en     km
en     km

នាយករដ្ឋមន្រ្តីប្រតិកម្មទៅសង្គមស៊ីវិលដែលថ្កោលទោសលោក ផែង វណ្ណៈ ករណីប្រមាថស្តី្រអ្នកកាសែតVOD

Share

ភ្នំពេញ៖ តេឡេក្រាមផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរទាំងកណ្តាល អធ្រាត្រថ្ងៃទី១៧ ខែកុម្ភៈ ប្រតិកម្មទៅនឹងបណ្តាអង្គការសង្គមស៊ីវិល ដែលប៉ុន្មានថ្ងៃនេះបានស្រាក់ដៃគ្នាចេញសេចក្តីចេញក្តីថ្លែងការណ៍រួម ថ្កោលទោសលោក ផែង វណ្ណៈ ករណីបានប្រើពាក្យពេចន៍ប្រមាថលើស្រ្តីអ្នកសារព័ត៌មានVOD។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

សម្តេច ហ៊ុន សែន សរសេរថា សម្តេចមិនកាន់ជើងលោក ផែង វណ្ណៈ នោះទេ តែសម្តេចចង់ធ្វើការប្រៀបធៀបសម្តីប្រមាថរបស់លោក ផែង វណ្ណៈ និងសម្តីប្រមាថរបស់លោក សម រង្ស៊ី ដែលបានវាយប្រហារលាតត្រដាងរឿងអាស្រូវរបស់ប្អូនថ្លៃស្រីរបស់សម្តេចដែលទើបទទួលមរណភាពថាបានរៀបចំផែនការសម្លាប់ប្តីខ្លួន។

សម្តេចបានដាក់ជាប្រយោគសំនួរក្នុងតេឡេក្រាមដោយចាត់ទុកករណីលោក ផែង វណ្ណៈ ដែលក្រុមអង្គការថោ្កលទោសថាប្រមាថស្រ្តី និងករណីលោក សម រង្ស៊ី ប្រមាថសពប្អូនថ្លៃស្រីគឺជាករណីប្រមាថដូចគ្នា តែចុះហេតុអ្វីអង្គការទាំង ៤០ នោះនៅស្ងៀមស្ងាត់មិនថ្កោលទោសបុគ្គល សម រង្ស៊ី ឱ្យដូចគ្នា?។

សំណេរចុងបញ្ចប់របស់សម្តេច ហ៊ុន សែន ចង្អុលមុខចំៗចំពោះក្រុមអង្គការសង្គមស៊ីវិលក្នុងសម្តីដើមថា៖«សូមចាំទុក និង សូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»។

តេឡេក្រាមនាយករដ្ឋមន្រ្តី។

 

ទាក់ទងករណីនេះ លោក ផែង វណ្ណៈ បានចេញលិខិតចំហរមួយកាលពីថ្ងៃទី១៦​ខែកុម្ភៈម្សិលមិញដោយភ្ជាប់ជាមួយរូបភាពនៃជំនួបជាមួយរដ្ឋលេខាធិការក្រសួងព័ត៌មានដែលគេឃើញមានលោក អ៊ុក គឹមសេង លោក ផុស សុវណ្ណ និងលោក ប៉ែន បូណា និងមន្រ្តីផ្សេងទៀតជួបប្រជុំគ្នា។

ក្នុងលិខិតជំហរនោះ លោក ផែង វណ្ណៈ ទទួលស្គាល់ថាលោកពិតជាបានប្រើពាក្យពេចន៍មិនសូវសមរម្យទៅកាន់អ្នកសារព័ត៌មានVODនោះមែន តែលោកថាការសរសេរអត្ថបទរបស់លោកពេលនោះគឺគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ។

ក្នុងលិខិតចំហរនោះ លោក ផែង វណ្ណៈ ចាត់ទុកករណីប៉ះទង្គិចគ្នាជាមួយអ្នកសារព័ត៌ស្រ្តីនៅVODនេះថា ជារឿងបុគ្គលឯកជនក្នុងនាមជាពលរដ្ឋម្នាក់បញ្ចេញមតិអត្ថាធិប្បាយទៅកាន់ស្ថាប័នព័ត៌មានVODតែប៉ុណ្ណោះ។លោកថាការសរសេររបស់លោកគ្រានោះលោកមិនបានប្រើសិទ្ធិជាចាងហ្វាងគេហទំព័រឬទំព័រហ្វេសប៊ុកផ្លូវការដែលចុះបញ្ជីនៅក្រសួងព័ត៌មានមកប្រើនោះទេ។លោកថែមទាំងបោះសម្តីថា បើសិនបុគ្គលដែលរងការរិះគន់ពីលោកកើតទុកមិនសុខចិត្តនិងយល់ថាពាក្យពេចន៍របស់លោកខុសច្បាប់ គឺអាចដាក់ពាក្យប្តឹងលោកតាមផ្លូវច្បាប់ទៅតុលាការបាន។

សំណេរលោក ផែង វណ្ណៈ ករណីប្រមាថអ្នកសារព័ត៌មានស្រ្តីនៅVOD។

សំណេរក្នុងលិខិតចំហរខាងលើលោក ផែង វណ្ណៈ បានបង្ហាញអារម្មណ៍រង្កៀសចិត្តចំពោះក្រសួងទាំងបួន ដែលករណីនេះធ្វើឱ្យអង្គការជាង៤០ស្ថាប័ន នាំគ្នាដាក់លិខិតចំហរជំរុញឱ្យក្រសួងទាំងបួនមានកិច្ចអន្តគមន៍មកលើខ្លួនដោយប្រើចំណាត់ការអប់រំលើបុគ្គល ផែង វណ្ណៈ ឬឱ្យលោក ផែង វណ្ណៈ សុំទោសជាសាធារណៈចំពោះករណីនេះ។

ហើយនៅចុងក្រោយលោក ផែង វណ្ណៈ បានធ្វើការសំណូមពរមកអង្គការសង្គមស៊ីវិលទាំង៤០ស្ថាប័ន គួរចំណាយពេលបង្កើតវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយជ្រកក្រោមស្លាកសារព័ត៌មានឯករាជ្យឱ្យមកគោរពច្បាប់ គោរពវិជ្ជាជីវៈសារព័ត៌មាន។

ជុំវិញរឿងនេះ ទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហោះខ្លឹមសារទាំងស្រុងនៃលិខិតជំហររបស់លោក ផែង វណ្ណៈនេះ។ តែជាការកត់សម្គាល់ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចូលទៅបញ្ចេញមិតឬcomment ក្នុងហ្វេសប៊ុករបស់លោក ខៀវ កាញ្ញារីទ្ធ ត្រង់ចំណុចនេះដោយសម្តែងការមិនពេញចិត្តចំពោះលិខិតចំហរនេះ។

ក្នុងគេឃើញការបញ្ចេញមតិរបស់គណនីហ្វេសប៊ុកឈ្មោះ Thida Khus ដែលគេធ្លាប់ស្គាល់ថាជាអតីតនាយិកាអង្គការសង្គមស៊ីវិលមួយធ្វើការលើកស្ទួយតម្លៃនិងសិទ្ធិស្រ្តីក្នុងវិស័យនយោបាយ ដោយលោកស្រីសរសេរក្នុងcommentហ្វេសប៊ុករបស់លោក ខៀវ កាញ្ញារីទ្ធ ថា៖«លិខិតនេះផ្គើនទៀត។ ហួសកែហើយបុគ្គលមួយនេះ។ រឺធ្វើអីចឹងបានត្រូវប៉ាន់?»។

សារcommentរបស់អ្នកលេងហ្វេសប៊ុកចូលទៅបញ្ចេញមតិរឿងនេះក្នុងគណនីហ្វេសប៊ុកលោក ខៀវ កាញ្ញារីទ្ធ។

 

ចំណែកគណនីហ្វេសប៊ុកឈ្មោះថា សឿ វេង បញ្ចេញមតិថា«ខ្ញុំមិនគាំទ្រការប្រើពាក្យមិនសមរម្យនោះទេ ទោះបីក្នុងនាមជាអ្វីក៏ដោយ។ ក្មេងស្រីម្នាក់នោះផ្សាយក្នុងនាមជាស្ថាប័ន បើមិនពិត មិនត្រូវជេរស្ដីអោយគាត់ទេ ត្រូវបន្ទោសស្ថាប័ន។»។

ចំណែកហ្វេសប៊ុក ឈ្មោះ Ngin Sok Noren សរសេរថា៖«រឿងវិជ្ជាជីវអ្នកសារព័ត៌មាន មានច្បាប់គេជាអ្នកដោះស្រាយ សំខាន់រឿងជេរប្រមាថមើលងាយស្ត្រីជារឿងពីរផ្សេងគ្នា។ សម្តីគ្មានសីលធ៌មហើយនៅយកលេសថ្នាក់ដឹកនាំមកបិទបាំងសម្តីគំរករបស់ខ្លួនទៀត។»

ក្នុងនោះគេក៏សង្កេតឃើញ comment ជាច្រើនទៀតក្នុងហ្វេសប៊ុករបស់លោក ខៀវ កាញ្ញារីទ្ធ ដែលបានផុសលិខិតចំហរនេះ ដោយភាគច្រើនបានបញ្ចេញមតិរិះគន់លោក ផែង វណ្ណៈ ចំពោះទង្វើប្រមាថស្រ្តីបែបនេះ។

ជាការកត់សម្គាល់ ករណីលោក ផែង វណ្ណៈ ប្រើពាក្យសម្តីមិនសមរម្យលើអ្នកសារព័ត៌មានVODនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុករិះគន់យ៉ាងចាស់ដៃ។ ចំណែកអង្គការសង្គមស៊ីវិលជាច្រើនបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយចង់ឱ្យបុគ្គល ផែង វណ្ណៈ ធ្វើការសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួននិងសង់ឱ្យក្រសួងពាក់ព័ន្ធនាំលោក ផែង វណ្ណៈ ទៅបណ្តុះបណ្តាលក្រមសីលធម៌អ្នកសារព័ត៌មានពិសេសការធ្វើសេចក្តីរាយការណ៍ព័ត៌មានទាក់ទងនឹងយេនឌ័រ៕

Share

ព័ត៌មានទាក់ទង

Image