ក្រសួងព័ត៌មាន ក្រោយពីទទួលបញ្ជាផ្ទាល់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបិទសារព័ត៌មាន (VOD) នៅថ្ងៃទី១៣កុម្ភៈ ក្រោមហេតុផលផ្សាយព័ត៌មានមិនពិត។ ទោះយ៉ាងណា ទំាងមន្ត្រីបក្សកាន់អំណាច និងសង្គមស៊ីវិលយល់ស្របគ្នាពីគុណសម្បត្តិរបស់ វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ជាង២០ឆ្នាំមកនេះ។ លោក គីម ចាន់ចាវ រាយការណ៍ Chanchav-14-02-23-01
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចាត់ទុកការផ្សាយរបស់(VOD)មានប្រយោជន៍សម្រាប់សាធារណៈជន និងរាជរដ្ឋាភិបាល ហើយមានការឆ្លើយតបយ៉ាងវិជ្ជាមាន ទាមទារឱ្យរដ្ឋាភិបាលពិចារណាក្នុងការអនុគ្រោះចំពោះកំហុសនៅពេលនេះ ដោយផ្អែកលើគុណតម្លៃកន្លងមក។
លោក សុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានទទួលស្គាល់នូវសមិទ្ធិផល និងគុណសម្បត្តិនៃការផ្សាយរបស់(VOD)ដែរ។ ក៏ប៉ុន្តែលោកចាត់ទុកថា កំហុសមិនអាចយកគុណសម្បត្តិចាស់ពីមុនមកលុបលាងបានទេ។
លោក អិត សុធឿត ប្រធានផ្នែកផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អះអាងថា ក្រុមការងារ(VOD) បានធ្វើការយ៉ាងសកម្ម ក្នុងការអន្តរាគមន៍លើបញ្ហានេះ។
ទន្ទឹមនឹងការបង្ហាញការសោកស្ដាយចំពោះការបិទការផ្សព្វផ្សាយរបស់VODនេះ ក៏មានអ្នកគាំទ្របក្សកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ដើម្បីបង្ហាញការយល់ស្របដែលរដ្ឋាភិបាលសម្រេចបិទវិទ្យុមួយនេះដែរ។ អ្នកស្រីចក់ សុភាព ទាមទារឱ្យគ្រប់គ្នាចូលរួមពន្លត់ភ្លើង ជាជាងការចាក់សាំងបន្ថែម។
ការសម្រេចបិទ លែងផ្ដល់អញ្ញាបណ្ណឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD)នេះ គឺធ្វើឡើងនៅថ្ងៃទី ១៣ ខែកុម្ភៈ ចំពេលដែលនៅទូទាំងពិភពលោក កំពុងអបអរ ទិវាវិទ្យុពិភពលោក លើកទី១២៕