en     km
en     km

ការបិទសារព័ត៌មានVODនៅតែស្ថិតក្នុងភាពចម្រូងចម្រាស់ រវាងអ្នកសារព័ត៌មាន និងមន្ត្រីក្រសួងព័ត៌មាន

Share

នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្របពេលដែលនៅទូទាំងពិភពលោក កំពុងអបអរ ទិវាវិទ្យុពិភពលោក លើកទី១២ ស្ថាប័នសារព័ត៌មានវិទ្យុមួយនៅកម្ពុជាដែលតែផ្សាយពីរឿងរ៉ាវសង្គម និងនយោបាយ គឺវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ត្រូវក្រសួងព័ត៌មាន ប្រកាសសម្រេចបិទបន្ទាប់ពីមានការបញ្ជាផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក គីម ចាន់ចាវ រាយការណ៍ 

 

 

ចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលតែងផ្សាយនូវព័ត៌មានពីរឿងរ៉ាវអសកម្មក្នុងសង្គម និងរឿងនយោបាយ ដោយរួមបញ្ចូលទាំងសំឡេងពលរដ្ឋរងគ្រោះនៅមូលដ្ឋាននោះ លែងបានផ្សាយព័ត៌មានជូនប្រិយមិត្តរបស់ខ្លួនទៀតហើយ ក្រោយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងព័ត៌មានដែលនៅក្រោមឱវាទរបស់ខ្លួន បិទការផ្សាយរបស់ស្ថាប័នមួយនេះ។

 

មិនត្រឹមតែការផ្សាយនៅលើវិទ្យុទេ គេហទំព័រផ្លូវការរបស់វីអូឌី ក៏ត្រូវបានបិទទាំងស្រុងផងដែរ ដោយព័ត៌មាននានាដែលបានបង្ហោះកន្លងមក គឺអ្នកអាន និងអ្នកស្ដាប់លែងអាចចូលមើលបានទៀតហើយ។ អ្នកសារព័ត៌មានវិជ្ជាជីវៈសេរី ឬFreelancer នៅវីអូឌី ដែលត្រូវបញ្ឈប់ការងារភ្លាមៗ នៅថ្ងៃនេះ គឺ កញ្ញា សារុំ ស្រីណា ហាក់ពិបាកទទួលយកបានដែលត្រូវបាត់បង់ស្ថាប័នការងារ និងសារព័ត៌មានដែលកញ្ញាយល់ថា ជាសារព័ត៌មានដែលមានប្រយោជន៍សម្រាប់សង្គម និងប្រជាជន។

 

«ពិបាកនិយាយខ្លាំង មែនទែនហ្មងហា៎! គ្រាន់តែមើលឃើញផុសរបស់សម្តេចភ្លាម ខ្ញុំមានអារម្មណ៍ថា ហេតុអីបានទៅជាអញ្ចឹង។ បើនិយាយថាសោកស្ដាយគឺហួសពីសោកស្ដាយ ដែលទោះថាខ្ញុំមិនមែនជាបុគ្គលិកពេញសិទ្ធិនៅនេះក៏ដោយ ខ្ញុំគ្រាន់តែជាអ្នកសរសរអត្ថបអទឱ្យក៏ដោយ ប៉ុន្តែរាល់អត្ថបទដែលពួកគាត់បានសរសេរ គឺយើងអានទៅយើងមើលឃើញពីទិដ្ឋភាពសង្គមទូទៅ។ ហើយបើនិយាយថា ជាសារព័ត៌មានប្រឆាំង ឬក៏បំពុលសង្គល ខ្ញុំមើលទៅដូចអត់មានបំពុលសង្គមទេ បើខាងផ្សាយរឿងប្ដីប្រពន្ធគេ អាហ្នឹងបានវាបំពុលសង្គម ធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ ប៉ុន្តែសារព័ត៌មានVODគាត់ យករឿងរបស់ពលរដ្ឋដែលមានបញ្ហាគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ហេតុអីទៅជាព័ត៌មានគ្មានវិជ្ជាជីវៈ? ខ្ញុំអត់យល់»។

 

 

 

បន្ថែមពីលើការសោកស្ដាយ អ្នកសារព័ត៌មានស្ត្រីវ័យក្មេងរបស់ វីអូឌី គឺកញ្ញា ធាវី ដែលធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលចុះតាមដានព័ត៌មានពីការកាប់ព្រៃនៅភ្នំតាម៉ៅ បានរំលឹកពីអនុស្សាវរីយ៍ ដែលខ្លួនធ្លាប់ផលិតព័ត៌មាននៅវីអូឌី។

 

«ចាស៎ ហ្នឹងហើយសរសេរបានច្រើនអាចថាបទពិសោធន៍ក៏ច្រើនដែរ! មិនច្រើនអីទេ អាចថាបទពិសោធន៍ថ្មីៗ ហើយពេលខ្លះនឹកស្មានអត់ដល់ដែរ ដែលថាមានខ្ញុំធ្លាប់ ដូចថាការចាប់ ការឃាំងឃាត់ដូចជានៅភ្នំតាម៉ៅ នៅហ្នឹង៦ម៉ោងដោយមានការចាប់ឃុំឃាំងនៅហ្នឹង។ ហើយហ្នឹងហើយ មានអីថ្មីៗច្រើន ដែលមិននឹកស្មានថាធ្វើក្នុងវិស័យហ្នឹងវា ប្រឈមដល់ថ្នាក់ហ្នឹងអីចឹងហាស៎»។

 

 

ការសម្រេចឈានទៅបិទមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ដែលមានអាស័យដ្ឋាននៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញនេះ កើតមានឡើងបន្ទាប់ពីសារព័ត៌មាន VOD កាលពីថ្ងៃទី០៩ ខែកុម្ភៈ បានចុះផ្សាយអត្ថបទថា លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឱ្យតួកគី។

កញ្ញា ប៉ាង សុខខេង នៃVOD បានស្រង់សម្តី មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ។

 

ភ្លាមៗក្រោយការចេញផ្សាយអត្ថបទនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេច ហ៊ុន សែន និងជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីនៃបក្សកាន់អំណាច ប្រតិកម្មដោយទាមទារឱ្យ VOD បង្ហាញភស្តុតាង។ ក្រោយមកសម្តេច ហ៊ុន សែន បានសរសេរបញ្ជាក់លើហ្វេសហ៊ុក ដោយពន្យល់អំពីការគ្រប់គ្រងថវិការជាតិ ដោយបញ្ជាក់ថា ការផ្តល់ជំនួយចំពោះប្រទេសតួកគី គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ ដែលមានសិទ្ធិ បញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលជាអគ្គបញ្ជាការកំពូល។ សម្រាប់សម្តេច ហ៊ុន សែន គឺទាមទារឱ្យVOD សុំទោសជាសាធារណៈ ដោយកំណត់ពេលវេលាសម្រាប់ឱសាវាទផងដែរ។

 

នៅថ្ងៃដែល VOD ត្រូវបិទការផ្សាយនេះ ក្រុមស្រ្តីសកម្មជនរងគ្រោះដីធ្លីបឹងកក់ ដែលត្រូវបានVOD ផ្សព្វផ្សាយកន្លងមកបានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម ទាមទារកុំឱ្យបិទស្ថាប័នផ្សាយព័ត៌មាននេះផងដែរ ដោយពេលព្រឹកធ្វើនៅទីលានប្រជាធិបតេយ្យ ហើយពេលថ្ងៃត្រង់មកធ្វើនៅខាងមុខទីស្នាក់ការ VOD តែម្ដង។

អ្នកស្រី អេង សុខា សកម្មជនដីធ្លីបឹងកក់ម្នាក់ចាត់ទុកការផ្សាយរបស់ VOD ជាទំនុកចិត្តសម្រាប់ប្រជាជន ដោយទាមទារឱ្យប្រមុខរដ្ឋាភិបាលពិចារណាឡើងវិញ ក្នុងការដោះស្រាយបញ្ហានេះ។

«សូម្បីតែខ្ញុំផ្ទាល់ក៏មានការឈឺចិត្ត និងសោកស្ដាយដែរ ដែលបានលឺសារពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលឱ្យបិទ VOD។ ខ្ញុំសុំស្នើ ហើយប្រជាពលរដ្ឋដែលមកគាំទ្រទាំងអស់គ្នា មិនមែនមានតែពួកខ្ញុំទេ មានទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្ដាញសង្គមគេបានLike គេបានshare សូមឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រក្សាVOD ទុក ដើម្បីទុកជាក្ដីសង្ឃឹមរបស់ប្រជាជន»។

 

 

ទន្ទឹមនឹងការបង្ហាញការសោកស្ដាយចំពោះការបិទការផ្សព្វផ្សាយរបស់VODនេះ ក៏មានអ្នកគាំទ្របក្សកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ដើម្បីបង្ហាញការយល់ស្របដែលរដ្ឋាភិបាលសម្រេចបិទវិទ្យុមួយនេះដែរ។ ចំណែកលោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់ទុកករណីបិទVODជាអ្វីដែលក្រសួងត្រូវធ្វើក្នុងនាមជាស្ថាប័នដែលមានអំណាចក្នុងផ្ដល់សិទ្ធិជូនតាំងពីពេលបើកដំបូង។

 

«តាមពិតការបិទ ឬដកអាជ្ញាបណ្ណVOD ហ្នឹងមិនមែនជាអ្វីដែលថ្មីទេ។ ក្រសួងព័ត៌មានជាអ្នកផ្ដល់អាជ្ញាបណ្ណឱ្យសារព័ត៌មានទូទៅ ហើយកន្លងមកក្រសួងក៏តែងតែ ដកយកអាជ្ញាបណ្ណវិញនៅពេលណាដែលមើលឃើញថា ស្ថាប័នសារព័ត៌មានណាមួយគាត់មានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរអីចឹងបាទ។ អញ្ចឹងករណីវីអូឌីនេះក៏ស្ថិតនៅក្នុងចំណាត់ការ ដូចដែលក្រសួងបានធ្វើដូចរាល់ដងអញ្ចឹង»។

 

 

ពាក់ព័ន្ធនឹងការចោទសួរថា តើការបិទប្រព័ន្ធផ្សព្វផ្សាយVODនេះ អាចជាផ្នែកមួយប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានដែរឬយ៉ាង រដ្ឋលេខាធិការក្រសួងព័ត៌មានដែលទើបឡើងតំណែងរូបនេះ ក៏បានលើកឡើងពីចំនួនដ៏ច្រើនលើលប់ចំពោះស្ថាប័នសារព័ត៌មានដែលកំពុងមានវត្តមាននៅកម្ពុជា ដែលលោកបានចាត់ទុកថា ចំនួនដ៏លើសលុបនេះជាការបញ្ជាក់អំពីសេរីភាពសារព័ត៌មាន។ ទោះយ៉ាងណាចំនួនសារព័ត៌មាននៅកម្ពុជាដែលមានច្រើននេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គមមួយចំនួនចាត់ទុកថាភាគច្រើនសុទ្ធសឹងជាស្ថាប័នដែលស្ថិតក្រោមរដ្ឋាភិបាល ឬអ្នកមានអំណាច ដែលផ្ដល់តែសំឡេងគាំទ្រការដឹកនាំ ជាជាងការផ្ដល់សំឡេងពីពលរដ្ឋនៅមូលដ្ឋានដែលកំពុងជួបការលំបាក ឬរឿងអយុត្តិធម៌៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង