en     km
en     km

ប្រធានាធិបតីអាល្លឺម៉ងលើកយកបញ្ហានយោបាយ សិទ្ធិមនុស្ស និងការបិទVODពិភាក្សាជាមួយសង្គមស៊ីវិល

Share

ប្រធានាធិបតីអាល្លឺម៉ង ក្រោយពេលចាកចេញពីកម្ពុជាបានលើកយកបញ្ហានយោបាយ សិទ្ធិមនុស្ស និងការបិទសារព័ត៌មានសំឡេងប្រជាធិបតេយ្យ ជជែកជាមួយតំណាងសង្គមស៊ីវិល និងអ្នកនយោបាយដែលមានក្ដីក្ដាំងក្នុងកណ្ដាប់ដៃតុលាការ ធ្វើឱ្យអ្នកតាមដានស្ថានភាពនយោបាយយល់ថា អន្ដរជាតិចង់ឃើញកម្ពុជាមានប្រជាធិតេយ្យ និងសេរីភាព យុត្តិធម៌នៅការបោះឆ្នោតថ្នាក់ជាតិខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ លោកប្រធានាធិបតីអាល្លឺម៉ង ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ដែលមកទស្សកិច្ចនៅកម្ពុជា បានជួបជាមួយតំណាងសង្គមស៊ីវិល ដោយជជែកគ្នាអំពីបញ្ហា សិទ្ធិមនុស្ស សិទ្ធិនយោបាយ ជាពិសេសលើកយកពីបញ្ហាការបិទសារព័ត៌មានVOD មុនការបោះឆ្នោតមកដល់។ នេះបើតាមស្ថានទូតអាល្លឺម៉ងថែមទាំងបានបញ្ជាក់ថា ការ​បិទ VOD Khmer ​ដែលត្រូវ​បាន​លើក​ឡើង​មកជជែក ព្រោះ​សេរីភាព​សារព័ត៌មាន​ជា​សសរស្តម្ភ​សំខាន់​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

Bundespräsident Frank-Walter Steinmeier und Elke Büdenbender, Ehefrau des Bundespräsidenten beim Besuch der Tempelanlage von Angkor Wat.

ការបិទសារព័ត៌មានប្រជាធិបតេយ្យមួយភ្លាមៗរបស់នាយករដ្ឋមន្ដ្រីកម្ពុជា មុនការបោះឆ្នោតថ្នាក់ជាតិមកដល់ត្រឹមបាន ៥ខែ ត្រូវបានប្រទេសជាមិត្តជាច្រើន បានសម្ដែងការសោកស្ដាយ។ ​ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានសម្ដែងការរំខានចិត្តយ៉ាងខ្លាំង ចំពោះការដកអាជ្ញាបណ្ណសារព័ត៌មានVODនេះ ថែមទាំងអំពាវនាវឱ្យអាជ្ញាធរពិនិត្យឡើងវិញនូវការសម្រេចចិត្តនេះ។

Bundespräsident Frank-Walter Steinmeier bei der Begrüßung durch den Ministerpräsidenten des Königreichs Kambodscha S.E. Herrn Samdech Akka Moha Sena Padei Techo Hun Sen.

យ៉ាងណាចំពោះបញ្ហានយោបាយ លោកប្រធានាធិបតីអាល្លឹម៉ងបានជួបជាមួយលោក កឹម សុខា ប្រធានអតីតគណៈបក្សសង្គ្រោះជាតិ ធ្វើការផ្លាស់ប្ដូរអំពីស្ថានភាពនយោបាយនៅកម្ពុជា។ ផ្អែកតាមហ្វេសប៊ុក លោក កឹ​ម សុខា បានលើកឡើងបន្ទាប់ពីជំនួបដែរថា  ប្រធានាធិបតីអាល្លឺម៉ងបានលើកឡើងពី រដ្ឋាភិបាល រដ្នសភា សហព័ន្ធអាល្លឺម៉ង់ក៏ដូចជាសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ បាននិងកំពុងតាមដានករណីសិទ្ធិសេរីភាពរបស់លោក ស្របពេលការបោះឆ្នោតជាតិនៅកម្ពុជាខិតជិតចូលមកដល់។

Bundespräsident Frank-Walter Steinmeier im Gespräch mit dem ehemaligen Präsidenten der Nationalen Rettungspartei Kambodscha (CNRP) Herm Dem Sokha

គេសង្កេតឃើញវត្តមានអ្នកការទូតជាច្រើនពីបណ្ដាលប្រទេសនានា ទាំងមកបំពេញបេសកកម្ម និងបញ្ចប់អាណត្តិតែងតែទៅសម្ដែងការគួរសមជាមួយអ្នកនយោបាយចាស់វស្សា កឹម សុខា ទោះបីជាលោកមានក្ដីក្ដាំងនយោបាយនៅតុលាការមិនទាន់បញ្ចប់នៅឡើយក្ដី។  លោកធ្លាប់បានលើកឡើងថា ការសម្ដែងការគោរពទាំងមកបំពេញការងារ និងបញ្ចាប់អាណត្តិរបស់បណ្ដាទូតនានា គឺធ្វើឡើងចំពោះតែអ្នកណាដែលមានតម្លៃផ្នែកការទូតប៉ុណ្ណោះ។

លោកថ្លែងអំណរគុណដល់ ប្រធានាធិបតី និងរដ្ឋាភិបាលអាល្លឺម៉ង់ដែលបានផ្តល់តម្លៃដល់លោក ក្នុងការតស៊ូដោយអហិង្សា និងមានការអត់ធ្មត់ ដើម្បីបុព្វហេតុលើកស្ទួយសិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។

លោក វណ្ណ ប៉ុណ្ណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ដ្រនយោបាយបានលើកឡើងចំពោះអន្តរជាតិ ពិសេសអាល្លឺម៉ងផ្ទាល់ក្នុងការអើពើរឿងនយោបាយនៅកម្ពុជាថា រដ្ឋាភិបាលគួរតែបើចំហឱ្យភាគីពាក់ព័ន្ធទាំងអស់ ដែលសំខាន់មានលោក កឹម សុខា ចូលរួមក្នុងការបោះឆ្នោតខាងមុខ ដើម្បីឱ្យអន្ដរជាតិទទួលស្គាល់ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។

លោកចាត់ទុកជំនួបលើកនេះរវាងលោក កឹម សុខា និងលោកប្រធានាធិបតីអាល្លឺម៉ង ជាក្ដីប្រាថ្នារបស់អាល្លឺម៉ងចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និងផ្ដល់ឱកាសឱ្យតួអង្គពាក់ព័ន្ធចូលរួមការបោះឆ្នោតខាងមុខ៕

Share

ព័ត៌មានទាក់ទង

Image