en     km
en     km

លោក អ៊ិត សូធឿត៖បុគ្គលិកVODមិនទាន់មានអ្នកទៅទទួលក្របខ័ណ្ឌរដ្ឋទេតែក៏មិនបិទសិទ្ធិបុគ្គលិកដែរ

Share

ភ្នំពេញ៖ លោក​ អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ(CCIM)​ ដែល​គ្រប់​គ្រង​ព័ត៌មាន​វីអូឌី(VOD)ប្រាប់វិទ្យុស្រ្តីនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ថា រហូតមកទល់ពេលនេះ បុគ្គលិក VOD ពុំទាន់មាននរណាម្នាក់លាឈប់ពី VOD ហើយទៅទទួលយកការងារក្នុងក្របខ័ណ្ឌរបស់រាជរដ្ឋាភិបាលនៅឡើយទេ។ លោក សូធឿត ​បន្តថា ក្រុមការងារផ្នែកព័ត៌មាននៅVOD មានជំហររឹងមាំ និងស្រលាញ់ការងារនៅ VOD ដែលលោកអាចរំពឹងថា ពួកគេនឹងមិនចាកចេញពី VOD ឡើយ។

តែយ៉ាងណាលោកថា ការចាកចេញទៅយកតំណែងឬតួនាទីការងារក្នុងក្របខ័ណ្ឌជាមន្រ្តីតាមក្រសួងរបស់រដ្ឋាភិបាល គឺជាសេរីភាពរបស់ពួកគេ ដោយស្ថាប័នមិនហាមឃាត់ឬរារាំងការសម្រេចចិត្តរបស់បុគ្គលិកឡើយ។

សំឡេងលោក អ៊ិត សូធឿត៖

ការផ្តល់ព័ត៌មានពីលោក ​ អ៊ិត សូធឿត ​ជុំវិញស្ថានភាពថ្មីៗនៅស្ថាប័នVODនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន បានឱ្យក្រសួងព័ត៌មាន​ចេញ​សេចក្តី​សម្រេច​​លុប​ចោលអាជ្ញា​បណ្ណ​របស់ ​វីអូឌី និងបន្ទាប់ពីសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បុគ្គលិកVODដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។សម្តេច ហ៊ុន សែន បន្តថាករណីបុគ្គលិកVOD ចង់បានការងារក្នុងក្របខ័ណ្ឌ គឺទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់ពាក្យសុំធ្វើការបាន។

នាយករដ្ឋមន្រ្តី បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីនាយករដ្ឋមន្រ្តី។

សម្តេច ហ៊ុន សែន បានសរសេរបន្ថែមលើទំព័រហ្វេសប៊ុក ដោយដាក់ការស្តីបន្ទោសលើថ្នាក់ដឹកនាំរបស់VODថា ការបាត់បង់ការងាររបស់បុគ្គលិកVOD ដែលធ្វើឱ្យពួកគេអាចប៉ះពាល់ជីវភាពគឺមកពីកំហុសរបស់អ្នកដឹកនាំនៅ VOD។

ស្ថាប័នVOD ត្រូវបានក្រសួង​ព័ត៌មាន ​​ចេញ​សេចក្តី​សម្រេច​មួយ​​លុប​ចោលអាជ្ញា​បណ្ណ​កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣។ ការបិទស្ថាប័នព័ត៌មាននេះ កើតឡើងបន្ទាប់ពី​​នាយក​រដ្ឋមន្រ្តី​​​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្សាយ​អត្ថបទ​មួយដែលថា ​កូន​ប្រុស​របស់​សម្តេច ​​ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគីដែលមានថវិកាចំនួន ​១០ ​ម៉ឺន​ដុល្លារអាមេរិក។

​​

Share

ព័ត៌មានទាក់ទង

Image