en     km
en     km

ម្តាយម្នាក់បានជួយសង្គ្រោះកូន៣នាក់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសស៊ីរី

Share

 

អាជ្ញាធរបានរាយការណ៍ថា ស្រ្តីជនជាតិស៊ីរីម្នាក់ជាជនរងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសស៊ីរី ដោយពេលនោះអ្នកស្រីមានអារម្មណ៍តក់ស្លុកជាខ្លាំង​ ក៏ប៉ុន្តែអ្នកស្រីអាចគ្រប់គ្រងស្ថានការបាន ពោលគឺអាចជួយសង្គ្រោះអាយុជីវិតកូនទាំងបីនាក់ រួមទាំងរូបថត និងវត្ថុអនុស្សាវរីយ៍មួយចំនួនថែមទៀតផង។

(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា កែវ សុជាតា)

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា អ្នកស្រី Um Kanan ជាម្តាយជនជាតិស៊ីរីមួយរូប ដែលអាចតាំងស្មារតីបានយ៉ាងល្អប្រសើរក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ដោយអ្នកស្រីបានក្រោកទៅដាស់កូនទាំងបីឱ្យភ្ញាក់ពីដំណេក រួចប្រញាប់ប្រញាល់ប្រមូលរបស់មានតម្លៃមួយចំនួន និងនាំកូនៗទៅលាក់ខ្លួននៅក្នុងទូដាក់សម្លៀកបំពាក់មួយនៅក្នុងបន្ទប់គេង។

អ្នកស្រី Um Kanan បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា អ្នកស្រីនិងកូនពៅបានលាក់ខ្លួនក្នុងទូ ដែលមានទទឹងមិនលើសពីមួយម៉ែត្រ ខណៈកូនពីរនាក់ផ្សេងទៀតបានដេកពួននៅចន្លោះទូនិងគ្រែ ដោយប្រើខ្នើយដើម្បីការពារខ្លួនពីកម្ទេចបាក់បែក។

តាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា ក្រោមឥទ្ធិពលនៃគ្រោះមហន្តរាយនេះ បានបណ្តាលឱ្យផ្ទះល្វែងគ្រប់ជាន់នៅក្នុងទីក្រុង Jableh​ រួមទាំងជាន់ទី៤ ដែលអ្នកស្រី Kanan និងកូនៗស្នាក់នៅផងនោះ បានដួលរលំ និងសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់។ ជាសំណាងល្អ ម្តាយនិងកូនទាំងបីនាក់នេះពុំមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

អ្នកស្រី Kanan បានបង្ហាញអារម្មណ៍មិនគួរឱ្យជឿ ថារឿងនេះបានកើតឡើងចំពោះអ្នកស្រីនិងក្រុមគ្រួសារ ដោយនិយាយថា «តើ​អគារ​ទើប​តែ​រលំ​មែន​ទេ? តើ​នេះ​ជា​ការយល់សុបិន​មែនទេ?»។ យ៉ាងណាមិញ អ្នកស្រីបានបង្ហាញនូវការត្រៀមខ្លួនជាស្រេច​ប៉ុន្មាន​ម៉ោងមុន​ពេល​ឈាន​ដល់​ការ​រញ្ជួយ​ដី ពោលគឺអ្នកស្រី​បាន​រៀបចំ​កាបូប​មួយ​ ក្នុងនោះមានដាក់ដូចជា​​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​អាពាហ៍ពិពាហ៍ ព្រម​ទាំង​អាល់ប៊ុម​រូបថត និង​វីដេអូជាដើម។

ដោយឡែក អ្នកស្រីបញ្ជាក់ថា នៅក្នុងពេលកើតហេតុ ប្តី​របស់​អ្នកស្រីមិនបាននៅផ្ទះនោះទេ ដោយសារតែលោកជាប់បំពេញបេសសកម្ម​ក្នុងតួនាទីជា​មន្ត្រី​យោធា​។

សូមជម្រាបថា កាលពីសប្តាហ៍មុន ហេតុការរញ្ជួយដីនេះបានកើតឡើងនៅប្រទេសស៊ីរីនិងតួគី ដែលរញ្ជួយដីក្នុងកម្រិត ៧.៨ រិចទ័រ។ វាបានវាយប្រហារ និងសម្លាប់មនុស្សជាង ៥,000 នាក់នៅក្នុងប្រទេសស៊ីរី និង សម្លាប់មនុស្សជាង ៣០,000 នាក់នៅភាគខាងជើងនៃប្រទេសទួរគី៕

ប្រភព៖ Reuters ចុះថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image