en     km
en     km

លោក Joe Biden ថាលោកមិនសុំទោសចំពោះការបាញ់ទម្លាក់បាឡុងហោះរបស់ចិននោះទេ

Share

 

 

 

 

ប្រធានាធិបតី Joe Biden បាននិយាយថា លោកមិនសុំទោសចំពោះការបាញ់ទម្លាក់បាឡុងចារកម្មចិន នៅលើឆ្នេរសមុទ្រសហរដ្ឋអាមេរិកនោះទេ។លោកបាននិយាយថា បាឡុងហោះនេះត្រូវបានប្រើសម្រាប់ការឃ្លាំមើល ប៉ុន្តែវត្ថុបីផ្សេងទៀតដែលត្រូវបានបាញ់ទម្លាក់នៅអាមេរិកខាងជើងទំនងជាមិនមែនជាយានចារកម្មបរទេសនោះទេ។​

លោកប្រធានាធិបតីអាមេរិក​បាន​និយាយ​ថា​ឥឡូវ​នេះ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រក​ឃើញ​វត្ថុ​លើ​អាកាស​ស្រដៀង​គ្នា។លោក Biden ក៏​បាន​និយាយ​ដែរ​ថា លោក​នឹង​និយាយ​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ពេល​ឆាប់ៗ​ក្នុង​ខែ​នេះ​អំពី​ឧប្បត្តិហេតុទាំងនេះ។

លោក Biden បាននិយាយនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ កុម្ភៈ ២០២៣ថា “ខ្ញុំសង្ឃឹមថាយើងនឹងរកឱ្យឃើញនូវឬសគល់នៃបញ្ហានេះ ប៉ុន្តែខ្ញុំមិនសុំទោសចំពោះការបាញ់ទម្លាក់បាឡុងនោះទេ”។

ប្រទេស​ចិន​បាន​បដិសេធ​ថា បាឡុង​នេះ​មិនមែន​ប្រើ​សម្រាប់​ស៊ើបការ​ណ៍ទេ ជំនួស​មក​វិញ​ដោយ​និយាយ​ថា គឺប្រើដើម្បី​ប្រមូល​ទិន្នន័យ​អាកាសធាតុ។

ប៉ុន្តែលោក Biden បានរំលឹកឡើងវិញនូវទស្សនៈរបស់មន្ត្រីអាមេរិកថា បាឡុងហោះដែលឆ្លងកាត់ប្រទេសអាមេរិកក្នុងរយៈកម្ពស់ប្រហែល១២គីឡូម៉ែត្រ មុនពេលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងអាមេរិកពីលើមហាសមុទ្រអាត្លង់ទិក តាមពិតត្រូវបានប្រើប្រាស់សម្រាប់ការងារចារកម្ម។លោក​បាន​និយាយ​ថា អាមេរិក​កំពុង​បន្ត​និយាយ​ជាមួយ​ចិន​លើ​បញ្ហា​នេះ។ លោក Biden បាននិយាយថា “យើងមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីទេ” ។

លោកប្រធានាធិបតី Joe Biden បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងបង្កើត “ច្បាប់ជាក់លាក់មួយ” ដើម្បីតាមដាន ត្រួតពិនិត្យ និងអាចបាញ់ទម្លាក់វត្ថុពីលើអាកាសដែលមិនស្គាល់។លោកប្រធានាធិបតីបានបញ្ជាឱ្យទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ដឹកនាំ “ក្រុមអន្តរការី” ដើម្បីពិនិត្យឡើងវិញនូវនីតិវិធីផ្លូវច្បាប់របស់សហរដ្ឋអាមេរិក។លោក Biden បាននិយាយថា វត្ថុ៣ផ្សេងទៀតដែលបានបាញ់ទម្លាក់ គេជឿថាទំនងជាវត្ថុត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ុនឯកជន ឬស្ថាប័នស្រាវជ្រាវ។ ខណៈពេលដែលមិនសម្តែងការសោកស្តាយចំពោះការបាញ់ទម្លាក់វត្ថុដែលមិនស្គាល់អត្តសញ្ញាណទាំងបីនោះ លោក Biden បាននិយាយថា លោកសង្ឃឹមថាច្បាប់ថ្មីនឹងជួយ “បែងចែករវាងវត្ថុដែលបង្កគ្រោះថ្នាក់ដល់អាមេរិក ដែលចាំបាច់ត្រូវតែមានសកម្មភាពឆ្លើយតប”។លោកបានបន្ថែមថា “ប្រសិនបើវត្ថុណាមួយបង្ហាញការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក ខ្ញុំនឹងដកវាចេញ” ។

 

ប្រភព៖ BBC ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image