ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រសួងកិច្ចការនារីចេញសេចក្តីប្រកាសព័ត៌មានសម្តែងការសោកស្តាយ និង មិនគាំទ្រដាច់ខាតនូវរាល់សកម្មភាព ក៏ដូចជាទង្វើដែលមានចរិតហិង្សា អសីលធម៌ធ្វើឱ្យប៉ះពាល់ កិត្តិយសនិងតម្លៃស្រ្តីខ្មែរ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោក ផែង វណ្ណៈ ដែលបានប្រើពាក្យមិនសមរម្យទៅកាន់អ្នកសារព័ត៌មានVOD។ ជុំវិញករណីនេះ អ្នកធ្វើការងារផ្នែកសារព័ត៌មានជុំរុញឱ្យបុគ្គលិក ផែង វណ្ណៈ គួរសុំទោសជាសាធារណៈលើទង្វើរបស់ខ្លួន។
លោក គីម ចាន់ចាវ រាយការណ៍
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) ដែលជាស្ថាប័នមួយក្នុងចំណោម អង្គការសង្គមស៊ីវិល ៣៨ ដែលបានថ្កោលទោសការប្រើពាក្យសម្ដីដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ដ្រី ជាពិសេសស្ដ្រីអ្នកសារព័ត៌មានVODនេះ នៅតែទាមទារឱ្យលោក ផែង វណ្ណៈ ម្ចាស់សារព័ត៌មាន Pheng Vannak news សុំទោសជាសាធារណៈចំពោះអ្នកសារព័ត៌មានស្ត្រីរបស់VOD។ ក្នុងករណីដែលលោក ផែង វណ្ណៈ នៅតែរឹងត្អឹងមិនទទួលកំហុស ប្រធានសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ លើកទឹកចិត្ត ឱ្យកញ្ញា ប៉ាង សុខេង អ្នកសារព័ត៌មានវីអូឌី ដែលរងការប្រមាថប្តឹងលោកផែង វណ្ណៈតាមផ្លូវច្បាប់។
ទោះបីជាជំរុញឱ្យប្ដឹងផ្ដល់តាមផ្លូវច្បាប់ក្ដី លោក ណុប វី នៅតែមិនលើកទឹកចិត្តក្នុងការបិទអាជ្ញាបណ្ណការផ្សាយរបស់ Pheng Vannak news នោះទេ។ លោកបានលើកឡើងត្រឡប់ក្រោយថា ករណីបិទ VODក៏ដូចគ្នា ទោះបីថាមានកំហុសក៏ដោយ ប៉ុន្តែលោកទាមទារឱ្យមានការសម្របសម្រួលដោយការយោគយល់ ដូចដែលស្ថាប័នព័ត៌មានអនឡាញមួយចំនួនបានធ្វើខុស ហើយក្រោយការណែនាំ និងទទួលកំហុស គឺមិនឃើញមានការបិទអាជ្ញាបណ្ណការផ្សាយស្ថាប័នសារព័ត៌មានអនឡាញទាំងនោះឡើយ ឬដកហើយផ្ដល់ឱ្យវិញ។
តែផ្ទុយទៅវិញ អ្នកស្រី អេង ចាន់ឌី នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា យល់ថាទង្វើដែល លោក ផែង វណ្ណៈ បានប្រើពាក្យប្រមាថ មាក់ងាយ និងបៀតបៀនផ្លូវភេទ ទៅលើស្ដ្រីអ្នកសារព័ត៌មាននេះ គួរតែត្រូវបានក្រសួងព័ត៌មានដកអញ្ញាបណ្ណលែងឱ្យផ្សព្វផ្សាយ។
ទោះយ៉ាងណា លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់ទុកសាររបស់លោកផែង វណ្ណៈនេះ គឺជាមតិរបស់បុគ្គល ផែង វណ្ណៈ មិនមែនជាទស្សនៈរបស់ស្ថាប័នព័ត៌មាន Pheng Vannak newsនោះទេ។
ក៏ប៉ុន្តែលោក ប៉ែន បូណា ថាទោះជាលើកឡើងជាលក្ខណៈបុគ្គលក៏ដោយ ក៏ក្រសួងព័ត៌មានបានហៅលោក ផែង វណ្ណៈមកណែនាំ ផងដែរ ដោយបង្គាប់ឱ្យម្ចាស់គេហទំព័រព័ត៌មានអនឡាញរូបនេះ ដកសារដែរលោកបានបង្ហោះនោះចេញ។
កាលពីថ្ងៃ១៤ កុម្ភៈ លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីបដិសេធន៍ដាច់ខាតមិនព្រមសុំទោសអ្នកសារព័ត៌មាន VOD នោះឡើយ។ ម្ចាស់គេហទំព័រព័ត៌មានមាត់ឆៅរូបនេះ ថែមទាំងអត្ថាធិប្បាយវាយប្រហារទៅកាន់បណ្តាអង្គការនានាដែលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើខ្លួនថា ក្រុមអង្គការទាំងនោះសុទ្ធតែធ្វើតាមការបញ្ជារបស់បរទេស ព្រោះទទួលជំនួយបរទេសមកធ្វើការ។ លោកថែមទាំងប្រកាសជំហរចង់ធ្វើសន្និសីទកាសែតតទល់ជាមួយអង្គការទាំងនោះថែមទៀតផង ដើម្បីវាយបកទៅលើបណ្តាអង្គការទាំងនោះដែលលោកយល់ថា ពួកគេសុទ្ធសឹងតែជាដៃជើងរបស់ក្រុមបក្សប្រឆាំង។
ក៏ប៉ុន្តែលោក ណុប វី ដែលចង់ឃើញលោកផែង វណ្ណៈកែឥរិយបថ និងសុំទោសអ្នកសារព័ត៌មានស្រ្តីរបស់VOD មិនបញ្ជាក់សញ្ញាណាមួយដែលចង់និយាយតទល់ជាមួយ លោក ផែង វណ្ណៈនោះឡើយ៕