ភ្នំពេញ៖ សិក្ខាកាមប្រមាណ ៥០នាក់ដែលភាគច្រើនជាស្រ្តីវ័យចំណាស់(ស្រី៤០នាក់) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលរយៈពីរថ្ងៃចាប់ពីថ្ងៃទី១៣ និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនេះ ក្រុមគ្រូបង្គោលនៃWMCបានចែករំលែកចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យព័ត៌មាន។
ក្នុងនោះមានការបង្ហាញពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ ដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សព្វផ្សាយតាមទីសាធារណៈ និងបណ្តាញសង្គម(Facebook,YouTube,Telegram…) ដែលពួកគេនិយមប្រើប្រាស់។
មួយទៀតដែរ គឺការចែករំលែកមេរៀនការគិតបែបស៊ីជម្រៅ។មេរៀននេះចង់ឱ្យសិក្ខាកាមមានមូលដ្ឋានកាន់តែរឹងមាំនៃការគិតពិចារណា ស្វែងយល់ហេតុផលនៅពីក្រោយនៃការបញ្ចេញព័ត៌មានរបស់ស្ថាប័នសារព័ត៌មាននីមួយៗនោះ។
ចំណែកថ្ងៃបន្ទាប់ក្រុមគ្រូបង្គោលបានផ្តល់នូវមេរៀនចំនួនពីរបន្ថែមទៀត គឺទាក់ទងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព។ ការចែករំលែកមេរៀននេះ ដោយសារបច្ចុប្បន្នមានការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនលើបណ្តាញសង្គម ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយលុងចាញ់បោក ខាតបង់ផលប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ពិសេសអាចប្រឈមបញ្ហាសុខភាពផងដែរ។ ដោយឡែក មេរៀនទាក់ទងនិងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព គ្រូបង្គោលនៃWMC បានបង្ហាញនូវគន្លឹះមួយចំនួនដើម្បីសិក្ខាកាមចេះឆ្លើយតបនូវព័ត៌មានក្លែងក្លាយប្រកបដោយសុវត្ថិភាពដោយប្រើភាពវៃឆ្លាត ដែលអាចបញ្ចៀសរាល់ហានិភ័យដែលកើតមានឡើង។
ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ សង្កេតឃើញថា ក្រុមមនុស្សចាស់ដែលជាសិក្ខាកាមបានចូលរួមយ៉ាងសកម្មក្នុងការងារជាក្រុម ដោយមានការពិភាក្សាដេញដោល ការចូលរួមបញ្ចេញមតិយោបល់ ពិសេសអ្នកចូលរួមបានលើកឡើងនូវសំនួរជាច្រើនក្នុងកម្មវិធី។
ក្នុងនោះដែរអ្នកស្រីសុភាព អ្នកស្រីធីតា អ៊ុំស្រីវណ្ណី បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែង ដែលជនខិលខូចធ្លាប់បានឆបោកតាមបណ្តាញសង្គមតាមរយៈឆាតហ្វេសប៊ុក ដែលអ្នកទាំងអស់គ្នាស្ទើរតែជ្រុលខ្លួនផ្តល់លុយកាស(វេលុយ)ដល់ជនឆបោកទាំងនោះ។ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់ដឹងពីមូលដ្ឋានក្នុងការគិតឱ្យបានស៊ីជម្រៅ និងអាចស្វែងយល់កាន់តែច្បាស់ពីរបៀបប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព ពិសេសបានដឹងពីល្បិចកលជនខិលខូចដែលតែងបោកប្រាស់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។
សិក្ខាកាមដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះដោយទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ល្អៗបន្ថែមដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគេសន្យាថា នឹងចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលទៅកាន់អ្នកក្បែរខ្លួនមាន មិត្តភក្តិ បងប្អូន ឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ ដើម្បីពួកគេអាចគេចផុសពីការឆបោកលើបណ្តាញសង្គម។
លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)មានមតិថ្លែងបិទវគ្គបណ្តុះបណ្តាលនេះថា លោកស្រីមានក្តីរីករាយដែលបងប្អូនពូមីងភាគច្រើនមានវ័យចាស់ៗបានចំណាយពេលវេលាផ្ទាល់ខ្លួនមកសិក្សាបន្ថែម ដើម្បីចំណេះដឹងអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកស្រីនាយិកាអង្គការមានមតិផ្តាំផ្ញើដោយជំរុញដល់អ្នកចូលរួមគប្បីមុនចែករំលែកព័ត៌មានលើបណ្តាញសង្គគួរស្វែងយល់ឱ្យបានស៊ីជម្រៅពីព័ត៌មានពិតឬក្លែងក្លាយ ព្រោះព័ត៌មានក្លែងក្លាយមានឥទ្ធិពលជាអវិជ្ជាដល់អ្នកដទៃ។ មួយវិញទៀត លោកស្រីបណ្ឌិតលើកទឹកចិត្តដល់សិក្ខាកាមត្រូវចែករំលែកព័ត៌មានណាពិតប្រាដក ពិសេសព័ត៌មានដែលផ្តល់នូវចំណេះដឹងដល់អ្នកប្រើប្រាស់បណ្តាញសង្គម។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)នឹងបើកវគ្គបណ្តុះបណ្តាលចំនួន ៨លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួនប្រមាណ៣០នាក់ចូលរួម៕
ខាងក្រោមនេះជារូបភាពសកម្មភាពនៃវគ្គបណ្តុះបណ្តាលនិងការចែកវិញ្ញាបត្រប័ណ្ណទុកជាអនុស្សាវរីយិ៍៖