en     km
en     km

លោក សុន ឆ័យ ចូលស្ដាប់ការជំនុំជំរះក្ដីនៅតុលាការកំពូលដោយភាពជឿជាក់

Share

ភ្នំពេញ៖សំណុំរឿងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន ពីបទបរិហាកេរ្តិ៍ ត្រូវបានតុលាការកំពូលលើកយកមកជំនុំជំរះ នៅវេលាម៉ោង ៨:០០ នាទី ព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ស្ថិតក្នុងឈុតសម្លៀកបំពាក់ផ្លូវការមានអាវធំ ជាមួយនឹងទឹកមុខស្រស់ញញឹម ដោយមានមន្ត្រីរួមជីវភាពនយោបាយរបស់ខ្លួនអមផងនោះ លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានដើរសំដៅចូលតុលាការកំពូល នាព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយក្ដីជឿជាក់ ទោះជាលោក បានចាញ់ក្ដីនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ និងនៅសាលាឧទ្ធរណ៍ហើយក្ដី។

មុនដើរសំដៅចូលតុលាការកំពូល លោកបាននិយាយស្ដីជាមួយនឹងមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួនមួយសន្ទុះ ប៉ុន្តែអនុប្រធានគណបក្សភ្លើងទៀនរូបនេះ មិនបានផ្ដល់បទសម្ភាសដល់អ្នកកាសែតនោះឡើយ។

 

 

 

លោក សុន ឆ័យ ត្រូវបានតុលាការកាត់ឲ្យចាញ់ក្តី ក្រោយតតាំងក្នុងវិវាទនយោបាយជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ តាមសាលក្រមដែលប្រកាសដោយលោក ហម ម៉េងសែ ចៅក្រមជំនុំជម្រះក្តី គឺលោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋចំនួន ៩លានរៀល ចំពោះបណ្តឹងរបស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ទៅតាមបទបរិហាកេរ្តិ៍ជាសាធារណៈ។

ដោយឡែកនៅក្នុងសំណុំរឿងជាមួយនឹងគណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ ត្រូវបានតុលាការតម្រូវឲ្យបង់ថវិកាចូលរដ្ឋចំនួនចំនួន៨លានរៀល និងតម្រូវឲ្យសងជំងឺចិត្តដល់គណបក្សកាន់អំណាច ចំនួន៣ពាន់លានរៀល ឬស្មើនឹង ៧៥០,០០០ ដុល្លារអាមេរិក។

ក៏ប៉ុន្តែក្រោយមក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបដិសេធបណ្តឹងរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលស្នើឱ្យទម្លាក់ចោលការចោទប្រកាន់បទបរិហារកេរ្តិ៍ជាសាធារណៈប្រឆាំងរូបលោក ទាក់ទិនការអត្ថាធិប្បាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។

ក្នុងការបដិសេធនេះ សាលាឧទ្ធរណ៍បានរក្សាទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងតម្រូវឱ្យលោក សុន ឆ័យ សងប្រាក់ខូចខាតទៅគណបក្សប្រជាជនកម្ពុជាពីជាង៧០ម៉ឺនដុល្លារអាមេរិកទៅដល់១លានដុល្លារសហរដ្ឋអាមេរិក ទៅតាមការស្នើសុំរបស់មេធាវីការពារក្តីឱ្យគណបក្សកាន់អំណាច។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្រោយពេលលោក សុន ឆ័យ បានលើកឡើងពីភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា។

អនុប្រធានគណបក្សភ្លើងទៀន បានអះអាងថា អ្វីដែលលោកលើកឡើង គឺក្នុងន័យស្ថាបនាការបោះឆ្នោតឲ្យមានភាពល្អប្រសើរ ហើយក៏មិនមែនត្រូវបានប្តឹងផ្តល់យ៉ាងដូច្នេះដែរ។ អ្វីដែលគួរឲ្យចម្លែកសម្រាប់លោក សុន ឆ័យ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នអាជ្ញាកណ្តាល បែរជាមកប្តឹងលោក ដោយមិនព្យាយាមចុះទៅពិនិត្យបញ្ហាដែលលោក និងគណបក្សនយោបាយមួយចំនួនផ្សេងទៀត បានលើកឡើង៕

Share

ព័ត៌មានទាក់ទង

Image