ដោយសង្កេតឃើញថា អ្នកលក់ឬម្ចាស់ផលិតផលមួយចំនួន បានផ្សាយហួសពីគុណភាពពិតនៃផលិតផលទំនិញ មន្ត្រីជំនាញបានណែនាំឱ្យ អ្នកប្រើប្រាស់ផលិតផលដាក់ពាក្យបណ្តឹងមកកាន់គណកម្មាធិការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបាន ករណីមិនបានទទួលនូវអ្វីដូចការរំពឹងទុក។ លោក គីម ចាន់ចាវ រាយការណ៍
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា និងបទប្បញ្ញត្តិពាក់ព័ន្ធ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប.) បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងការបង្ហាញ ឬការផ្សាយហួសពីគុណភាពពិតនៃផលិតផលទំនិញនេះ បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការរៀបចំធ្វើពាក្យបណ្តឹង ប្តឹងមកកាន់គណកម្មាធិការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបាន ករណីមិនបានទទួលនូវអ្វីដូចការរំពឹងទុក។ ហើយពាក្យបណ្តឹងនេះ អាចប្តឹងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញក៏បាន។ ទោះយ៉ាងណា អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យមន្ត្រីដែលទទួលនីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ចុះស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ អំពីអ្វីដែលពួកគេបានបង្ហាញនិងផ្សាយទៅកាន់អតិថិជន ដែលជាអ្នកប្រើប្រាស់។
ការណែនាំរបស់ អគ្គនាយករងក.ប.ប. នេះ គឺដោយឃើញថា មានអ្នកលក់ផលិតផលនិងទំនិញមួយចំនួន បានផ្សាយលើសពីការពិតនៃអត្ថប្រយោជន៍ជាក់ស្តែងរបស់ទំនិញខ្លួន។ តួយ៉ាងដូចជាផលិតផលអាហារបំពេញបន្ថែមពោលគឺអាហារបំប៉ន ម្ចាស់ផលិតផលបានផ្សាយតាមរយៈវិទ្យុ ទូរទស្សន៍ និងតាមបណ្តាញហ្វេសប៊ុកថា មានការព្យាបាលបានជំងឺជាច្រើនមុខ។
«ជាការពិតវាមានទំនិញមួយចំនួនមានការផ្សាយលើសអ្វីដែលជាការពិត ហើយដូចជាមានការបង្ហាញថាផលិតផលរបស់ខ្លួន ឧទាហរណ៍ថាថ្នាំ អាហារបំពេញបន្ថែមខ្លះ ផ្សព្វផ្សាយថាអាចជួយព្យាបាលជម្ងឺជាដើម។ អាហ្នឹងគឺជាការមួយដែលអាចមិនត្រឹមត្រូវទេ ព្រោះថ្នាំ Supplement មានមុខងារគ្រាន់តែបន្ថែមឱ្យអាហារទេ មិនមែនជួយព្យាបាលទេ។ ប៉ុន្តែសង្កេតឃើញថាមានការផ្សាយពាណិជ្ចកម្មរបៀបនេះ លើសពីការពិត។ ហើយម្យ៉ាងទៀតមានពាណិជ្ជកម្ម មានក្រុមហ៊ុនមួយចំនួនដែលផ្សព្វផ្សាយផលិតរបស់ខ្លួនដោយភ្ជាប់នឹងរង្វាន់ ពេលខ្លះវាហួសហេតុពេក ដែលនាំឱ្យជះឥទ្ធិពលអាក្រក់ដល់ សង្គមដែរ។ អាហារ និងភេសជ្ជៈខ្លះមានកម្រិតក្នុងការទទួលទាន ហើយការផ្សាយភ្ជាប់រង្វាន់នេះធ្វើឱ្យអ្នកទទួលទានហ្នឹងលោកចង់ទទួលទាន។ ចឹងវាអាចលើសឬវាអាចប៉ះពាល់ដល់សុខភាពគាត់»។
កាលពីកន្លងទៅអគ្គនាយកដ្ឋាន ក.ប.ប. ក៏ធ្លាប់បានបង្រ្កាបជាច្រើនករណីហើយទៅលើការផ្សាយលើសពីការពិតនៃអត្ថប្រយោជន៍ជាក់ស្តែងរបស់ទំនិញខ្លួន និងមានផងដែរការបង្ក្រាបទៅលើក្រុមហ៊ុនលក់ទំនិញ និងផលិតផល ដែលបានចេញផ្សាយអំពីទំនិញរបស់ខ្លួនដោយបានបង្ហាញថា ការទិញទំនិញរបស់ខ្លួន អតិថិជននឹងទទួលបានរង្វាន់ទូរស័ព្ទដៃ រថយន្ត មាសពេជ្រ ជាដើម ប៉ុន្ដែពួកគេមិនបានផ្ដល់អ្វីដូចការផ្សព្វផ្សាយ។ ទោះយ៉ាងណា រហូតដល់ពេលនេះ ការផ្សព្វផ្សាយនូវផលិតផលហួសពីគុណភាព ពិតនៃផលិតផលទំនិញ នៅតែកើតមាន ព្រោងព្រាតនៅឡើយ ជាពិសេសនៅលើបណ្ដាញសង្គមហ្វេសប៊ុក៕