អាគ្រឿងញៀនហ្នឹងវាចូល ហើយនឹងផ្ទះខ្លួនឯង។ ហ្នឹងបើគោលដៅមួយដែរ! ត្រូវចាំមុខសញ្ញាគឺកូនចៅយើង អ្នកក្រោមអាយុ៤០ ពិសេសក្រោមអាយុ៣០ចុះ មកដល់១៥ឆ្នាំ ១៣ឆ្នាំអីហ្នឹង។ ត្រូវការពារគ្នាឱ្យបាន ហ្នឹងមុខសញ្ញាការពារ។ ឯគោលដៅ ដែលត្រូវយកចិត្តទុកដាក់កុំឱ្យគ្រឿងញៀនវាចូលគឺសាលារៀន តាំងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា»។
ទាក់ទងនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំលើញ្ហាគ្រឿងញៀននេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព បានគាំទ្រចំពោះចំណាត់ការនេះ និងចាត់ទុកការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជារឿងសំខាន់។ ក៏ប៉ុន្តែលោកបានបង្ហាញនូវក្ដីបារម្ភពីសុវត្ថិភាពចំពោះយុវជន ឬសិស្ស-និស្សិត ដែលរាយការណ៍ពីបញ្ហាគ្រឿងញៀន ដោយទាមទារឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់បន្ថែមពីរបៀបនៃការលើកទឹកចិត្តឱ្យមានការចូលរួម។
«ចឹងខ្ញុំថាក្រសួងមហាផ្ទៃត្រូវធ្វើការជាមួយក្រសួងមហាផ្ទៃ ត្រូវធ្វើការជាមួយក្រសួងអប់រំ ដើម្បីរកបញ្ហាដំណោះស្រាយទាំងអស់ហ្នឹងថា ត្រូវធ្វើម៉េច ដើម្បីឱ្យពួកគេហ្នឹង អាចចូលរួមបានដោយគ្មានការភ័យខ្លាច ដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាព ពីសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ? ខ្ញុំជជែកជាមួយកូនសិស្សច្រើនណាស់ ប៉ុន្តែគេបានលើកឡើងបែបហ្នឹងបាទ»។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន កាលពីពេលកន្លងទៅ លោកស្រីសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំបានគូសបញ្ជាក់ថា ជាទិសដៅ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកំណត់ចេញ នូវសកម្មភាពធំៗពាក់ព័ន្ធវិស័យអប់រំរួមមាន៖ បន្តពង្រីកដែនកំណត់អប់រំផ្សព្វផ្សាយនៅតាមគ្រឹះស្ថាន សិក្សា និងតាមក្រៅប្រព័ន្ធ,ជំរុញការបោះពុម្ពសៀវភៅឯកសារបង្រៀនស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ , ជំរុញកិច្ចសហការបន្តរៀបចំបណ្ណាល័យអេឡិចត្រូនិកគ្រឿងញៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិង ឯកជន, បន្តពង្រឹងគុណភាព ប្រសិទ្ធភាព និងបរិមាណនៃការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កដោយគ្រឿងញៀន និង វិធានបង្ការទប់ស្កាត់តាមប្រព័ន្ធគេហទំព័រ គណនីហ្វេសប៊ុករបស់ក្រសួង ស្ថាប័ន និងបន្តជំរុញ និងលើក កម្ពស់សុខភាពផ្លូវចិត្តអ្នកអប់រំ និងអ្នកសិក្សា។
លោក យ៉ង់ គឹមអេង ចង់ឱ្យស្ថាប័នផ្សព្វផ្សាយ ជាពិសេសវិទ្យុ និងទូរទស្សន៍របស់រដ្ឋគួរចូលរួមផ្សព្វផ្សាយដោះស្រាយបញ្ហាគ្រឿងញៀនឱ្យបានផុសផុល ហើយត្រូវកាត់បន្ថយការផ្សាយពាណិជ្ជកម្មស្រា ដោយលោកអះអាងដោយយោងរបាយការណ៍របស់អង្គការUNODC ថា បញ្ហាគ្រឿងស្រវឹងជាច្រកទ្វានៃការប្រើប្រាស់គ្រឿងញៀន។។ បន្ថែមពីនេះ លោកទាមទារឱ្យអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងសកម្មភាព និងសមត្ថភាព លើការងារនេះ។
«សកម្មភាពនៅថ្នាក់មូលដ្ឋានត្រូវតែធ្វើសកម្មភាពឱ្យសំខាន់ជាពិសេស។ នៅថ្នាក់ឃុំសង្កាត់ ប៉ូលីសប៉ុស្ដិ៍អីជាដើមហ្នឹង ឱ្យគាត់មានសមត្ថភាព ឱ្យគាត់មានជំនាញក្នុងការវិភាគ ក្នុងការស្គាល់សញ្ញាណគ្រឿងញៀនច្បាស់លាស់ ដែលគាត់អាចធ្វើអន្តរាគមន៍ទាន់ពេលវេលាបង្ការទប់ស្កាត់គ្រឿងញៀន។ បង្ការទប់ស្កាត់ហ្នឹងវាធំណាស់ ហើយចាំបាច់ទៀត ហើយបើសិនយើងធ្វើរឿងអស់ហ្នឹងមិនបានទេ បើសិនយុវជនយើងធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀន គឺយើងការព្យាបាលហ្នឹងមិនងាយទេ…ពិបាក។ អស់លុយច្រើនហើយក៏មានបញ្ហាសម្រាប់គ្រួសារ សម្រាប់សង្គមជាតិផង»។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា នៅឆ្នាំ២០២២នេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនជាង ៥ពាន់គីឡូក្រាម ឬ៥តោន។ គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាននៅឆ្នាំ ២០២២ គឺមានទម្ងន់ប្រហាក់ប្រហែលគ្នានឹងកាលពីឆ្នាំ២០២១ ដែរ៕