en     km
en     km

បេសកជនអាមេរិកជឿថាជប៉ុននឹងអាចបញ្ឈប់ការរើសអើងលើក្រុម LGBTQ ឆាប់ៗនេះ

Share

កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនបាននិយាយថា លោកមានទំនុកចិត្តយ៉ាងមុតមាំ ថារដ្ឋាភិបាលជប៉ុននឹងចាត់វិធានការចាំបាច់ដើម្បីបញ្ឈប់ការរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) នៅក្នុងប្រទេសជប៉ុន ខណៈជប៉ុននឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល G-7 ក្នុងឆ្នាំ២០២៣នេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

តាមលោក Rahm Emanuel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកមានទំនុកចិត្តជាខ្លាំងចំពោះនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ក្នុងការបញ្ឈប់ការរើសអើងចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ លោក Emanuel បានបន្តថា ការផ្លាស់ប្តូរនេះនឹងឆ្លុះបញ្ចាំងមិនត្រឹមតែឆន្ទៈរបស់សាធារណជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាត់វិធានការចាំបាច់ ដើម្បីប្រឆាំងនឹងការរើសអើងលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទាំងស្រុង។

បើយោងតាមសារព័ត៌មាន AP បានឱ្យដឹងថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបាននិងកំពុងធ្វើយុទ្ធនាការ ឱ្យរដ្ឋាភិបាលអនុម័តច្បាប់ ដើម្បីថ្កោលទោសលើជនណាប្រឆាំងនិងរើសអើងលើក្រុមរបស់ខ្លួន បន្ទាប់ពីជំនួយការនាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនជ្រកក្រោមដំបូលតែមួយជាមួយអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋជប៉ុននឹងផ្លាស់ប្តូរទីលំនៅភ្លាមៗ ប្រសិនបើរដ្ឋាភិបាលជប៉ុនអនុញ្ញាតឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍។យ៉ាងណាមិញ ក្រុមសកម្មជនកំពុងជំរុញឱ្យរដ្ឋាភិបាលបង្កើតច្បាប់ប្រឆាំងនឹងការរើសអើង មុនពេលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ ដែលប្រព្រឹត្តិទៅនៅខែឧសភា ឆ្នាំ២០២៣ ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

តួយ៉ាង ប្រទេសជប៉ុន គឺជាសមាជិក G-7 តែមួយគត់ ដែលមិនបានទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ឬបានអនុម័តច្បាប់ប្រឆាំងនូវការរើសអើងសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា។
គួរបញ្ជាក់ថា ការរើសអើងតែងកើតមានឡើងជារឿយៗនៅក្នុងសាលារៀន កន្លែងធ្វើការ និងនៅផ្ទះជាដើម ដែលបណ្តាលឱ្យមនុស្សជាច្រើនលាក់អត្តសញ្ញាណផ្លូវភេទរបស់ពួកគេ។
តាមការស្ទង់មតិប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា សាធារណជនបានគាំទ្រលើសពី៦០ភាគរយ សម្រាប់ការអនុញ្ញាតឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់បាន។
ដោយឡែក លោក Kishida បានឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភា និងមហាជនថា លោកនឹងពិនិត្យបន្ថែមលើបញ្ហានេះដោយយកយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ លោកបានបញ្ជាក់ថា ការសម្រេចចិត្តមួយៗ គឺត្រូវការទាមទារឱ្យមានការពិនិត្យមើលឱ្យបានហ្មត់ចត់ពីសង្គមបរិយាកាសទាំងអស់ ពីព្រោះថាបញ្ហានេះអាចផ្លាស់ប្តូរផ្នត់គំនិតនិងទស្សនៈរបស់ក្រុមគ្រួសារ និងតម្លៃសង្គមផងដែរ។
សូមជម្រាបថា ប្រទេសជប៉ុនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូល G-7 នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលបានអំពាវនាវឱ្យមានការចូលរួមពេញលេញ សមភាព ស្ត្រីនិងក្មេងស្រីគ្រប់ជាតិសាសន៍ពណ៌សម្បុរ ក៏ដូចជាក្រុម LGBTIQ+ នៅក្នុងនយោបាយ សេដ្ឋកិច្ច ការអប់រំ និងគ្រប់វិស័យផ្សេងទៀតក្នុងសង្គមជាក់ស្តែង៕

ប្រភព៖ AP ចុះថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image