loader

យ៉ាងហោចណាស់ មានមនុស្ស​៣៦​នាក់​បាន​ស្លាប់ក្នុងគ្រោះទឹកជំនន់នៅ​ប្រទេស​ប្រេស៊ីល

 

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធររដ្ឋ Sao Paulo កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បណ្តាលឱ្យមានទឹកជនលិចស្រុតបាក់ដី បណ្ដាលឱ្យសម្លាប់មនុស្ស ៣៦ នាក់ភ្លាមៗ។ ដោយឡែក ប្រជាពលរដ្ឋរាប់រយនាក់ត្រូវជម្លៀសខ្លួនចេញ ដើម្បីរកទីកន្លែងសុវត្ថិភាព។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើតាមសារព័ត៌មាន Reuters បានរាយការណ៍ថា គ្រោះមហន្តរាយនេះ កើតឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈនេះ ដោយសារតែឥទ្ធិពលទឹកភ្លៀងបង្អុលច្រើនជាង ៦០០ មីលីម៉ែត្រនៅតាមតំបន់មួយចំនួន ជាពិសេសនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល។

ជាមួយគ្នានេះ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៣៦ នាក់បានស្លាប់ និង ២២៨ នាក់ផ្សេងទៀត បាត់បង់ផ្ទះសម្បែង ក្រោយទឹកជនលិចគេហដ្ឋានរបស់ពួកគេ។ រីឯ មនុស្សចំនួន ៣៣៨ នាក់ទៀត ត្រូវបានជម្លៀសចេញពីតំបន់ឆ្នេរនៃទីក្រុង Sao Paulo។ ស្ថានភាពគ្រោះមហន្តរាយនេះ ត្រូវបានអាជ្ញាធរប្រកាសអាសន្នក្នុងរយៈពេល ១៨០ ថ្ងៃ ក្នុងនោះមានទីក្រុងចំនួន៦ត្រូវត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់នឹងហានិភ័យជាយថាហេតុ។

យោងតាមការព្យាករណ៍ឧតុនិយមនៅក្នុងប្រេស៊ីលបានបង្ហាញថា ភ្លៀងធ្លាក់ខ្លាំងនេះនឹងបន្ត នៅតំបន់ឆ្នេរសមុទ្រ Sao Paulo ដែលកំពុងប៉ះពាល់ដល់ក្រុមជួយសង្គ្រោះនៃនាយកដ្ឋានពន្លត់អគ្គីភ័យ។ គេរំពឹងទុកថា ចំនួនអ្នកស្លាប់ក្នុងគ្រោះជំនន់ទឹកភ្លៀងនេះនឹងមានសន្ទុះកើនឡើងបន្ថែមទៀត។

យ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកជនរងគ្រោះ រួមទាំងតភ្ជាប់ផ្លូវសហគមន៍ដាច់ស្រយាលជាមួយផ្លូវជាតិឡើងវិញ  ពីព្រោះថាផ្លូវមួយចំនួនត្រូវបានបិទ ឬកកស្ទះដោយសារកំណើនភ្ញៀវទេសចរធ្វើដំណើរមកចូលរួមពិធីបុណ្យ Carnival របស់ប្រទេសប្រេស៊ីល។

ដោយឡែក រដ្ឋាភិបាលសហព័ន្ធប្រេស៊ីលបានចាត់វិធានការឱ្យក្រសួងមួយចំនួនជួយឈឺឆ្អាលរកជនរងគ្រោះក្នុងហេតុការណ៍នេះ ជាពិសេសការស្តារហេដ្ឋារចនាសម្ព័ន្ធ និងចាប់ផ្តើមការងារជួសជុល ដែលតម្រូវឱ្យធ្វើជាបន្ទាន់។ អ្នកជំនាញបានពិពណ៌នាថា គ្រោះមហន្តរាយនេះជាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរមួយដែលមិនធ្លាប់មានពីមុនមក៕

ប្រភព៖ Reuters ចុះថ្ងៃច័ន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x