en     km
en     km

កូរ៉េខាងជើង​បាញ់​មី​ស៊ី​លប៉ាលីស្ទិចបន្ថែមទៀតព្រមានសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត

Share

 

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ទៀត ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី២០​ កុម្ភៈ ២០២៣។ ជាមួយគ្នានេះប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំគីម ជុងអ៊ុន បានព្រមាន សហរដ្ឋអាមេរិកឱ្យបញ្ឈប់សមយុទ្ធយោធា ដោយនិយាយថាកូរ៉េខាងជើងអាចប្រែក្លាយមហាសមុទ្រប៉ាស៊ីហ្វិកទៅជា “ទីលានបាញ់ម៉ីស៊ីល” ។

ការបាញ់ម៉ីស៊ីលនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចូលទៅក្នុងសមុទ្រភាគខាងលិចប្រទេសជប៉ុន ដែលជំរុញឱ្យសហរដ្ឋអាមេរិកធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង និងធ្វើសមយុទ្ធដាច់ដោយឡែកមួយទៀតជាមួយប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យទី១៩ កុម្ភៈ ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលពីរគ្រាប់ ទៅកាន់គោលដៅចម្ងាយពី៣៣៧ និង ៣៩៥ គីឡូម៉ែត្រ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា “គ្រាប់រ៉ុក្កែត 600 មីលីម៉ែត្រ គឺជាមធ្យោបាយនៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ” ដែលមានសមត្ថភាពទប់ស្កាត់ការវាយប្រហាររបស់សត្រូវពីអាកាស។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កាំជ្រួចផ្លោងទាំងពីរនេះ បានបាញ់នៅម៉ោងប្រហែល ១០យប់ក្នុងរយៈកម្ពស់ចន្លោះប្រហែលពី50 ទៅ100 គីឡូម៉ែត្រ ហើយបានធ្លាក់ក្នុងសមុទ្រក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ម៉ីស៊ីលបានហោះក្នុងចម្ងាយចន្លោះពី ៣៤០ ទៅ ៣៩០ គីឡូម៉ែត្រ។កូរ៉េខាងត្បូងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះនេះថាជា “ការបង្កហេតុដ៏ធ្ងន់ធ្ងរ” ដែលគួរតែបញ្ឈប់ជាបន្ទាន់។ក្នុងសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងបានសរសេរថា “យើងនឹងរក្សាជំហរត្រៀមខ្លួនជាស្រេច ដោយផ្អែកលើកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសហរដ្ឋអាមេរិក និងជប៉ុន និងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបដ៏លើសលប់ចំពោះការបង្កហេតុណាមួយដោយកូរ៉េខាងជើង” ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួន ដែលជាប់ទាក់ទងនឹងកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទទី២០ កុម្ភៈ រួមទាំងក្រុមហ៊ុនអាហ្រ្វិកខាងត្បូងមួយ និងក្រុមហ៊ុនដឹកជញ្ជូនរបស់សិង្ហបុរីចំនួនពីរផងដែរ។

ទីបញ្ជាការប្រចាំឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា ការបាញ់មីស៊ីលចុងក្រោយនេះមិនបង្កការគំរាមកំហែងភ្លាមៗនោះទេ ប៉ុន្តែបានគូសបញ្ជាក់ពី “ផលប៉ះពាល់អស្ថិរភាព” នៃកម្មវិធីអាវុធខុសច្បាប់របស់ប្រទេសឯកោកូរ៉េខាងជើង។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានជំរុញឱ្យទីក្រុងព្យុងយ៉ាង “បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុណាមួយបន្ថែមទៀត” ដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខ និងបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរឡើងវិញ។

ប្រភព៖ Reuters ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image