en     km
en     km

ហ្វីលីពីន​ជំរុញ​ចិន​ឲ្យ​ទប់ស្កាត់​​ទង្វើ​បង្កហេតុ​បន្ទាប់ពី​មានការបាញ់ភ្លើង​ឡាស៊ែរដាក់ទ័ពហ្វីលីពីន

Share

 

យោងតាមរ៉យទ័រ យោធាហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ២០២៣នេះថា ប្រទេសចិនគួរតែរឹតបន្តឹងកងកម្លាំងរបស់ខ្លួន កុំឱ្យពួកគេប្រព្រឹត្តអំពើបង្កហេតុ។ ការលើកឡើងបែបនេះបន្ទាប់ពីទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនថា បានប្រើប្រាស់ភ្លើងឡាស៊ែររំខានដល់បេសកកម្មផ្គត់ផ្គង់អាហារនិងសម្ភារៈដល់កងទ័ពហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនកាលពីថ្ងៃទី 6 ខែកុម្ភៈបាននិយាយថាកប៉ាល់ឆ្មាំសមុទ្រចិនបានបញ្ជាំងភ្លើង “ឡាស៊ែរយោធា”មកលើកប៉ាល់របស់ខ្លួន។ កងទ័ពហ្វីលីពីនបាននិយាយថា កប៉ាល់របស់ខ្លួនកំពុងបំពេញបេសកកម្មលើផ្ទៃទឹក ដើម្បីបញ្ជូនស្បៀងអាហារ និងផ្គត់ផ្គង់សម្ភារៈដល់កងទ័ពហ្វីលីពីន។

អ្នកនាំពាក្យយោធាហ្វីលីពីនលោក Medel Aguilar បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាវាដល់ពេលហើយសម្រាប់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់កងកម្លាំងរបស់ខ្លួនកុំឱ្យប្រព្រឹត្តអំពើញុះញង់ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស” ។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការរារាំងដោយចេតនារបស់កប៉ាល់ចិនមកលើកប៉ាល់ហ្វីលីពីនក្នុងការផ្គត់ផ្គង់អាហារនិងសម្ភារៈដល់បុគ្គលិកយោធារបស់យើង គឺជាការរំលោភយ៉ាងច្បាស់នូវសិទ្ធិអធិបតេយ្យភាពហ្វីលីពីន” ។

ក្រសួងការបរទេសចិនបានឆ្លើយតបថា ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនបានចាត់វិធានការតាមច្បាប់។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងជំរុញឱ្យហ្វីលីពីនជៀសវាងសកម្មភាពបែបនេះ ហើយសកម្មភាពរបស់បុគ្គលិក កងទ័ពចិនមានលក្ខណៈវិជ្ជាជីវៈ និងមានការអត់ធ្មត់” ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកបានឈរជាមួយហ្វីលីពីនជុំវិញការប្រើប្រាស់ភ្លើងឡាស៊ែរមកលើកប៉ាល់កងទ័ពហ្វីលីពីន។លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រព្រឹត្តរបស់សាធារណៈរដ្ឋប្រជាមានិតចិនគឺជាការបង្កហេតុ និងមិនមានសុវត្ថិភាព” ។”លើសពីនេះ ឥរិយាបថដ៏គ្រោះថ្នាក់របស់ចិនបានគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ រំលោភលើសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដូចដែលបានធានានៅក្រោមច្បាប់អន្តរជាតិ និងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិ”។

ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Second Thomas Shoal ចម្ងាយ 195 គីឡូម៉ែត្រ ពីខេត្ត Palawan ប្រទេសហ្វីលីពីន។ ក្នុងឆ្នាំ 1999 កប៉ាល់សង្គ្រាមលោកលើកទី 2 មានប្រវែង 100 ម៉ែត្របានចុះចត នៅលើច្រាំងដែលប្រទេសហ្វីលីពីនហៅថា Ayungin ដើម្បីទាមទារអធិបតេយ្យភាពរបស់ហ្វីលីពីននៅក្នុងប្រជុំកោះស្ព្រាតលី។

ប្រភព៖ Reuters ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣

Share

Image
Image
Image