ភ្នំពេញ៖ ក្រសួងកិច្ចការនារីនៅឆ្នាំ២០២៣នេះ បានដាក់មូលបទ ស្តីពី ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងសម័យឌីជីថល ក្នុងការអបអរទិវាអន្ដរជាតិនារី ៨ មីនា ខណៈសង្គមស៊ីវិលធ្វើការលើយែនឌ័រថា គួរជជែកដេញដោលឱ្យស៊ីជម្រៅជាងនេះ កុំផ្ដោតលើឌីជីថលតែមួយមុខ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រសួងកិច្ចការនារីនៅឆ្នាំ២០២៣នេះ បានដាក់មូលបទ ស្ដ្រីរួមគ្នា រក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងសម័យឌីជីថល ក្នុងការអបអរទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៣។ នៅក្នុងឯកសារទស្សនាទាន ចេញថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា មូលបទនេះ មានគោលបំណង រំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្ដី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្ដិភាព ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងការឆ្លើយតប និងមូលបទដែលបានលើកឡើង ក្រសួងកិច្ចការនារីថា យើងត្រូវរួមគ្នាលើកកម្ពស់ ជំរុញការអនុវត្តគោលនយោបាយសមភាពយែនឌ័ររបស់រាជរដ្ឋាភិបាល ដែលចាត់ទុកស្ដ្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយែនឌ័រជាកិច្ចការអន្ដរវិស័យ។
យ៉ាងណា អង្គការយែនឌ័រដើម្បីអភិវឌ្ឍន៍នៅកម្ពុជា GADC យល់ថា ការបញ្ជ្រាបយែនឌ័រនៅក្នុងជួររដ្ឋាភិបាលមានភាពល្អប្រសើរតាមវិស័យមួយចំនួនបើធៀបនិងរយៈពេលប៉ុន្មានឆ្នាំមុន។ តួយ៉ាងមានមូលបទរបស់ក្រសួងកិច្ចការនារីនៅក្នុងឆ្នាំនេះ ក្រសួងបច្ចេកវិទ្យា និងនវានុវត្ត ក្រសួងព័ត៌មាន ជាដើមក៏មានការលើកម្ពស់នារីក្នុងវិស័យឌីជីថលដែរ។ តែសម្រាប់វិស័យមួយចំនួនដូចជា វិស័យដឹកនាំ វិស័យនយោបាយ នាយិកាអង្គការGAD/C មើលឃើញថា ស្ដ្រីនៅមានការចូលរួមតិចនៅឡើយ ហើយវិស័យមួយចំនួនទៀតសឹងតែមិនមានផង។ នេះជាការលើកឡើងរបស់អ្នកនាង អេង ចាន់ឌី នាយិកាអង្គការយែនឌ័រ ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា។
ត្រង់ចំណុចនេះ ក្រសួងសង្កត់ធ្ងន់នៅក្នុងឯកសារទស្សនាទានអបអរខួបទិវាអន្ដរជាតិនារី ៨មីនា លើកទី១១២ ថា ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយែនឌ័រ នៅតែបន្ដជាកិច្ចការអាទិភាព ដើម្បីធានាថាស្ដ្រី និងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព។ ក្នុងនោះមានវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិ ការចូលរួមដោយស្មើភាពគ្នា។ ស្រ្តីជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងរស់នៅក្នុងសង្គមភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខុមាលភាព។
ទោះបីបែបនេះក៏ដោយអ្នកនាង អេង ចាន់ឌី ថារដ្ឋាភិបាលគួរតែអនុវត្តគោលនយោបាយដែលមានស្រាប់ និងបង្កើតនូវតម្លាភាព ដើម្បីសមភាពយែនឌ័រដែលបានដាក់ចេញកើតមានឡើង។
សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ ជាខួបលើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា។ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ក្នុងខែមីនាខាងមុខ នឹងរៀបចំទិវានេះ ក្រោមប្រធានបទស្រដៀងគ្នានឹងការរួមគ្នារបស់ស្ដ្រី ក្នុងសម័យឌីជីថល និងនវានុវត្តដែរ។ តែសង្គមស៊ីវិលក៏បានលើកឡើងថា យើងទាំងអស់គ្នាជាអ្នករួមគ្នា និងជជែកដេញដោលលើប្រធានបទនេះ ដោយមិនមើលតែលើឌីជីថលតែមួយមុខទេ។