loader

ទស្សនៈផ្សេងៗគ្នាចំពោះការផ្ដល់ឱកាសឱ្យបុគ្គលិក VOD ចូលបម្រើក្របខណ្ឌរដ្ឋ

សម្ដេច ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិក VOD  ដែលមានបំណងចង់បម្រើការងាររដ្ឋ។ សម្តេចហ៊ុន សែន ដែលជាអ្នកបញ្ជាឱ្យបិទសារព័ត៌មានវ័យ២០ឆ្នាំមួយនេះ បានប្រកាសនៅថ្ងៃទី១៤ កុម្ភៈ មួយថ្ងៃក្រោយវិទ្យុ VOD បិទការផ្សាយ តាមការសម្រេចរបស់ក្រសួងព័ត៌មាន ដែលបានដកអាជ្ញាបណ្ណ។ ជុំវិញការផ្ដល់ឱកាសឱ្យបុគ្គលិក VOD អាចចូលបម្រើការងាររដ្ឋនេះ ក្រុមអ្នកគាំទ្រ និងមន្ត្រីគណបក្សកាន់អំណាច បានបង្ហាញនូវការសាទរ ខណៈសាធារណៈមិតិមួយចំនួនហាក់មានមន្ទិលនៅឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

នៅក្នុងសារដែលសម្តេច ហ៊ុន សែន​ សរសេរនៅលើបណ្ដាញសង្គម ដោយសម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋដល់អតីតអ្នកសារព័ត៌មានវីអូឌីទាំងអស់ ប្រសិនបើករណីពួកគេមានបំណងចង់ចូលបំរើការងារក្នុងស្ថាប័នរដ្ឋ ក្រុមអ្នកគាំទ្រ និងមន្ត្រីគណបក្សកាន់អំណាច បានចូលComment ជាហូរហែរនូវការលើកសរសើរនូវការសម្រេចនេះ ខ្លះថាជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហាធម៌។ ក៏ប៉ុន្តែក៏មានដែរ អ្នកដែលចូលComment បង្ហាញការមិនពេញចិត្ត។ម្ចាស់គណនីឈ្មោះ  គីមថាច់ សារមោរ៉ា Kimthach Saramora  បានសរសរក្នុងន័យចំៗថា “ធ្វើអោយអស់សង្ឃឹម សឺមធ្វើអោយមានសង្ឃឹមឡើងវិញ”។

 

ចំណែក គណនីហ្វេសប៊ុកឈ្មោះ Thach Radin បានសរសេរនូវសារឌឺដង​ តាមសំណេរដើមថា​ «បើសម្ដេចពូកែទៅបិទ វិទ្យុ VOA , RFA, RFI ជាខេមរភាសាផង ព្រោះវិទ្យុទាំង៣នេះជាវិទ្យុឯករាជ្យ តែងតែនិយាយអំពីអំពើពុករលួយ និងភាពអវិជ្ជមានរបស់រដ្ឋាភិបាលច្រើនណាស់ ហើយពលរដ្ឋខ្មែរភាគច្រើនលោកស្ដាប់វិទ្យុទាំង៣នេះ។ សម្ដេចកុំអាងតែមានអំណាចសង្កត់តែអ្នកនៅក្នុងស្រុក។ធ្វើល្អខ្លះផង ខ្មែរដូចតែគ្នាទេ កុំបក្ខពួក គ្រួសារនិយមខ្លាំងពេក»។ ការcommentរបស់គណនី ឈ្មោះThach Radin ត្រូវបានសម្តេចហ៊ុន សែនឆ្លើយតបថា យោបល់បែបនេះហើយដែលជួយផ្តាច់ជិវិតវីអូឌី។

 

 

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ លោក ប៊ីច បានសរសេរលើកសរសើរការសម្រចរបស់នាយករដ្ឋមន្ត្រី ដោយបញ្ជាក់ក្នុងសំណេរដើមថា « សម្តេចលោកបានចែកក្តីស្រលាញ់ឲ្យ បងប្អូន កូន ក្មួយ ដែលធ្វើការនៅ ,VOD ហើយ! ឪកាសមាសប្រាក់មកដល់ហើយ គួរកុំរំលងចោលឲ្យសោះ មនុស្សជាច្រើន ចង់ប្រាថ្នា ការងារក្របខណ្ឌរាជការនេះណាស់តែ សម្តេចលោក មានករុណាគុណ និងសុខទុទ្ខដល់កូនៗទាំងនោះហើយ ។ខ្ញុំពិតជារំភើបជំនួសពួកគាត់ហើយ ដូចរូបខ្ញុំផ្ទាល់ជាបុគ្គលិកកិច្ចសន្យានៅក្រសួងមួយ១០ឆ្នាំហើយមិនមានឨកាសចូលក្របខណ្ឌរដ្ឋផង សម្តេចលោកមានព្រហ្មវិហារធម៍ចំពោះប្រជាជនខ្លួន ដោយមិនប្រកាន់និន្នការនោះឡើយ »។

ចំណែក អ្នកសារព័ត៌មានម្នាក់ដែលបានសម្ដែងការសោកស្ដាយការបាត់បង់វីអូឌីនេះ គឺ កញ្ញា សុវណ្ណ ស្រីពេជ្រ បានបង្ហោះសារលើគណនីរបស់ខ្លួនថា «ដុតផ្ទះគ្នាហើយ ធ្វើជាចិត្តព្រះសង់ជើងសសរថ្មីឲ្យ!»។ ដោយឡែកអ្នកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហាក់មិនរំពឹងលើឱកាសដែលប្រមុខរដ្ឋាភិបាលផ្ដល់ឱ្យបុគ្គលិកVODនេះឡើយ ប៉ុន្តែអ្នកស្រីនៅតែទាមទារឱ្យពិចារណាលើហេតុផលដើមដែលបិទប្រព័ន្ធផ្សព្វផ្សាយមួយនេះ។

 

«ខ្ញុំសង្កត់ធ្ងន់ទៅលើបញ្ហាបិទVOD បើសិនមិនមានការបិទVODទេ យើងក៏មិនមានព្រឹត្តិការណ៍បែបនេះ ហើយនាយករដ្ឋមន្ត្រីក៏មិនបាច់ត្រូវធ្វើការសម្រេច ក្នុងការផ្ដល់ក្របខណ្ឌរដ្ឋ ហើយយើងគិតទៅក៏វា យើងមើលលើបញ្ហានេះ ក៏វាជារឿងមួយដែលយើងត្រូវជជែកគ្នាដែរ ព្រោះកន្លងមកយើងឃើញហើយក្រមខណ្ឌរដ្ឋសុទ្ធតែមានការប្រកួតប្រជែង មានការបើកនូវឱកាស។ល។ហ្នឹង។ អញ្ចឹង ការដែលធ្វើបែបនេះក៏វានឹងអាចប៉ះពាល់ដល់សមាសភាពរបស់ក្រុមការងារVOD ដែលពួកគាត់មើលឃើញហ្នឹងថា សាធារណជនយល់យ៉ាងម៉េចឬអីចឹង។ វាមានរឿងច្រើនទៀត ចឹងខ្ញុំគិតថាយើងគួរធ្វើការងារទៅតាមនីតិវិធី ជាជាងយើងធ្វើទៅតាមអារម្មណ៍មួយពេល​នៅពេលដែលយើងមិនសប្បាយចិត្តចឹង»។

 

ជុំវិញការផ្ដល់ឱកាសដល់បុគ្គលិកស្ថានប័នដែលបានរំលាយនេះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJa) គោរពចំពោះការសម្រេចចិត្តផ្ទាល់របស់បុគ្គលិក VODរៀងខ្លួនផ្ទាល់។

 

«សំខាន់សួរថា តើបុគ្គលិក មើលឃើញថាការផ្ដល់ឱ្យពីសម្តេចវាជាឱកាស ឬមួយក៏ពួកគាត់មើលឃើញថា វាអត់សមស្របជាមួយនឹងអ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគាត់ចឹងណា៎។ យើងដឹងហើយការងារនៅក្នុងរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងជួរមន្ត្រីរាជការគឺជាការងារផ្សេង ការងារនៅក្នុងអាជីវជាអ្នកសារព័ត៌មានដែលជាអាជីពសេរីគឺជាការងារផ្សេងមួយទៀត។ ចឹងពួកគាត់អាចពិចារណា អាចបង្ហាញអំពី អ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគាត់ពិប្រាកដ»។

 

អ្នកស្រី ចក់ សុភាព យល់ថាបើបុគ្គលិកVOD ពិតជាចង់ចូលបម្រើការងាររដ្ឋ ប្រហែលជាពួកគេមិននៅរង់ចាំរហូតដល់ពេលដែលបិទស្ថាប័នដែលខ្លួនកំពុងធ្វើការបែបនេះទេ។

 

«បុគ្គលម្នាក់ៗមានឆន្ទៈមានក្ដីស្រមៃក្នុងវិជ្ជាជីវៈរបស់ខ្លួន។ ចឹងបើគាត់ចង់ប្រឡូក្នុងក្របខណ្ឌរដ្ឋគាត់ចូលតាំងពីដំបូងមកម្លេះ មិនមែនរង់ចាំដល់មានព្រឹត្តិការណ៍បែបនេះ ទើបគាត់ចូលរួម បើធៀបនឹងបុគ្គលដែលមានវិជ្ជាជីវៈ មានឆន្ទៈវាមិនមែនជារឿងមួយដែលយើងទៅសាទរនៅពេលដែលបិទស្ថាប័នមួយនោះទេ»។

 

 

ទន្ទឹមនឹងការផ្ដល់ឱកាសឱ្យបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ VOD ចូលក្របខណ្ឌរដ្ឋនេះ ក៏មានសិស្សនិស្សិត មួយចំនួនដែលទើបបញ្ចប់ការសិក្សាប្រាថ្នាការងារក្នុងក្របខណ្ឌនេះ តែគ្មានឱកាស មានការប្រកួតប្រជែងច្រើន។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ponleu Sok បានComment ទៅកាន់នាយករដ្ឋមន្ត្រីថា «សុំចូលក្របខ័ណ្ឌម្នាក់ផង សម្តេចពុក ខ្ញុំប្រលងរហូតមិនដែលជាប់សោះ សូមសម្តេចពុកអនុម័តអោយខ្ញុំម្នាក់ផង ព្រោះខ្ញុំចង់បំរើការជូនជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនទូទៅ ប្រកបដោយ ការគោរព ស្រលាញ់ ខ្ញុំបាទសង្ឃឹមថា សម្តេចពុកមេត្តា ករុណាដល់ខ្ញុំបាទ ដោយការគោរពដឹងគុណ របស់សម្តេចពុកដ៏ខ្ពង់ខ្ពស់»៕

 

 

 

4 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x