en     km
en     km

ក្រសួងកិច្ចការនារីសម្តែងការសោកស្តាយ និងមិនគាំទ្រចំពោះសកម្មភាពណាធ្វើឱ្យប៉ះពាល់តម្លៃស្រ្តី

Share

ភ្នំពេញ៖ ក្រសួងកិច្ចការនារីចេញសេចក្តីប្រកាសព័ត៌មានសំដែងការសោកស្តាយ និង មិនគាំទ្រដាច់ខាតនូវរាល់សកម្មភាព ក៏ដូចជាទង្វើរទាំងឡាយណា ដែលមានចរិតហិង្សា​ អសីលធម៌ធ្វើឱ្យប៉ះពាល់ កិត្តិយស និងតម្លៃស្រ្តីខ្មែរ ព្រមទាំងផ្តល់គំរូមិនល្អដល់យុវជនជំនាន់ក្រោយ។

នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកិច្ចការនារីនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ក្រសួងមើលឃើញថានាពេលថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ អសុរោះប្រាសចាកសុជីវធម៌ និងសីលធម៌តាមបណ្តាញសង្គម ដោយបុគ្គលមួយចំនួនធ្វើឱ្យប៉ះពាល់តម្លៃស្រ្តី។

ការប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីធ្វើឡើងក្រោយសង្គមស៊ីវិល ៣៨ស្ថាប័នកាលពីថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានដាក់លិខិតចំហ ទៅក្រសួងចំនួន៤ រួមមាន ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ មានចំណាត់ការលើលោក ផែង វណ្ណៈ ដែលបានប្រើពាក្យសម្ដីជេរប្រមាថស្ដ្រីអ្នកសារព័ត៌មានVOD ដោយម្ចាស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយលោក ផែង វណ្ណៈ បានប្រើពាក្យប្រមាថ មាក់ងាយ និងបៀតបៀនផ្លូវភេទ ទៅលើស្ដ្រីអ្នកសារព័ត៌មាន។

ក្រុមសង្គមស៊ីវិលចាត់ទុកទង្វើររបស់លោក ផែង វណ្ណៈ គឺមិនអាចលើកលែងបាន អសីលធម៌ និងបំពានយ៉ាងខ្លាំងលើក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេសបំពានលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្ដ្រី។ បន្ថែមពីនេះ សង្គមស៊ីវិលចាត់ទុកថាទង្វើរ លោក ផែង វណ្ណៈ ផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល បន្ទាបតម្លៃស្ដ្រី និងសង្គមជាតិទាំងមូល។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី បានអំពាវនាវទទូចដល់បុគ្គលដែលមានវិវាទនឺងគ្នា ប្រកាន់យកការដោះស្រាយដោយសន្តិវិធី ជៀសវាងការប្រើប្រាស់សម្តីជេរប្រមាថ៕

 

Share

Image
Image
Image