en     km
en     km

ខេត្តស្វាយរៀងប្រកាសជាខេត្តរំដោះមីនអស់ក្រោយបេសកកម្មបោសសម្អាតលើផ្ទៃដី៤១គីឡូម៉ែត្រក្រឡា

Share

ភ្នំពេញ៖ ខេត្តស្វាយរៀង បានប្រកាសជាផ្លូវការជាខេត្តទី ៨ ដែលបានរំដោះគ្រប់មីន  និង យុទ្ធភណ្ឌមិនទាន់ផ្ទុះអស់ក្នុងទំហំផ្ទៃដីសរុបជាង ១២លាន(១២.៣៨៦.៩២៧) ម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន។

ការប្រកាសជោគជ័យលើប្រតិបត្តិការរំដោះមីននេះ បន្ទាប់ពីមានការចង្អុលបង្ហាញពីនាយករដ្ឋមន្រ្តីកាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្នុងគម្រោងយុទ្ធនាការបោសសម្អាតមីនទូទាំងប្រទេស។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីន ដោយបេសកកម្មលើគម្រោងមួយរបស់នាយករដ្ឋមន្រ្តីក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ទោះបីខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីនក៏ពិតមែន ប៉ុន្តែខេត្តស្វាយរៀង នៅបន្តរងការគំរាមដោយសារគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ក្នុងទំហំផ្ទៃដីសង្ស័យប្រមាណជាង ១០៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧៧១ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។ នេះបើតាមលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

 

សម្រាប់អនុប្រធានទី ១ អាជ្ញាធរមីន បានចាត់ទុកថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនខេត្តស្វាយរៀងទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីន ហើយលោកក៏បានលើកពីគុណសម្បត្តិ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រី ម៉ែន សំអន ដែលជាតំណាងនាយករដ្ឋមន្ត្រី ដែលជំរុញដល់បេសកកម្មនេះផងដែរ។

 

គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តស្វាយរៀង ចំនួន ៤១ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ បានបោសសម្អាតរួច ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣,៥៦៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៣២ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៧១,៨៤៣ គ្រាប់។

 


លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដែលបានថ្លែងអបអរចំពោះការប្រកាសនេះ នៅតែអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖

១.បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត ។

 

២.ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់

៣.កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។

 

 

ក្នុងពេលប្រកាសពីខេត្តអស់មីនទី៨នេះ លោក លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្ត និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ រយៈពេល ៣០ ឆ្នាំ មកនេះ។

 

 

លោកថា កម្ពុជាមិនអាចបំភ្លេចបានដែរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីន ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា៕

Share

ព័ត៌មានទាក់ទង

Image