ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣នេះ គឺជាទិវាវិទ្យុពិភពលោកលើកទី១២។ ទិវានេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៤៦មក ហើយអង្គការសហប្រជាជាតិអនុម័តនៅឆ្នាំ២០១៣ ដោយកំណត់យកថ្ងៃទី១៣កុម្ភៈជា «ទិវាវិទ្យុពិភពលោក»។ ដើម្បីចូលអបអរទិវាវិទ្យុពិភពលោកលើកទី១២ វិទ្យុស្រ្តីបានជួបសម្ភាសន៍ប្រជាពលរដ្ឋនិងអ្នកជំនាញមួយចំនួនពីចំណាប់អារម្មណ៍ការគាំទ្រ និងស្ថានភាពរបស់វិទ្យុក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។
ចង់ដឹងថាតើពួកមានចំណាប់អារម្មណ៍និងមតិយោបល់យ៉ាងណាជុំវិញស្ថានភាពវិទ្យុនាពេលបច្ចុប្បនេះ។ តទៅនេះសូមស្តាប់សេចក្តីរាយការណ៍ដែលជម្រាបជូនដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ!
ក្នុងឱកាសខួបលើកទី ១២ នៃទិវាវិទ្យុពិភពលោក ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០២៣ មានការលើកឡើងពីស្ថានភាពវិទ្យុបច្ចប្បន្នថាមានសភាពធ្លាក់ចុះនៅអត្រាអ្នកស្តាប់ នៅរយៈពេលចុងក្រោយនេះ។
ក្នុងនោះយុវតីឈ្មោះ ឡេង អារីតា និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា វត្តមានវិទ្យុនៅមានតែបន្តិចបន្តួចបើធៀបទៅនឹងពេលកន្លងមក។ ទោះជាបែបនេះក្តី កញ្ញាបន្តថា វិទ្យុនៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជននៅតាមតំបន់ដាច់ស្រយាល ពីព្រោះវិទ្យុផ្តល់ភាពងាយស្រួលក្នុងការឱ្យប្រជាជននៅតំបន់ទាំងនោះអាចទទួលបានព័ត៌មានផ្សេងៗ ជំនួសដោយប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
យ៉ាងណាមិញក្នុងនាមកញ្ញាជាយុវតីមួយរូប កញ្ញាមិនចង់ឃើញវិទ្យុបាត់បងប្រជាប្រិយភាពដោយផ្លាស់ប្តូរពីការទទួលព័ត៌មានបែបប្រពៃណីទៅតាមបែបឌីជីថលទាំងស្រុងនោះទេ ដោយកញ្ញាគិតថាវិទ្យុនៅតែមានសារៈសំខាន់ក្នុងការបំពេញចន្លោះខាតមួយចំនួននៃការផ្សព្វផ្សាយតាមមធ្យាបាយផ្សេងទៀត។
កញ្ញា ឡេង អារីតា៖ « ក្នុងការទទួលបានព័ត៌មាន ខ្ញុំអត់ចង់ឱ្យមានការផ្លាស់ប្តូរពីការទទួលព័ត៌មានតាមបែបប្រពៃណីទៅតាមបែបឌីជីថលទាំងស្រុងហ្មងទេ ព្រោះអីដូចខ្ញុំធ្លាប់បានិយាយចឹងខ្ញុំគិតថាវិទ្យុនៅតែមានសារៈសំខាន់មួយសម្រាប់ប្រជាជនតាមជនបទ។ ម្យ៉ាងទៀតវិទ្យុវា Reach Big Audience របៀបថាវា វាសំដៅទៅលើប្រជាជនធំទាំងអស់ចឹងទៅណាស់។ អីចឹងខ្ញុំគិតថាវិទ្យុហ្នឹងនៅតែមានប្រយោជន៍សម្រាប់ប្រជាជននៅតាមស្រុក នៅតាមភូមិ ហើយសម្រាប់អ្នកអត់ចេះប្រើប្រាស់អ៊ីនធឺណេត ផ្ទះកាត់អត់មានសេវា គាត់អត់ចេះប្រើប្រាស់ទូរស័ព្ទ»
ចំណែក លោក ប៊ុន នី វ័យ៤៣ឆ្នាំ ជាប្រជាជនរស់នៅសង្កាត់ទឹកថ្លា បានឱ្យដឹងថា បច្ចប្បន្នលោកនៅតែបន្តប្រើប្រាស់វិទ្យុដើម្បីទទួលបានព័ត៌មាន ក៏ដូចជាស្តាប់នូវកម្មវិធីផ្សេងៗ។ លោកយល់ថា វិទ្យុហាក់ដូចជាមិនមានភាពពេញនិយមដូចពីពេលកន្លងមកក្តី ប៉ុន្តែវិទ្យុនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើប្រជាជនឱ្យទទួលបានដំណឹងនានាទាំងក្នុងនិងក្រៅស្រុកដូចទៅនឹងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ស្របពេលជាមួយគ្នានេះ លោកបានលើកយកនូវគុណវិបត្តិនៃវិទ្យុដែលថា បើនិយាយអំពីមធ្យោបាយទទួលបានព័ត៌មានដែលមានភាពងាយស្រួលបំផុតនោះគឺលោកជ្រើសរើសយកទូរស័ព្ទ ឬអាចហៅបានថា Smart Phone។
លោក ប៊ុន នី៖ «ងាយស្រួលជាងមានតែទូរស័ព្ទហ្នឹងហើយ ដែលស្រួល ដែលច្បាស់ថាព័ត៌មានគេផ្សាយនៅម៉ោងប៉ុន្មាន យើងមើលទៀងម៉ោងនៅម៉ោងនោះ បើកទៅឃើញ។ រួចបើវិទ្យុហ្នឹងវាអត់ទៀង មិនងាយដូចជាទូរស័ព្ទទេ បើទូរស័ព្ទទៅថាហ្នឹងគេច្បាស់លាស់គេផ្សាយនៅម៉ោងប៉ុន្មានបើកទៅឃើញហ្មង ទោះគេផ្សាយនៅម៉ោង១០យប់ យើងបើកម៉ោង៩ ក៏នៅតែឃើញដែល។ គ្រាន់តែចឹងតើរឿងហ្នឹង រួចបើវិទ្យុតែហួស គឺហួសហើយ ហួសម៉ោងគេផ្សាយទៅបើកទៅបើឃើញ បើលឺ វាអត់ស្រួលទេ ហើយបើទូរស័ព្ទថា យើងបើកម៉ោងប៉ុន្មានក៏វាចូលរូបភាពគេហ្នុងហើយ»។
ជាមួយគ្នានេះយុវជនឈ្មោះ ថុន វាសនា ជានិសិស្សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា វិទ្យុអាចនឹងបាត់បង់វត្តមាននាថ្ងៃអនាគត ដោយលោកមើលឃើញថា បច្ចប្បន្នភាបការពេញនិយមនៃការប្រើប្រាស់វិទ្យុគឺមានការថយចុះ ដែលបណ្តាលមកពីប្រជាជនស្ទើតែទាំងអស់ចូលរួមប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ពោលគឺតាមដាន និងទទួលព័ត៌មានតាមបែបឌីជីផល។
ថុន វាសនា៖ « ខ្ញុំធ្លាប់គិតថាវិទ្យុអាចនឹងបាត់បង់វត្តមាននៅពេលខាងមុខហ្នឹងដោយសារតែខ្ញុំមើលឃើញថាសព្វថ្ងៃហ្នឹងមនុស្សគាត់ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធសង្គមច្រើន ហើយនៅក្នុងប្រព័ន្ធសង្គមហ្នឹងទៀតសោតគាត់អាច Access ព័ត៌មានបានច្រើនជាងវិទ្យុ គាត់(ប្រជាជន) អាចមើលជាអត្ថបទ អាចស្តាប់ ហើយគាត់អាចមើលជាវិដេរអូទៀត។ អីចឹងទៅខ្ញុំក៏មានគំនិតថានៅថ្ងៃប្រហែលជានៅថ្ងៃអនាគតវិទ្យុអាចនឹងបាត់រូបរាង»។
បន្ថែមពីនេះយុវជនរូបនេះបន្តឱ្យដឹងថាលោកចង់ឃើញការទទួលព័ត៌មាននៅក្នុងរូបភាពបែបណាក៏បានដែល ទាំងឌីជីថលនិងប្រពៃណីក្តី។
ថុន វាសនា៖«ក្នុងនាមខ្ញុំជាយុវជនមួយរូបខ្ញុំគិតថាការទទួលបានព័ត៌មានហ្នឹងអីដែលខ្ញុំចង់ឃើញ បែបណាក៏បានដែរ។ សម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តទាំងពីរ ទាំងបែបប្រពៃណី និងតាមបែបប្រព័ន្ធឌីជីថលដោយសារខ្ញុំមើលឃើញថាមានអត្ថប្រយោជន៍ផ្សេងៗគ្នាអីចឹងទៅណាស់។ សម្រាបខ្ញុំខ្ញុំចង់ឃើញនៅថ្ងៃអនាគត ប្រព័ន្ធផ្សព្វផ្សាយឬក៏វិទ្យុបែបប្រពៃណីហ្នឹងនៅតែបន្តដដែល ប៉ុន្តែគួរតែមានការវិវត្តឱ្យល្អជាងហ្នឹងបន្តិច។»
ទាក់ទងនឹងករណីនេះលោក ប៉ែន បូណា ជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានប្រាប់វិទ្យុស្រ្តីថា ប្រជាប្រិយភាពវិទ្យុនៅរយៈពេលចុងក្រោយនេះគឺមានការធ្លាក់ចុះនៃចំនួនអ្នកស្តាប់។ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការថយចុះ ក៏ដូចជាជៀសវាងការបាត់បងនូវវត្តមានវិទ្យុលោកបានឱ្យដឹងថា ម្ចាស់ស្ថានីយិ៍វិទ្យុគួរតែមានការពង្រឹងបន្ថែមពាក់ព័ន្ធទៅនឹងគុណភាពនៃការផលិតកម្មវិធីផ្សេងៗ ពីសំណាក់អ្នកគ្រប់គ្រងស្ថាប័នវិទ្យុផ្ទាល់។
លោក ប៉ែន បូណា៖ «វិទ្យុក៏ដូចជា កាសែត និងទូរទស្សន៍ វាជារបត់ថ្មីមួយដែលយើងកំពុងតែប្រឈមនាពេលនេះហ្នឹងគឺការធ្លាក់ចុះនៃចំនួនអ្នកស្តាប់ អ្នកអាន អ្នកទស្សនា ដោយសារតែវាលេចឡើងនូវព័ត៌មានបែបថ្មី។ ប៉ុន្តែដើម្បីប្រឈមមុខពីបញ្ហាហ្នឹង សួរថាតើវាឈានទៅរកការបាត់បង់ ឬមិនបាត់បង់វាអាស្រ័យទៅលើការចាត់ចែងគ្រប់គ្រងរបស់ម្ចាស់ស្ថាប័នវិទ្យុ ទូរទស្ស៍ឬក៏កាសែតនិមួយៗ។ ប្រសិនបើយើងរត់ទាន់សភាពការណ៍មានន័យថាយើងផលិតកម្មវិធីដែលមានសារប្រយោជន៍ មានសារសំខាន់លើសពីដែល អនឡាញគេធ្វើ ហើយប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ច្រើន ខ្ញុំគិតថានៅតែមានអ្នកគាំទ្រច្រើន។ ប៉ុន្តែផ្ទុយទៅវិញបើយើងផលិតត្រឹមតែអនឡាញគេធ្វើដែល ឬក៏តិចជាងហ្នឹងនោះនឹងបាត់បង់ការគាំទ្រដែលបាទ»។
លើកឡើងនៅក្នុងការឡាយផ្ទាល់ ក្នុងឱកាសទិវាវិទ្យុពីភពលោក លើកទី១២ លោកស្រី អ៊ុង ចន្ទថុល នាយិកាប្រតិបត្ដិនៃអង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា មានប្រសាសន៍ថា វិទ្យុមានការវិវត្តន៍ជាច្រើន ដោយលោកស្រីមើលឃើញថាវិទ្យុផ្លាស់ប្តូរនិន្នាកាបម្រើឱ្យនយោបាយ ក្លាយជាវិទ្យុមានក្រមសីលធម៌ មានឯករាជ្យភាព មិនស្ថិតក្រោមបក្សពួកនយោបាយណាមួយឡើយ។ បន្ថែមពីនេះលោកស្រីបន្តថាថើម្បីធានាបាននូវសន្តិភាព ក៏ដូចជាគុណភាពនៃការផលិតមាតិកានៃកម្មវិធីនិមួយៗ គឺទាមទារឱ្យមានការចូលរួមពីស្ថាប័នវិទ្យុផ្ទាល់។
លោកស្រី អ៊ុងចន្ទថុល៖ « វិទ្យុដែលធ្វើការងារសង្គមមានចំនួនតិច វិទ្យុភាគច្រើនធ្វើការដើម្បីលក់ផលិតផលផ្សព្វផ្សាយដើម្បីលក់ផលិតផល ក៏ប៉ុន្តែយើងឃើញថាវិទ្យុដែលធ្វើការងារសង្គមនេះគាត់មានភាពឯករាជ្យភាគច្រើន ហើយវិទ្យុដែលស្ថិតនៅក្នុង ក្រោមគណបក្សគ្រប់គ្រងរបស់គណបក្សគាត់ចាប់ផ្តើមធ្វើការងារសង្គមបានខ្លះៗដែរ ហើយខ្ញុំសង្ឃឹមថាទៅថ្ងៃមុខ ឆាប់ៗនេះវិទ្យុទាំងអស់នឹងដើរតួនាទីសំខាន់ ហើយឯករាជ្យមិនឋិតនៅក្រោមនយោបាយគឺយើងបង្កើតវប្បធម៌ដែលមាន ការគោរពច្បាប់ គោរពគ្នា ឱ្យតម្លៃគ្នា ទទួលស្គាល់ការបញ្ចេញមតិយោបល់របស់គ្នា ហើយនិងបង្កើតឱ្យមានសន្តិភាព។ ដើម្បីធ្វើអីចឹងបានគឺមានន័យថាយើងត្រូវបង្រៀនអ្នកដែលផ្សព្វផ្សាយ ពិធីករ ពិធីការនី អ្នកនិពន្ធឱ្យគាត់យល់ថាប្រទេសមួយរស់នៅយ៉ាងសុខសាន្តដើម្បីបង្កើតសុខដុមរម្យនាហ្នឹងត្រូវតែអ្នកនិពន្ធទាំងអស់ហ្នឹងត្រូវចេះយល់ពីសារសំខាន់នៃសន្តិភាព ហើយផ្តល់ឱកាសឱ្យគ្នាបញ្ចេញមតិយោបល់ ទទួលមតិយោបល់គ្នាហើយយកទៅដោះស្រាយនូវបញ្ហាណាដែលយើងខ្វះខាត ឬខ្វែងគំនិតគ្នា។ ហ្នឹងជាសេចក្តីប្រាថ្នាមួយ ហើយជាចំណុចសំខាន់ណាស់»។
សូមជម្រាបជូនថា វិទ្យុផ្សាយសំឡេងត្រូវបានបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ១៩០០ ដែលរហូតមកទល់ពេលនេះ មានរយៈពេល១២៣ឆ្នាំហើយ។ នៅឆ្នាំ១៩៤៦ អង្គការសហប្រជាជាតិ បានបង្កើតឲ្យមានវិទ្យុអង្គការសហប្រជាជាតិ ដែលផលិតព័ត៌មានជារៀងរាល់ថ្ងៃ មានជាភាសា អារ៉ាប់ ចិន អង់គ្លេស បារាំង ស្វាហ៊ីលី ព័រទុយហ្កាល់ រុស្ស៊ី អេស្ប៉ាញ និងភាសាហិណ្ឌូ។
នៅកម្ពុជា វិទ្យុបានដើរតួនាទីសំខាន់ក្នុងការផ្តល់ដំណឹងដល់សាធារណជន ចាប់តាំងពីសម័យអាណាព្យាបាលរបស់បារាំងរហូតមកទល់បច្ចុប្បន្ន។ តាមប្រវត្តិស្ថានីយ៍វិទ្យុដំបូងនៅកម្ពុជា គឺត្រូវបានបង្កើតឡើងនៅក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៤៧ ដែលមានឈ្មោះថា«វិទ្យុខ្មែរ» ដែលផ្សាយតាមប្រព័ន្ធ AM ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងផ្ទាល់ដែលដាក់នឹមអាណានិគម។ ក្រោយមកវិទ្យុខ្មែរក៏បានវិវត្តន៍ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នក្នុងសម័យឌីជីថល ដែលការផ្សព្វផ្សាយតាមរយៈវិទ្យុមានសារៈសំខាន់ និងមិនអាចកាត់ផ្តាច់បាន ក្នុងការផ្តល់ព័ត៌មានដល់អ្នកស្តាប់៕