en     km
en     km

ចិន និងអ៊ីរ៉ង់ អំពាវនាវឱ្យអាហ្វហ្គានីស្ថានបញ្ចប់ការរឹតបន្តឹងលើស្ត្រី

Share

 

ប៉េកាំង៖ ប្រទេសចិន និងអ៊ីរ៉ង់បានជំរុញឱ្យអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាងខ្លួន បញ្ចប់ការរឹតបន្តឹងការងារ និងការអប់រំលើស្ត្រី។ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ កុម្ភៈ ២០២៣ នៅពេលបញ្ជប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ទៅកាន់ទីក្រុងប៉េកាំង។

សេចក្តីថ្លែងការណ៍រួមរបស់ចិននិងអ៊ីរ៉ង់បានអំពាវនាវឱ្យមេដឹកនាំអាហ្វហ្គានីស្ថានបង្កើតរដ្ឋាភិបាលមួយដោយមានរួមបញ្ចូលក្រុមជនជាតិភាគតិច និងក្រុមអ្នកនយោបាយទាំងអស់ ហើយលុបចោលរាល់វិធានការរើសអើងប្រឆាំងនឹងស្ត្រី ជនជាតិភាគតិច និងសាសនាដទៃទៀត”។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ «គួរតែទទួលខុសត្រូវចំពោះស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន»។ចាប់តាំងពីចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ 2021 ក្រុមតាលីបង់បានហាមឃាត់ស្ត្រី និងក្មេងស្រីមិនឱ្យចូល រៀននៅមធ្យមសិក្សា និងសាកលវិទ្យាល័យ។

ការអំពាវនាវឱ្យគោរពសិទ្ធិស្ត្រីពីសំណាក់ប្រទេសអ៊ីរ៉ង់គួរឱ្យភ្ញាក់ផ្អើល ដែលប្រទេសនេះមានការតវ៉ាជាច្រើនខែមកហើយ​ ដោយសារការស្លាប់នារីវ័យក្មេងឈ្មោះMahsa Amini នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសសីលធម៌អ៊ីរ៉ង់ ពីបទស្លៀកពាក់មិនត្រឹមត្រូវតាមបែបឥស្លាមប្រកាន់តឹង។ជាមួយគ្នានេះ ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោចណាស់បួននាក់ ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមនៅក្នុងខែកញ្ញា មកដល់ពេលនេះ ។

សេចក្តីថ្លែងការណ៍រួមចិន-អ៊ីរ៉ង់ភាគច្រើនបានសង្កត់ធ្ងន់លើទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចដ៏រឹងមាំ ការស្វែងរកសន្តិភាព និងយុត្តិធម៌នៅមជ្ឈិមបូព៌ា និងការរំសាយអាវុធនុយក្លេអ៊ែរ។នៅក្នុងជំនួបលើកមុនជាមួយមេដឹកនាំចិន លោក Xi Jinping លោកប្រធានាធិបតីអ៊ីរ៉ង់ Raisi បានសម្តែងការគាំទ្រចំពោះការបង្រ្កាបរបស់ចិនលើអ្នកតវ៉ានៅហុងកុង និងគាំទ្រការទាមទារតៃវ៉ាន់ឱ្យមកនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ។

លោក Xi បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋចិនថា “ប្រទេសចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពជាតិ” និង “ប្រឆាំងនឹងឯកតោភាគីនិយម និងការគំរាមកំហែង” ។រដ្ឋាភិបាលចិនបានប្រកាសថា លោក Xi និង Raisi បានចូលរួមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន 20 រួមទាំងពាណិជ្ជកម្ម និងទេសចរណ៍។ បន្ថែមលើនេះកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយៈពេល 25 ឆ្នាំដែលបានចុះហត្ថលេខានៅឆ្នាំ 2021 ដើម្បីសហការក្នុងការអភិវឌ្ឍប្រេង ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ប្រទេស​ចិន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសដែលបាន​ទិញ​ប្រេង​អ៊ីរ៉ង់ច្រើន​ជាង​គេ​ និង​ជា​ប្រភព​វិនិយោគ​ដ៏​សំខាន់សម្រាប់អ៊ីរ៉ង់ដែរ។ អ៊ីរ៉ង់​បាន​តស៊ូ​អស់​ជាច្រើន​ឆ្នាំ​ក្រោម​ទណ្ឌកម្ម​ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ​​ដែល​ដាក់​ដោយ​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​លោកខាងលិច​។ រដ្ឋាភិបាល​អាមេរិក​បាន​កាត់​ផ្តាច់​​អ៊ីរ៉ង់​មិនឱ្យមាន​បណ្តាញ​​ត​ភ្ជាប់ជាមួយ​ធនាគារ​នានាក្នុងសកលលោក​នៅ​ឆ្នាំ ២០១៨។

 

ប្រភព៖ AP ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image