loader

ក្រសួងកិច្ចការនារី៖ ស្ដ្រីអ្នកសារព័ត៌មានVOD អាចដាក់ពាក្យបណ្ដឹងលោកផែង វណ្ណៈបាន

ក្រសួងកិច្ចការនារី ថាស្ដ្រីអ្នកសារព័ត៌មានVOD ដែលរងការប្រមាថតាមបណ្ដាញសង្គមអាចដាក់ពាក្យបណ្ដឹងលោកផែង វណ្ណៈបាន ក្នុងករណីត្រូវការកិច្ចការពារ ខណៈសារព័ត៌មាន និងសង្គមស៊ីវិលចំនួន៩៣ បានចេញសេចក្ដីថ្លែងការណ៍រួម ឱ្យលោក ផែង វណ្ណៈ សុំទោសស្ដ្រីអ្នកសារព័ត៌មានរូបនេះ តែលោកនៅតែអះអាងថាមិនសុំទោសដដែល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

ក្រសួងកិច្ចការនារីបានឱ្យដឹងថា ស្ដ្រីអ្នកសារព័ត៌មានVOD កញ្ញា ប៉ា សុខេង មានសិទ្ធិស្វែងរកកិច្ចការពារ និងអាចប្ដឹងលោក ផែង វណ្ណៈ ម្ចាស់សារព័ត៌មាន Pheng Vannak News បានដែលប្រើពាក្យសម្ដីវាយប្រហារលើស្ដ្រី ជាពិសេសស្ដ្រីអ្នកសារព័ត៌មាន ក្នុងករណីកញ្ញាត្រូវការកិច្ចការពារ។

លោកស្រី ស ស៊ីណែត មន្ដ្រីនាំពាក្យក្រសួងកិច្ចការនារីថា ករណីលោកផែង វណ្ណៈ បានវាយប្រហារ និងប្រើពាក្យសម្ដីជេរប្រមាថនេះ គឺប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ដ្រី ជាពិសេសស្ដ្រីអ្នកសារព័ត៌មានតែម្ដង។

គួររម្លឹកដែរថា  ករណីលោក ផែង វណ្ណៈនេះដែរ សង្គមស៊ីវិលធ្វើការទាក់ទងនឹងសិទ្ធិមនុស្ស និងយែនឌ័រ រួមជាមួយអ្នកវិភាគមួយចំនួនធំបានចាត់ទុកថាជាការធ្វើឱ្យដើរថយក្រោយក្នុងការលើកកម្ពស់ស្ដ្រីទាំងបរិមាណ និងគុណភាព ពិសេសខ្លាំងបំផុតលើស្ដ្រីដែលដើរតូនាទីក្នុងប្រព័ន្ធផ្សព្វផ្សាយ។

សង្គមស៊ីវិល និងអ្នកវិភាគ ទាមទារឱ្យម្ចាស់សារព័ត៌មាន Pheng Vannak news នេះសុំទោសដល់ស្ដ្រីរួមអាជីពជាអ្នកសារព័ត៌មាននេះផងដែរ។ យ៉ាងណានៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញ សារព័ត៌មាន និងក្រុមសង្គមស៊ីវិលក៏បានចេញសេចក្ដីថ្លែងការរួមស្ដីពីការលុបអាជ្ញាបណ្ណសារព័ត៌មានវីអូឌី និងការបៀតបៀនផ្លូវភេទលើស្ដ្រីអ្នកសារព័ត៌មានម្នាក់ដែរ។ ក្នុងនោះសង្គមស៊ីវិល និងសារព័ត៌មានចំនួន៩៣ បានចូលរួមចេញសេចក្ដីថ្លៃការណ៍រួមនេះ ដោយថ្កោលទោសចំពោះលោក ផែង វណ្ណៈ  ឱ្យសុំទោសស្ដ្រីអ្នកសារព័ត៌មានវីអូឌីឈ្មោះប៉ា សុខេង។

តែតាមរយៈហ្វេសប៊ុកលោក ផែង វណ្ណៈ នៅតែអះអាងថា សេចក្ដីថ្លែងការណ៍នេះ គ្មានតម្លៃ​សម្រាប់​ លោក​ ធ្វើ​ការ​សុំទោស​ទេ។ លោកបញ្ជាក់ដោយប្រើពាក្យផ្ដាំទៅ​អង្គភាព​សារព័ត៌មាន​ និង​ អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៩៣​​ថា​ លោក​អត់មាន​បាន​មើលងាយ​ស្ត្រី​ខ្មែរ​នោះទេ​ អ្វី​ដែល​លោក​សរសេរ​គ្រាន់​តែ​ជាឧទាហរណ៍តែ​ប៉ុណ្ណោះ​។

លោក ថែមទាំងបង្វែរឱ្យសង្គមស៊ីវិល និងសារព័ត៌មានទទូចឱ្យលោក សម រង្ស៊ីទៅសុំទោស សពលោកស្រី ប៊ុន សុថា ទៅវិញ ដោយលោកថា លោក សម រង្ស៊ី ​បាន​ប្រមាថ​ធ្ងន់ធ្ងរ​បំផុត​លើ​សាកសព​ស្ត្រី​។ លោកបញ្ជាក់ថា បើអង្គភាពទាំង​ ៩៣​ អង្គភាព​នេះ​ ថ្កោលទោស​ លោក សម​ រង្សី​ ហើយ​ អោយលោក ​សម​ រង្សី​ ធ្វើ​ការ​សុំទោស​សាកសពលោក​ស្រី ប៊ុន សុថា  លោកក៏សុខចិត្ត​សុំទោស​ បុគ្គលិក​វិទ្យុ​ VOD ដែរ​ ។

ទោះបីបែបនេះក្ដី ក្រសួងកិច្ចការនារី មិនបានបង្ហាញពីចំណាត់ការណាមួយទេ ដោយសំអាងលើបេសកម្មរបស់ខ្លួនថា ត្រឹមផ្ដល់សេវាជួយដល់ជនរងគ្រោះ ដែលកើតមានក្នុងគ្រួសារ និងជនរងគ្រោះជាស្ដ្រី ប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត ផ្លូវច្បាប់ និងសម្របសម្រួលទៅរកមេធាវីតែប៉ុណ្ណោះ។  តែយ៉ាងណា ក្រសួងបានបញ្ជាក់ជំហដែរថា គ្រប់ទម្រង់នៃអំពើហិង្សាមិនអាចទទួលយកបានទេ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x