en     km
en     km

រុស្ស៊ី​ប្រកាសថាបានបំបែកខ្សែការពារអ៊ុយក្រែននៅភាគខាងកើត 

Share

 

យោងតាម Reuters ប្រទេសរុស្ស៊ីកាលពីថ្ងៃទី 16 ខែកុម្ភៈ ២០២៣ បាននិយាយថាខ្លួនបានបំបែកខ្សែការពារចំនួនពីររបស់អ៊ុយក្រែននៅភាគខាងកើតប្រទេស ខណៈប្រទេសលោកខាងលិចបានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទៀតឱ្យអ៊ុយក្រែន។

ដោយមានការជំរុញពីកងទ័ពបម្រុងរាប់ម៉ឺននាក់ដែលបានត្រៀមតាំងពីខែធ្នូ ឆ្នាំ២០២២ រុស្ស៊ីបានបង្កើនការវាយប្រហារនៅទូទាំងភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។​នៅពេលខួបមួយឆ្នាំនៃការលុកលុយលើអុយក្រែនខិតជិតមកដល់ គេរំពឹងថានឹងមានការវាយប្រហារថ្មីបន្ថែមទៀតពីភាគីរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធទី១៥ កុម្ភៈ ២០២៣បានថ្លែងថា កងកម្លាំងអ៊ុយក្រែនបានដកថយពីតំបន់ Luhansk ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនៅឡើយទេ។

ជាមួយគ្នានេះសារព័ត៌មាន Reuters ក៍មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះនៅឡើយដែរ។ក្រសួងការពារជាតិរុស្ស៊ីបានផ្ញើសារតាម Telegram ថា “ក្នុងអំឡុងពេលប្រយុទ្ធ ទាហានអ៊ុយក្រែនបានដកថយចម្ងាយ៣គីឡូម៉ែត្រពីទីតាំងជួរមុខដែលធ្លាប់កាន់កាប់” ។”សូម្បីតែខ្សែការពារទីពីរដែលមានកម្លាំងខ្លាំងជាងនេះ មិនអាចទប់ទល់នឹងការវាយទម្លុះរបស់យោធារុស្ស៊ីបានដែរ”។ទោះយ៉ាងណារបាយការណ៍​មិន​បាន​បញ្ជាក់​ថា​ការ​វាយផ្ដាច់ខ្សែការពារអ៊ុយក្រែន​បាន​កើត​ឡើង​នៅ​កន្លែងណា​នៃ​តំបន់ Luhanskនោះទេ។

កាលពីថ្ងៃពុធទី១៥ កុម្ភៈ ២០២៣ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Hanna Malyarបាននិយាយ​ថាកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុក “គ្រប់ម៉ោង” លើទីតាំងរដ្ឋាភិបាល តែមិនបានបញ្ជាក់ពីទីកន្លែងជាក់លាក់នោះទេ។លោក Hanna Malyar បានសរសេរនៅលើ Telegram ថា “ស្ថានការណ៍តានតឹង។វាពិបាកសម្រាប់យើង។ ប៉ុន្តែអ្នកប្រយុទ្ធរបស់យើងមិនអនុញ្ញាតឱ្យសត្រូវសម្រេចនូវគោលដៅរបស់ពួកគេទេ ហើយកំពុងធ្វើឱ្យរុស្ស៊ីខាតបង់យ៉ាងធ្ងន់ធ្ងរ” ។នៅទីក្រុង Kyiv កងទ័ពបាននិយាយថា បាឡុងហោះរបស់រុស្ស៊ីចំនួនប្រាំមួយ ដែលអាចមានឧបករណ៍ឈ្លបយកការណ៍ ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធទី១៥ កុម្ភៈ បន្ទាប់ពីសំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើង។ក្នុងសារតាម Telegramសរសេរថា “គោលបំណងនៃការបង្ហោះបាឡុងរបស់រុស្ស៊ីគឺអាចជាការឈ្លបយកការណ៍ និងធ្វើឱ្យប្រព័ន្ធការពារអាកាសរបស់យើងខូចខាត”។ ទោះយ៉ាងណារុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេចំពោះករណីនេះ។

ប្រភព៖ Reuters ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image